ភ្នំពេញ៖ រដ្ឋាភិបាលថៃ នៅតែបន្តអនុវត្តបម្រាមគោចរ ហាមមិនឲ្យពលរដ្ឋចេញពីផ្ទះពីម៉ោង១០យប់ ដល់ម៉ោង៤ព្រឹក។ ដោយតម្រូវឲ្យមានការរឹតត្បិតការផ្លាស់ទីរបស់ពលរដ្ឋ រួមទាំងការធ្វើដំណើរពីខេត្តមួយទៅខេត្តមួយ និងការប្រមូលផ្តុំជាសាធារណៈជាដើម ។ ដូច្នេះពលរដ្ឋខ្មែររស់នៅទីនោះ ត្រូវអនុលោមតាមអាជ្ញាធរថៃ ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃឡង់ ។
រដ្ឋាភិបាលថៃ បានប្រកាសបន្តដាក់ប្រទេសក្នុងគ្រាអាសន្នរយៈពេល១ខែបន្ថែមទៀត កាលពីថ្ងៃទី២៨ មេសា ឆ្នាំ២០២០ ដើម្បីបង្ការ និងទប់ស្កាត់ពីការរាលដាលជំងឺកូវីដ១៩ ។
រដ្ឋាភិបាលថៃ បន្តហាមការធ្វើដំណើរដោយជើងហោះហើរពាណិជ្ជកម្មទាំងអស់ ដែលចូលមកក្នុងប្រទេសខ្លួន ពីថ្ងៃទី១ ដល់ថ្ងៃទី៣១ ឧសភា ប៉ុន្តែសម្រាប់យន្តហោះយោធា ឬរដ្ឋ ,ការចុះចតបន្ទាន់ ,យន្តហោះជំនួយ ឬវេជ្ជសាស្ត្រ ត្រូវបានអនុញ្ញាត។
ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃក៏បញ្ជាក់ផងដែរថា ប្រជាពលរដ្ឋខ្មែរនៅប្រទេសថៃទាំងអស់ត្រូវបន្តចូលរួមសហការជាមួយអាជ្ញាធរថៃ លើការអនុវត្តតាមវិធានការរបស់រដ្ឋាភិបាលថៃឲ្យខ្ជាប់ខ្ជួន និងសកម្ម ដើម្បីទប់ស្កាត់ពីការរាលដាលជំងឺកូវីដ១៩។
បន្ថែមទៀតនោះ ប្រសិនបើពលរដ្ឋទាំងអស់មានបញ្ហាប្រឈមណាមួយ អាចទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ ០៩២ ៨០៥០ ៥៦១ ឬ ០៩៤ ០៩២ ៥៩០៥ និងតាមរយៈហ្វេសប៊ុកផេកផ្លូវការរបស់ស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំព្រះរាជាណាចក្រថៃឡង់ដ៍ ៕ដោយ៖ស តារា