វ៉ាស៊ីនតោន៖ តាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅល្ងាចថ្ងៃសុក្រ ទី០១ ខែឧសភា ឆ្នាំ២០២០ បាននិយាយថា អ្នកជំនាញអាមេរិកបានព្យាករណ៍ថា ជំងឺCOVID-19 ដ៏កាចសាហាវនេះ បើយើងចង់បង្ក្រាបវាបានទាល់តែមានវ៉ាក់សាំង និងថ្នាំព្យាបាល ហើយជំងឺនេះអាចនឹងនៅតែបន្តឆ្លងរាតត្បាតយ៉ាងហោចពី ១៨ខែ រហូតដល់ពី ០២ឆ្នាំទៅមុខទៀត ។
លោក ម៉ៃក៍ អូស្ទើហូម (Mike Osterholm) ជានាយកមជ្ឈមណ្ឌលសម្រាប់ការស្រាវជ្រាវ និងបង្កើតគោលនយោបាយទប់ទល់ជំងឺឆ្លង(CIDRAP) នៃសាកលវិទ្យាល័យមីនណេសូតា (University of Minnesota) បានការកត់សម្គាល់ខាងលើ នៅក្នុងបទសម្ភាសន៍ជាមួយCNN នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន)។
លោក Osterholm បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ដោយសារតែCOVID-19 ជាជំងឺប្រភេទថ្មី ដូច្នេះគ្មាននរណាម្នាក់មានប្រព័ន្ធភាពសុំាដែលអាចប្រឆាំង នឹងវាបាននោះទេ។ ជំងឺនេះអាចនឹងបន្តឆ្លងរាតត្បាតក្នុងរយៈពេល ១៨ខែដល់ ២៤ខែទៅមុខទៀត ឬរហូតដល់វាចម្លងដល់មនុស្សពី ៦០ ទៅ ៧០ភាគរយ»។
លើសពីនេះទៅទៀត លោកក៏បានព្រមានផងដែរពីរលកទី ២ នៃការឆ្លងរាតត្បាត COVID-19 ដែលអាចនឹងមកដល់នៅរដូវស្លឹកឈើជ្រុះនិងរដូវត្រជាក់នៅសហរដ្ឋអាមេរិក។
គិតត្រឹមថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ សហរដ្ឋអាមេរិកមានអ្នកឆ្លង COVID-19 សរុប ១,០៩៥,៣០៤នាក់ ក្នុងនោះស្លាប់ ៦៣,៨៧១នាក់ ដែលជាចំនួនអ្នកស្លាប់ច្រើនជាងកងទ័ពអាមេរិក ពលីជីវិតក្នុងសង្រ្គាមវៀតណាមទៅទៀតខណៈជាសះស្បើយឡើងវិញមានចំនួន១៥៥,៧៣៧នាក់។ នេះបើតាមគេហទំព័រ worldometers ៕ដោយ៖ស តារា