ព័ត៌មានទាន់ហេតុការណ៍៖

ធ្លាក់យន្ដហោះ នៅប្រទេសបូលីវី ផ្ដាច់ជីវិតពីឡុត២នាក់ និងពលរដ្ឋអេស្ប៉ាញ៤នាក់

ចែករំលែក៖

ឡាប៉ាស យ៉ាងហោចណាស់មនុស្ស៦នាក់ បានស្លាប់ ក្នុននោះមានពីឡុត២នាក់ និងពលរដ្ឋអេស្ប៉ាញ៤នាក់ ខណៈដែលយន្ដហោះខ្នាតតូចមួយគ្រឿងរបស់យោធា នៃប្រទេសបូលីវី បានធ្លាក់នៅក្បែរទីក្រុង Trinidad ជាទីដែលអ្នកដំណើរទាំង៤នាក់នោះ ត្រូវបានដឹកទៅកាន់អាកាសយានដ្ឋានទីក្រុង Santa Cruz ដើម្បីបន្តដំណើរត្រឡប់ទៅស្រុកកំណើតរបស់ពួកគេវិញ។

តាមការដកស្រង់ចេញផ្សាយពីទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យទី០៣ ខែឧសភា ឆ្នាំ២០២០នេះ ដែលអាជ្ញាធរបូលីវី បានបញ្ជាក់ថាយន្ដហោះខ្នាតតូចខាងលើ បានធ្លាក់នៅក្បែរទីក្រុង Trinidad ជាទីដែលអ្នកដំណើរពលរដ្ឋអេស្ប៉ាញ៤នាក់ខាងលើនេះ ដែលត្រូវធ្វើមាតុភូមិនិវត្តន៍ទៅ ប្រទេសកំណើតវិញ កំឡុងការឆ្លងរាតត្បាត COVID-19

អាជ្ញាធរបូលីវីបន្តថា ខ្លួនបានបង្កើតគណៈកម្មាការស៊ើបអង្កេតពីគ្រោះថ្នាក់ធ្លាក់យន្ដហោះខា្នតតូចប្រភេទ Beechcraft Baron B-55 ខាងលើនិងត្រូវដាក់របាយការណ៍ស៊ើបអង្កេតក្នុងរយៈពេល៨ថ្ងៃ។

បើតាមការស៊ើបអង្កេតបឋម យន្ដហោះ Beechcraft Baron B-55 ត្រូវបានគេរាយការណ៍មានបំណងត្រឡប់ទៅកាន់អាកាសយានដ្ឋានក្នុងទីក្រុងTrinidad ១២នាទី ក្រោយហោះឡើងបានបន្តិច ដោយសារមានបញ្ហាគ្រឿងម៉ាស៊ីន និងក្រោយមកបានដាច់ការទាក់ទងតែម្ដង ៕ដោយ៖ស តារា


ចែករំលែក៖