ព័ត៌មានទាន់ហេតុការណ៍៖

លោកត្រាំ បកស្រាយថាហេតុអ្វីបានជាអាមេរិក ឆ្លងកូវីដ១៩ ច្រើនជាងគេលើពិភពលោក?

ចែករំលែក៖

សហរដ្ខអាមេរិក៖ នៅក្នុងសន្និសីទកាសែតនាពេលថ្មីៗនេះ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំបានបកស្រាយពីមូលហេតុដែលអាមេរិកមានអ្នកឆ្លងកូវីដ-១៩ ដល់ទៅជាង១លាននាក់ គឺច្រើនជាងប្រទេសនានាទាំងអស់លើពិភពលោក ដូចជាអុីតាលី អេស្ប៉ាញ និងចិនជាដើម។

លោកត្រាំបានលើកឡើងថា កត្តាដែលអាមេរិកឆ្លងច្រើននោះគឺដោយសារតែ អាមេរិក មានសមត្ថភាពធ្វើតេស្តជាងបណ្តាប្រទេសទាំងអស់លើពិភពលោក។ ទាំងនោះហើយទើបអាមេរិករកឃើញអ្នកឆ្លងច្រើន។ បើប្រទេសទាំងអស់មានសមត្ថភាពដូចអាមេរិក ក៏អាចនឹងរកឃើញច្រើនដូចគ្នាដែរ ប៉ុន្តែប្រទេសផ្សេងទៀតមិនមានសមត្ថភាពដូចអាមេរិកឡើយ ។

លោកត្រាំបានលើកឡើងទៀតថា នៅពេលខាងមុខ អាមេរិក នឹងធ្វើតេស្តទៅលើពលរដ្ឋ ៥លាននាក់ក្នុងមួយថ្ងៃ ។ លោកបន្តទៀតថា អាមេរិកពិតជាអស្ចារ្យណាស់ក្នុងការធ្វើតេស្តរកកូវីដ-១៩ ហើយគុណភាពធ្វើតេស្តរបស់អាមេរិក គឺឈរលំដាប់លេខ១។

អាមេរិកនឹងធ្វើតេស្តច្រើនជាងនេះទៀត ហើយចំនួនអ្នកឆ្លងក៏រកឃើញច្រើនផងដែរ។
ចំណែកការស្លាប់ដែលកើនឡើងច្រើននោះ លោកត្រាំមិនបានលើកឡើងឡើយ ។

គិតដល់ព្រឹកថ្ងៃទី៣០ខែមេសា ចំនួនអ្នកស្លាប់ ដោយកូវីដ-១៩នៅអាមេរិកកើនឡើងជាង ៦១ពាន់នាក់ហើយ និងមានអ្នកឆ្លងកើនឡើងដល់ជាង ១លាន ៥ម៉ឺននាក់។ ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះមានអ្នកឆ្លងថ្មីកើនឡើងជាង២ម៉ឺននាក់។
ប្រធានាធិបតីអាមេរិក កាលពីដើមសប្តាហ៍កន្លងមកបានប្រកាសថាចំនួនអ្នកស្លាប់នៅទូទាំងអាមេរិកអាចកើនឡើងជាង៧ម៉ឺននាក់ ប៉ុន្តែពេលនេះបានកើនឡើងជាង ៦ម៉ឺននាក់ទៅហើយ។ ចំណែកការព្យាកររបស់មហាវិទ្យាល័យវ៉ាស៊ីនតោន បានបញ្ជាក់ថា អ្នកស្លាប់ដោយកូវីដ-១៩ នៅអាមេរិក អាចកើនឡើងដល់ទៅ៧៣ពាន់នាក់ នៅដើមខែសីហា។
គិតមកដល់ម៉ោង៦ព្រឹក ថ្ងៃទី៣០ ខែមេសា តាមគេហទំព័រ Woldmometers បានផ្សាយថា នៅទូទាំងពិភពលោក មានអ្នកឆ្លងកូវីដ-១៩ចំនួន ៣ ២០៨ ៥០៩នាក់ ក្នុងនោះ ស្លាប់ ២២៧ ៥៤៩នាក់ និងជាសះស្បើយ ៩៩៧.១៧៨នាក់៕ដោយ៖ធី រីណា


ចែករំលែក៖