ប្រទេសថៃ៖ គណៈរដ្ឋមន្ត្រីថៃ ថ្មីៗនេះ បានសម្រេចអនុគ្រោះបន្តសុពលភាពនៃការស្នាក់នៅសម្រាប់ជនបរទេស ដែលអាចសម្រួលដល់ពលរដ្ឋ សិស្ស-និស្សិត និងពលករខ្មែរនៅក្នុងប្រទេសថៃ។
ការសម្រេចរបស់គណ:រដ្ឋមន្រ្តីនោះ មានដូចតទៅ៖
– ពលរដ្ឋខ្មែរ រួមទាំងពលករ ដែលអស់សុពលភាពទិដ្ឋាការស្នាក់នៅ ចាប់ពីថ្ងៃទី២៦ ខែមីនានោះ ត្រូវបានអនុញ្ញាតឲ្យបន្តស្នាក់នៅដោយស្វ័យប្រវត្តិ រហូតដល់ថ្ងៃទី៣១ ខែ កក្កដា ឆ្នាំ ២០២០ ដោយពុំមានការផាកពិន័យលើការស្នាក់នៅលើសកំណត់ ប៉ុន្តែ មិនអនុញ្ញាតឲ្យធ្វើការនោះទេ។
– ពលករខ្មែរដែលនិយោជកបានបញ្ជូនបញ្ជីឈ្មោះទៅក្រសួងឬមន្ទីរការងារក្រុង/ខេត្ត តាមប្រព័ន្ធអនឡាញ រួចរាល់ត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ អាចបន្តធ្វើការជាបណ្តោះអាសន្ន រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០។
– ប្រជាពលរដ្ឋខ្មែររួមទាំងពលករ ដែលត្រូវបង្ហាញខ្លួនក្នុងរយៈពេល៩០ថ្ងៃ ចន្លោះពីថ្ងៃទី២៦ ខែមីនា ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ មិនតម្រូវឲ្យទៅបង្ហាញខ្លួនទេ រហូតដល់មានការជូនដំណឹងជាថ្មី។
សូមស្វែងយល់បន្ថែមពីវិធានការនានារបស់ប្រទេសជាសមាជិកអាស៊ានដទៃទៀត ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ។
មន្រ្តីក្រសួងការបរទេសបានឲ្យដឹងថា សេចក្តីសម្រេចនេះត្រូវបានក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ កម្ពុជា ចេញសេចក្តីជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋនិងពលករខ្មែរនៅប្រទេសថៃ ក្នុងស្ថានភាពនៃជំងឺកូវីដ-១៩នេះរួចហើយ៕ដោយ÷ប្រាថ្នា