ព័ត៌មានទាន់ហេតុការណ៍៖

មុនរឹតបន្តឹងច្បាប់ចរាចរណ៍ នៅថ្ងៃស្អែក , សម្តេចតេជោ ហ៊ុន សែន ផ្តាំផ្ញើប្រជាពលរដ្ឋហាមដាច់ខាតបញ្ជាយានយន្តនៅលើដងផ្លូវដោយគ្មានប័ណ្ណបើកបរ អាចប្រឈមនឹងការផាកពិន័យធ្ងន់ធ្ងរ

ចែករំលែក៖

ភ្នំពេញ៖នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ នេះ សម្តេចតេជោ ហ៊ុន សែន នាយកដ្ឋមន្ត្រីនៃកម្ពុជា បានផ្តាំផ្ញើប្រជាពលរដ្ឋហាមដាច់ខាតបញ្ជាយានយន្តនៅលើដងផ្លូវដោយគ្មានប័ណ្ណបើកបរឬប័ណ្ណបើកបរផុតកំណត់ដោយមិនបានបន្តអោយបានត្រឹមត្រូវតាមច្បាប់ ដែលអាចប្រឈមនឹងការផាកពិន័យធ្ងន់ធ្ងរ ។

តាមរយៈហ្វេសប៊ុកផេក , សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ក្នុងពេលដែលសមត្ថកិច្ចកំពុងរឹតបន្តឹងសុវត្ថិភាពចរាចរណ៍ផ្លូវគោក សូមបងប្អូនប្រជាពលរដ្ឋ និង ក្មួយៗយកចិត្តទុកដាក់ពិនិត្យរថយន្តរបស់ខ្លួនថាតើដល់ថ្ងៃឆៀកហើយឬនៅ? បើដល់ហើយត្រូវយកទៅឆៀកអោយបានទាន់ពេល ចៀសវាងការផាកពិន័យក្នុងពេលបើកបរ។ ព្រោះតម្រូវការឆៀកនេះ គឺដើម្បីធានាសុវត្ថិភាពរថយន្តរបស់បងប្អូនក្នុងពេលបើកបរមិនបង្កគ្រោះថ្នាក់ផ្សេងៗ និងបង្កការបំពុលបរិស្ថានជាដើម ។

ទន្ទឹមនឹងនេះដែរ បងប្អូនត្រូវមានប័ណ្ណបើកបរជាប់នឹងខ្លួនគ្រប់ពេលក្នុងពេលបើកបរ។ ប្រសិនបើប័ណ្ណបើកបរផុតកំណត់ គឺត្រូវបន្តសុពលភាពឡើងវិញ។ ហាមដាច់ខាតបញ្ជាយានយន្តនៅលើដងផ្លូវដោយគ្មានប័ណ្ណបើកបរ ឬប័ណ្ណបើកបរផុតកំណត់ដោយមិនបានបន្តអោយបានត្រឹមត្រូវតាមច្បាប់ ដែលអាចប្រឈមនឹងការផាកពិន័យធ្ងន់ ។

សូមជូនពរបងប្អូនជនរួមជាតិមានសុវត្ថិភាពក្នុងការបើកបរនៅទូទាំងប្រទេស ហើយសូមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា៕ដោយ៖ចេស្ដា


ចែករំលែក៖