ព័ត៌មានទាន់ហេតុការណ៍៖

គ្រាន់តែឃើញសមត្ថកិច្ចល្បាតដឹងខ្លួនមុនរត់ចូលចម្ការពោតសមត្ថកិច្ចតាមក្របួចបានរឹបអូសថ្នាំញៀន២ថង់ធំនិង៥ថង់តូច

ចែករំលែក៖

ខេត្តបាត់ដំបង ៖  មុខសញ្ញាជួញដូរថ្នាំញៀនម្នាក់គ្រាន់តែឃើញសមត្ថកិច្ចនគរបាលជិះម៉ូតូល្បាតក្នុងមូលដ្ឋានហាក់ដូចជាដឹងខ្លួនមុនថាសមត្ថកិច្ចតាមបង្រ្កាបតាមចាប់ខ្លួននោះក៏រត់គេចពួនចូលក្នុងចម្ការពោតតែត្រូវសមត្ថកិច្ចតាមក្របួចជាប់និងរឹបអូសបានវត្ថុតាងថ្នាំញៀន២កញ្ចប់ធំនិង៥កញ្ចប់តូច។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃ អាទិត្យ ១២កើត ខែ ពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៣ ត្រូវនឹង ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២០ នៅក្នុងក្រុមទី៥ ភូមិហុងទឹក  ឃុំបារាំងធ្លាក់  ស្រុកភ្នំព្រឹក  ខេត្តបាត់ដំបង ។

 មន្រ្តីនគរបាលប្រឆាំងគ្រឿងញៀនខេត្តបាត់ដំបងបានឲ្យដឹងថា ប្រតិបត្តិការនេះមានការសហការជាមួយកម្លាំងនគរបាលផ្នែកយុត្តិធម៌  និងកម្លាំងប៉ុស្ដិ៍ នគរបាលរដ្ឋបាលបារាំងធ្លាក់។ក្នុងករណីនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ សឹម ថន ភេទប្រុស អាយុ ៣៦ឆ្នាំ មានទីលំនៅភូមិ-ឃុំកើតហេតុខាងលើ ដែលជាមុខសញ្ញាជួញដូរថ្នាំញៀនយ៉ាងសកម្មនៅឃុំខាងលើ។

ដោយឡែកវត្ថុតាងចាប់យកបានមានម្សៅក្រាមពណ៌សថ្លាចំនួន ០២កញ្ចប់ធំ និង ០៥កញ្ចប់តូច ព្រមទាំងទូរស័ព្ទដៃ១គ្រឿង ផងដែរ។

ក្រោយឃាត់ខ្លួនបានជនសង្ស័យខាងលើនេះ សមត្ថកិច្ចបានកសាងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងដើម្បីចាត់ការតាមច្បាប់៕ដោយ÷ប្រាថ្នា


ចែករំលែក៖