ព័ត៌មានទាន់ហេតុការណ៍៖

លួច ម៉ូតូបានសម្រេច ជិះបម្រុងយកទៅលក់ ស្រាប់តែដួលសន្លប់សមត្ថកិច្ច មកដល់ល្មម

ចែករំលែក៖

ខេត្តកំពត ៖ បុរស ម្នាក់ លួចកាច់សោម៉ូតូបានសម្រេចហើយ តែពេលជិះបម្រុងយកទៅ លក់ បែរជាភ្លាត់ស្នៀតដួលច្រងាប់ច្រងិល បណ្ដាលឲ្យសន្លប់ស្តូកនៅកណ្តាលផ្លូវ។

ក្រោយពីជួបករណីគ្រោះថ្នាក់ សមត្ថកិច្ចក៏បានដឹកបញ្ជូនមកកាន់មន្ទីរពេទ្យ ហើយដឹកបន្តមកកាន់ស្នងការដ្ឋាននគរបាលខេត្ត ចាត់ការតាមនីតិវិធី។

មន្ត្រីនគរបាល ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកំពតបានឲ្យដឹងថា ជនសង្ស័យ មានឈ្មោះ ឈាង សារ៉ន ភេទប្រុស អាយុ៥៧ឆ្នាំ រស់នៅសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានធ្វើសកម្មភាពលួចកាច់សោម៉ូតូ១គ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៣ ពាក់ស្លាកលេខ ព្រះសីហនុ 1D-1942 ត្រង់ចំណុចមុខផ្ទះសំណាក់ Good Morning ស្ថិតក្នុងភូមិ១ឧសភា សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត កាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០។ លុះលួចម៉ូតូបានហើយ ជនសង្ស័យក៏បានជិះម៉ូតូនេះតាមផ្លូវជាតិលេខ៣ បំណងយកទៅលក់នៅភ្នំពេញ ស្រាប់តែមកដល់ចំណុចភូមិថ្មី ភូមិសាស្ត្រស្រុកទឹកឈូ ក៏ជួបគ្រោះថ្នាក់ចរាចរណ៍ដួលម៉ូតូបណ្ដាលឲ្យរងរបួសធ្ងន់តែម្ដង។

សមត្ថកិច្ចបានបញ្ជាក់ទៀតថា មុនដំបូង កម្លាំងប៉ូលីសមិនដឹងថាគាត់ជាចោរទេ ពេលគាត់សន្លប់ទើបនាំគាត់មកមន្ទីរពេទ្យ ក៏ឆែករកឃើញឧបករណ៍ និងសម្ភារៈជាប់ពាក់ព័ន្ធមួយចំនួន ដូចជាសោទីបលេខ៨មួយដើម ដែកកែច្នៃរាង៦ជ្រុង មានចុងសំប៉ែតចំនួន៣ដើម ទើបធ្វើការសាកសួរ ហើយក៏បែកធ្លាយជាករណីលួចកាច់សោម៉ូតូរបស់គេយកទៅលក់តែម្ដង។

 បុរសសង្ស័យបានសារភាព ថា កន្លងមកគាត់ធ្លាប់ធ្វើសកម្មភាពលួចកាច់សោម៉ូតូនៅភូមិសាស្ត្រខេត្ត កំពតយកទៅលក់នៅភ្នំពេញបានសម្រេច៤លើកមកហើយ។ ប៉ុន្តែលើកចុងក្រោយនេះ ជាលើកទី៥ ពេលលួចបានហើយបម្រុងជិះយកទៅលក់ទៀត ស្រាប់តែជួបគ្រោះថ្នាក់ចរាចរណ៍តែម្ដង។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពត ចាត់ការតាមច្បាប់៕ហេង នរិន្ទ្រ


ចែករំលែក៖