ប្រទេសរុស្សុី៖ ក្នុងរយៈពេល ២៤ម៉ោងកន្លងមក រុស្ស៊ីមានចំនួនអ្នកឆ្លងកូវីដ-១៩ កើនឡើងដល់ទៅជាង ៥៨០០នាក់ ធ្វើឲ្យចំនួនអ្នកឆ្លងសរុបកើនជិត១សែននាក់ហើយ។ ចំនួនអ្នកឆ្លងថ្មីភាគច្រើននៅក្នុងទីក្រុងមូស្គូ ដោយមានដល់ទៅ២២២០នាក់ ធ្វើឲ្យចំនួនអ្នកឆ្លងក្នុងទីក្រុងនេះសរុបជាង៥ម៉ឺននាក់ហើយ។
គណៈកម្មការទប់ស្កាត់ជំងឺឆ្លង កូវីដ-១៩ របស់រុស្ស៊ីបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងសរុបជិត ១សែននាក់នោះ មាននៅក្នុង៨៥តំបន់ផ្សេងគ្នា ក្នុងនោះមានអ្នកជាសះស្បើយ កើនឡើងជាង១ម៉ឺននាក់ផងដែរ។ ចំណែកអ្នកស្លាប់ ក៏បានកើនឡើងដល់ ៩៧២នាក់។
មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មាន ប្រធានាធិបតីពូទីន បានបញ្ជាក់ថា រុស្ស៊ីកំពុងស្ថិតនៅក្នុងដំណាក់កាលលំបាកបំផុតដោយកូវីដ-១៩ ហើយការរិឹតត្បិតធ្វើដំណើរ គម្លាតសង្គមនឹងអូសបន្លាយជាបន្តទៀត។
សារព័ត៌មាន TASSរបស់រុស្ស៊ីនៅថ្ងៃទី ២៩ខែមេសាបានផ្សាយថារដ្ឋាភិបាល បានស្នើដល់ស្ថាប័នពាក់ព័ន្ធបន្តរិឹតត្បិត និងអនុវត្តច្បាប់គម្លាតសង្គមឲ្យបានល្អបំផុតដើម្បីទប់ស្កាត់អ្នកឆ្លងថ្មី ។លោកពូទីនក៏បានស្នើដល់បណ្តារដ្ឋមន្ត្រី ត្រៀមវិធានការបន្ទាន់ដើម្បីជួយដល់សេដ្ឋកិច្ចជាតិ និងប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារកូវីដ១៩ ។
ពាក់ព័ន្ធថ្ងៃជ័យជម្នះ៧៥ឆ្នាំលើរបបហ្វាស៊ីសលោកពូទីន បញ្ជាក់ថា កម្លាំងទាហានអាកាសនឹងមានពិធីព្យុហយាត្រា នៅថ្ងៃទី ៩ខែឧសភា ដោយមានយន្តហោះចម្បាំងនិង ឧទ្ធម្ភាគចក្រហោះហើរលើអាកាសតែប៉ុណ្ណោះ៕ដោយ៖ធី រីណា