ខេត្តស្វាយរៀង៖ បុរសម្នាក់ត្រូវ បានក្រុមគ្រួសារប្រទះ ឃើញដេកស្លាប់ក្នុងបន្ទប់បង្កការភ្ញាក់ផ្អើលនិងប្រញ៉ាប់ប្រញាល់រាយការណ៏ មកសមត្ថកិច្ចជំនាញមកពិនិត្យសពកាលពីថ្ងៃសុក្រ ១០កើតខែពិសាខ ឆ្នាំជូតទោស័កពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី ១ ខែឧសភាឆ្នាំ ២០២០ វេលាម៉ោង ៧ និង ៣០ នាទីយប់ស្ថិតនៅភូមិទួលស្ពានឃុំច្រេសស្រុកចន្រ្ទា ខេត្តស្វាយរៀង ។
យោងតាមសមត្ថកិច្ច នគរបាលស្រុកបាន អោយដឹងថាបុរសខាងលើនេះមាន ឈ្មោះសូរ ចក់ អាយុ៥៤ឆ្នាំមុខរបរកសិករមានប្រពន្ធឈ្មោះញឹម សាវីនិងមានកូនស្រីទាំង២ នាក់ រស់នៅភូមិទួលស្ពានឃុំច្រេសស្រុកចន្រ្ទា ខេត្តស្វាយរៀង ។
ប្រភពបន្តថា ក្រោយពីមានការភ្ញាក់ផ្អើលសមត្ថកិច្ចជំនាញ បានមកពិនិត្យសពជាមួយ លោកប្រធានមណ្ឌលសុខភាពច្រេស ទើបសន្និដ្ឋានថាពិតជាស្លាប់ដោយខ្យល់គមិនមានស្លាកស្នាមអ្វី ដែលសំគាល់ថា ជារឿងឃាដកម្មនោះទេ។
បើតាមក្រុមគ្រួសារ បានរៀបរាប់ប្រាប់សមត្ថកិច្ចថា មុនកើតហេតុជនរងគ្រោះបានហូបបាយជុំគ្នាជាមួយកូនៗនិងបានផឹកស្រារហូតដល់ស្រវឹងទើបចូលសម្រាន្តក្នុងបន្ទប់ម្នាក់ឯងប្រមាណជាកន្លះម៉ោងកូនៗក៏បានចូលតាមក្រោយនិងដាស់ឪពុកតែមិនកំរើកទើបបង្កការភ្ញាក់ផ្អើលតែម្ដង។
ក្រោយមកសពត្រូវបានសមត្ថកិច្ចប្រគល់អោយ ក្រុមគ្រួសារ យកមកធ្វើបុណ្យ តាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕ យឹម សុថាន