ព័ត៌មានទាន់ហេតុការណ៍៖

នារីរូបស្រស់ម្នាក់សង្ស័យស្រវឹងស្រាបើករថយន្តស៊េរីទំនើបបុកបង្កាន់ដៃស្ពានអាកាស៧មករាផ្អើលសមត្ថកិច្ចប្រចាំការក្រោមស្ពានដេញចាប់ជាប់

ចែករំលែក៖

ភ្នំពេញ៖ នារីរូបស្រស់ម្នាក់សង្ស័យស្រវឹងស្រាបើករថយន្តស៊េរីទំនើបម៉ាកឡង់គ្រីស័រអត់ស្លាកលេខមួយគ្រឿងបុកបង្កាន់ដៃស្ពានអាកាស ៧មករាពេញទំហឹងរួចព្យាយាមបើករត់ត្រូវបានកម្លាំងសមត្ថកិច្ចមូលដ្ឋានក៏ដូចជាកម្លាំងសមត្ថកិច្ចផ្នែកចរាចរណ៍ប្រចាំការនៅក្រោមស្ពានអាកាសដេញ កាក់ជាប់បានមកវិញ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨ និង ៣០ នាទីយប់ថ្ងៃទី ១ខែឧសភាឆ្នាំ ២០២០ នៅចំណុចគល់ស្ពានអាកាស ៧មករាខាងកើត តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា៖ មុនកើតហេតុគេឃើញនារីរូបស្រស់ម្នាក់បើករថយន្តម៉ាកឡង់គ្រីស័រ មួយគ្រឿងពណ៌ខ្មៅអត់ស្លាកលេខធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនលុះមកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុកបង្កាន់ដៃស្ពានអាកាសពេញកំហឹង ក៏បណ្តាលឲ្យរថយន្តខ្ទេចផ្នែកខាងមុខបែកហូរប្រេងម៉ាស៊ីនពេញផ្លូវរួចព្យាយាមបើករត់បានប្រមាណជាង ១០០ ម៉ែត្រត្រូវបានសមត្ថកិច្ចមូលដ្ឋានក៏ដូចជាសមត្ថកិច្ចផ្នែកចរាចរណ៍ប្រចាំការនៅក្រោមស្ពានឃើញកាក់ជាប់បានទាំងរថយន្តនិងអ្នកបើកបរ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោករាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕សុខា សែនជ័យ


ចែករំលែក៖