ខេត្តស្ទឹងត្រែង ៖ ទន្លេមេគង្គលើចាប់ផ្តើមសម្បូរត្រី បានផ្លាស់ទីទៅរកកន្លែង ពងកូនបន្តពូជ តាមធម្មជាតិ ខុសពីបឹងទន្លេសាប ទើបក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រកាសឲបិទនេសាទ នៅខេត្តស្ទឹងត្រែង ចាប់ពីថ្ងៃទី១ ខែឧសភានេះទៅ។
នៅពេលបិទការនេសាទ ដើម្បីអភិរក្សធនធានជីវចម្រុះ និងមច្ឆជាតិទន្លេមេគង្គលើ ឱ្យសម្បូរបែបឡើងវិញ រដ្ឋបាលជលផលបានអំពាវនាវឲ្យប្រជាសហគមន៍ទាំង ៥០ត្រូវចូលរួមគោរព និងអនុវត្តច្បាប់ជលផលឱ្យបានខ្ជាប់ខ្ជួន។
លោក ឃុន សាវឿន អនុរដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទមានប្រសាសន៍ថា ធនធានមច្ឆជាតិទាំងនេះ នៅគង់វង្ស ឬបាត់បង់ទៅគឺអាស្រ័យលើ ប្រជាសហគមន៍នេសាទទាំង៥០ ដែលក្រសួងកសិកម្មនិងរដ្ឋបាលជលផលបានផ្តល់សេចក្តីទុកចិត្ត បង្កើតឱ្យមានសហគមន៍ ដើម្បីគ្រប់គ្រងថែរក្សា។
លោក ទុំនីរ៉ូ នាយខណ្ឌរដ្ឋបាលជលផលខេត្តស្ទឹងត្រែង បញ្ជាក់ថា ប្រជាអ្នកនេសាទទាំងអស់ត្រូវមានឆន្ទៈ ស្រឡាញ់ធនធានជីវចម្រុះដែលមាន នៅតាមដងទន្លមេគង្គ ជាពិសេសនៅរដូវបិទនេសាទ នេះចៀសវាងកុំប្រើប្រាស់ ឧបករណ៍នេសាទ ណា ដែលច្បាប់ហាមឃាត់។
ប្រធានជលផលខេត្តស្ទឹងត្រែង បញ្ជាក់ថា បញ្ហានេះ ភាគីពាក់ព័ន្ធត្រូវ ជួយទប់ស្កាត់នៅសកម្មភាពបទល្មើសនេសាទផ្សេងៗ ។ មន្ត្រីជលផល បានប្រើវិធីសាស្ត្រអប់រំគ្រប់រូបភាព នៅតាមភូមិស្រុកហើយ និងមានពេលខ្លះក៏បានដកហូត នូវឧបករណ៍ឆក់ និងមានការឃាត់ខ្លួនជនសង្ស័យ យកមកអនុវត្តតាមផ្លូវច្បាប់ ក៏ប៉ុន្ដែតំបន់ខ្លះនៅតែកើតមានដដែល។
លោក មុំ ណាង ប្រធានសហគមន៍នេសាទស្តៅ១ នៅឃុំស្តៅ ស្រុកសេសាន បានបញ្ជាក់ថា អ្នកនេសាទ ភាគច្រើន បានយល់ដឹងពីច្បាប់ជលផល តែក៏នៅមានជនខិលខូចមួយចំនួន នៅតែលួចលាក់ធ្វើសកម្មភាព នេសាទខុសច្បាប់ ដូចជាឆក់ ក្តៅ- និងឆក់ត្រជាក់- គប់គ្រាប់- និង លួចដាក់មង ក្នុងអន្លង់អភិរក្សជាដើម។
រាល់សកម្មភាពបទល្មើសខ្លះ ប្រជាសហគមន៍ មិនអាចបង្ក្រាបបានទេ គឺបានត្រឹមតែរាយការណ៍ជូនអាជ្ញាធរតែប៉ុណ្ណោះ ហើយផ្នែក មន្ត្រីជំនាញជលផលក៏បានចុះបង្ក្រាបជារឿយៗដែរ តែធ្វើមិនឈ្នះ គួបផ្សំសមត្ថកិច្ច ខ្វះមធ្យោបាយផង ធ្វើឲ្យបទល្មើសនៅតែមាន ជាពិសេស នៅពេលយប់នៅតាមភូមិសាស្ត្រស្មុគស្មាញ។
លោកអនុសេនីយ៍ឯក អុំ សុគុណ នាយប៉ុស្ដិ៍សៀមបូកសូមឲ្យសមត្ថកិច្ចពាក់ព័ន្ធ ត្រូវមានឆន្ទៈស្មោះត្រង់ ក្នុងការចុះបង្ក្រាបនៅរាល់សកម្មភាពបទល្មើសនេសាទ កុំចុះទៅធ្វើការបង្ក្រាប ហើយឃើញក្រុមបទល្មើស ហើយញ៉ាក់ឆ្វេង ញ៉ាក់ស្ដាំ ស៊ីញ៉ូនេះ ស៊ីញ៉ូនោះ ធ្វើឲ្យអ្នកប្រព្រឹត្តបទល្មើសបានចិត្ត មិនខ្លាចសមត្ថកិច្ច ចំណុចនេះហើយដែលបង្ក្រាបមិនចេះអស់។
សូមបញ្ជាក់ថា ខេត្តស្ទឹងត្រែង ចាប់បិទនេសាទ ពីថ្ងៃទី១ឧសភាព ហើយមានអន្លង់អភិរក្ស ចំនួន៦០ ជាសំបុកត្រីពងកូន ជាពិសេសត្រីប៉ាស៊ីអី។ គេអនុញ្ញាតឲ្យប្រជាពលរដ្ឋនេសាទ ជាលក្ខណៈគ្រួសារប្រពៃណីប៉ុណ្ណោះ៕ ហេង នរិន្ទ្រ