ទីក្រុងស៊ីដនី៖ ប្រធានរដ្ឋបាល នៃរដ្ឋវិចតូរៀ លោក ដានីញែល អាន់ឌ្រូ(Daniel Andrews) បានឱ្យដឹងនៅថ្ងៃចន្ទ ទី០៤ ខែឧសភាឆ្នាំ២០២០នេះថា ក្នុងចំណោមករណីឆ្លងCOVID-19 ថ្មី នៅក្នុងប្រទេសអូស្ត្រាលីចំនួន២២នាក់ ក្នុងនោះមាន១៩នាក់ ជាកម្មករនៅឯរោងចក្រកែច្នៃសាច់ នាំឱ្យអ្នកឆ្លងនៅក្នុងរដ្ឋ Victoria កើនដល់១,៤០៦នាក់ ។
តាមការបញ្ជាក់ពីអាជ្ញាធរអូស្ត្រាលី ដែលត្រូវបានដកស្រង់ និងចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី០៤ខែឧសភា ការកើនឡើងនៃចំនួនករណីឆ្លង COVID-19 នៅក្នុងប្រទេសអូស្ត្រាលី គឺមានជាប់ពាក់ព័ន្ធនឹងរោងចក្រច្នៃសាច់មួយកន្លែងក្នុងរដ្ឋវិចតូរៀ (Victoria) ។
ទោះជាយ៉ាងនេះក្ដី ប្រធានការិយាល័យសុខាភិបាលនៃរដ្ឋ Victoria លោកប្រ៊េត សាត់ថុន (Brett Sutton) បានអះអាងថា ករណីឆ្លងជាចង្កោមនេះមិនបានផ្ដល់ហានិភ័យដល់វិស័យសុខភាពសាធារណៈ ហើយវាក៏គ្មានហេតុផល ត្រូវបញ្ជាក់អត្តសញ្ញាណរោងចក្រ ដែលពាក់ព័ន្ធនឹងករណីឆ្លងនេះដែរ។
បើតាមគេហទំព័រ worldometers គិតត្រឹមថ្ងៃអាទិត្យម្សិលមិញ អូស្ត្រាលីមានអ្នកឆ្លង COVID-19 សរុប៦,៨២២ករណី ក្នុងនោះស្លាប់៩៥នាក់ និងជាសះស្បើយឡើងវិញ ៥,៨៤៩នាក់។ អូស្ត្រាលី និងនូវែលសេឡង់ ត្រូវបានចាត់ទុកជាប្រទេសមានភាពវិជ្ជមាន ក្នុងការទប់ស្កាត់ជំងឺ COVID-19 មិនឆ្លងរាលដាលទ្រង់ទ្រាយធំ និងបានកាត់បន្ថយវិធានការរឹតត្បិត ដើម្បីបើកដំណើរការសេដ្ឋកិច្ច ព្រមទាំងសាលារៀនឡើងវិញផងដែរ ៕ដោយ៖ស តារា