ភ្នំពេញ៖ ប៉ុន្មានថ្ងៃចុងក្រោយនេះ ចាប់តាំងពីសមត្ថកិច្ចទូទាំងប្រទេស ចាប់ផ្តើមរឹតបន្តឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ឃើញថា ប្រជាពលរដ្ឋដ៏ច្រើនលើសលប់នៅមិនទាន់បានដឹងគ្រប់ជ្រុងជ្រោយនៅឡើយទេ ចំពោះការផាកពិន័យផ្សេងៗ ក្នុងបទល្មើសចរាចរណ៍នេះ ។
នៅថ្ងៃនេះ សូមលើកយកសំណួរសំខាន់មួយ ដែលប្រជាពលរដ្ឋ កំពុងមានការងឿងឆ្ងល់ខ្លាំង មកបកស្រាយជូន គឺ ថា តើប្រសិនបើយើងមានប័ណ្ណបើកបររថយន្ត ហើយ អាចយកទៅប្រើប្រាស់ចំពោះការបើកបរម៉ូតូដែលមានកម្លាំង១២៥CC ឡើងទៅបានទេ ? ។
បញ្ហានេះ លោក គង់ វិមាន អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ថ្លែងប្រាប់ អង្គភាព«នគរវត្ត» នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២០ នេះថា ៖ ទោចក្រយានយន្ត ឬ ម៉ូតូ និង យានយន្ត ឬ ឡាន នោះ គឺ ជាប្រភេទ២ផ្សេងគ្នា ពោលគឺ មិនអាចប្រើបណ្ណបើកបរតែមួយ បានទេ ។
លោក គង់ វិមាន សង្កត់ធ្ងន់ថា “បើសិនជាបងប្អូនប្រជាពលរដ្ឋមានបណ្ណបើកបរឡាន គឺ មិនអាចយកទៅបើកបរម៉ូតូដែលមានកម្លាំង១២៥CCឡើងទៅ បានទេ ពោលគឺ បងប្អូនត្រូវមានបណ្ណបើកបរម៉ូតូមួយទៀត។ ដោយឡែក លោកឧត្តមសេនីយ៍ទោ ចេវ ហាក់ ស្នងការរង នគរបាលរាជធានីភ្នំពេញ ទទួលផែននគរបាលចរាចរណ៍ផ្លូវគោក ក៏បានបញ្ជាក់ដូចគ្នា និងលោក គង់វិមាននោះផងដែរ។ ដោយលោកថ្លែងថា៖ ខ្ញុំសូមអរគុណនូវសំណួរដ៏សំខាន់ ក្នុងករណីបណ្ណបើកបររថយន្ត និងបណ្ណបើកបរទោចក្រយានយន្ត ឬ ម៉ូតូ ដើម្បីធ្វើការផ្សព្វផ្សាយអោយប្រជាពលរដ្ឋបានជ្រាប យល់ដឹងទាំងអស់គ្នាព្រោះថា អ្នកមានបណ្ណបើកបររថយន្ត មិនអាចមកបើកម៉ូតូ រឺម៉កសណ្តោង ម៉ូតូកង់៣ ដែលមានកម្លាំងលើសពី១២៥CC បានឡើយ។ គាត់ត្រូវមានបណ្ណបើកបរម៉ូតូ១ទៀត។ លោកបន្តថា៖ អ្នកខ្លះយល់ច្រឡំច្រើនរឿងរឺម៉កម៉ូតូ អ្នកបើកគាត់ខឹង នឹងសមត្ថកិច្ចផាកពិន័យគាត់ ដោយគាត់និយាយថា ម៉ូតូកម្លាំងក្រោម១២៥CCសោះ ចំណុចនេះខ្ញុំសូមបញ្ជាក់ថា ម៉ូតូគាត់ពិតមែនតែកម្លាំងក្រោម១២៥CC តែដល់គាត់យកទៅសណ្តោងរឺម៉ក មិនមែនកម្លាំងនៅត្រឹមក្រោម១២៥CCនោះឡើយ។
ករណីមួយផ្សេងទៀត លោក គង់ វិមាន អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានលម្អិតថា៖ ចំពោះការផាកពិន័យ គឺខាងមន្ត្រីអនុវត្តច្បាប់ចរាចរណ៍តាមគោលដៅនិមួយៗ គាត់បានសរសេរ ឬចារលើលិខិតនោះរយៈពេលប៉ុន្មានថ្ងៃៗ ទៅតាមទិដ្ឋភាពនៃកំហុសល្មើសច្បាប់ ឬកង្វៈខាងបច្ចេកទេសយានយន្តនោះ ត្រូវប្រើពេលប៉ុណ្ណាអាចធ្វើហើយ ទៅធ្វើទាន់តែប៉ុណ្ណោះ។
ពាក់ព័ន្ធស្ត្រីម្នាក់បាន Live លើ Facebook កន្លងទៅរិៈគន់ថា៖ នគរបាលនៅព្រៃប្រោស ខេត្តកំពង់ធំ ផាកពិន័យគាត់ចំពោះរថយន្តខ្វះភ្លើងតូចម្ខាងខុសបច្ចេកទេស អស់១៥មុឺនរៀល ហើយទៅមុខបន្តទៀតប្រហែល១០០ម៉ែត្រ ក៏មាននគរបាលដាក់ប៉ារ៉ាស់ផាកពិន័យទៀតនោះ ។ លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគបាលខេត្តកំពង់ធំ បានប្រតិកម្មផងដែរ ដោយលោកបញ្ជាក់ប្រាប់ អង្គភាព«នគរវត្ត» តាមទូរស័ព្ទ នាព្រលប់ថ្ងៃទី៣ខែឧសភាថា៖ ខ្ញុំសោកស្តាយដែលស្ត្រីទាំងបាន Live លើ Facebook និយាយមិនពិត និងមានពាក្យមិនគប្បីមកលើសមត្ថកិច្ច។ ខ្ញុំទទួលស្គាល់ថាមន្ត្រីអនុវត្តច្បាប់ចរាចរណ៍ បានផាកពិន័យគាត់ ចំនួន១៥មុឺនរៀល ប៉ុន្តែទីតាំងផ្សេងទៀត នៅខាងមុខសមត្ថកិច្ចគ្រាន់តែសួរនាំគ្រាឃើញភ្លើងឡានខុសប្រក្រតី ដល់គាត់មានលិខិតពិន័យហើយ គឺអនុញ្ញាតអោយធ្វើដំណើរធម្មតា ហើយក៏មិនមានទីតាំងត្រួតពិនិត្យ ក្នុងចំងាយដី១០០ម៉ែត្រ មានមួយទៀតនោះដែរ។ គាត់និយាយក្នុងឡានពេល Live សុទ្ធតែ បើគាត់មិនបើកបុកប៉ារ៉ាស់ទេ កុំអីពិន័យរហូត នោះកាន់តែខុសជ្រុលទៅហើយ។
ករណីមួយទៀតនៅខេត្តស្វាយរៀង ក្នុងអំពើលោកអធិការរង ស្រុកចន្រ្ទា វាយ និងចាប់ដាក់ខ្នោះ ប្រព្រឹត្ត មកលើអ្នកបើករឺម៉កលក់ពូក គ្មានលុយបង់ផាកពិន័យ១៨មុឺនរៀល តើបញ្ចប់ត្រឹមសូមទោសហ្នឹង ឬក៏ត្រូវលោកស្នងការខេត្តស្វាយរៀង មានវិធានការរដ្ឋបាលអ្វីផ្សេងទៅលើមន្ត្រីរបស់គាត់ ដើម្បីអោយសមជាអ្នកអនុវត្តច្បាប់នោះ..!.៕ចេស្ដា+សុខ ខេមរា