ព័ត៌មានទាន់ហេតុការណ៍៖

ឆុំ វត្តី ចូលរៀបការថ្ងៃនេះដោយមិនមានកម្មវិធីជួបជុំជប់លៀងធំដុំ

ចែករំលែក៖

ភ្នំពេញ៖ ព្រោះតែការរាតត្បាតនៃជំងឺកូវីដ១៩ តារាសម្តែងស្រី ឆុំ វត្តីបានរារែកចិត្តខ្លាំងក្នុងការរៀបចំពិធីមង្គលការ។ ទោះជាយ៉ាងណានាងនិងគូស្នេហ៍សម្រេចចិត្តចូលរោងការតាមវេលាកំណត់ថាល្អ ថ្ងៃនេះហើយដោយមិនរៀបចំពិធីជួបជុំជប់លៀងទ្រង់ទ្រាយធំនោះទេ។

តួឯកស្រីរឿង ហ្លួងព្រះស្តេចកន កញ្ញាឆុំ វត្តី នឹងដឹកដៃសង្សារបណ្តូលចិត្តលោករិទ្ធ ហួរ  ចូលរោងការនៅថ្ងៃទី០៤ខែ ឧសភានេះហើយក្រោយពីចេញថតរូបថត Pre-Wedding នៅលើទឹកដីនៃខេត្តសៀរាបកាលពីពេលថ្មីៗនេះ។ តារារូបនេះបញ្ជាក់ថាមង្គលការរបស់ខ្ញុំបានរៀបចំតាមក្បួនខ្នាតប្រពៃណីខ្មែរទាំងអស់ គឺកម្មវិធីធ្វើតាំងពីព្រឹករហូតដល់ពេលថ្ងៃញាំអាហារតែម្ដង។ ប៉ុន្ដែគ្មានកម្មវិធីជប់លៀងនៅពេលល្ងាចដូចការគេទេ ព្រោះយើងមិនចង់ឲ្យមានការជួបជុំទ្រង់ទ្រាយធំ ។ នាងថាតាមគម្រោង​មង្គលការរបស់នៅមជ្ឈមណ្ឌលកោះពេជ្រ នោះត្រូវមកធ្វើនៅផ្ទះឪពុកក្មេករបស់នាង លោកទិត ធារិទ្ធិ ដែលជាអ្នកដឹកនាំសម្ដែងល្បីឈ្មោះនៅសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ វិញហើយកម្មវិធីរៀបចំតែនៅមួយព្រឹកប៉ុណ្ណោះ ។ នាងថាការកក់ទីកន្លែង និងពិធីការមួយចំនួនត្រូវបានផ្អាក ប៉ុន្តែកម្មវិធីរបស់នាងនឹងមានតែសាច់ញាតិ និងមិត្តភ័ក្កិអ្នកសិល្បៈជិតដិតមួយចំនួនប៉ុណ្ណោះដែលនឹងត្រូវចូលរួម។ សម្រាប់គម្រោងចេញក្រេបទឹកឃ្មុំវិញក៏តារាស្រីរូបនេះលើកឡើងថានាងមិនមាននោះដែរ។

គួរបញ្ជាក់ដែរថា ឆុំ វត្តី តួឯករឿង ហ្លួងព្រះស្ដេចកន បានភ្ជាប់ស្នេហ៍ជាមួយលោករិទ្ធិ ហួរក្សា ជាង៥ឆ្នាំ ទើបឈានដល់កំណត់ថ្ងៃរៀបការពេលនេះ។​ ក្រៅពីឆក់បានតំណែងជាតួឯកធំៗនោះ វត្តី ក៏មានតួនាទីជាអ្នកចាត់ការទូទៅរបស់ផលិតកម្មឪពុកក្មេករបស់នាង លោកទិតធារិទ្ធិ ផង ។ កន្លងមកនាងតែបណ្តើរគូស្មេហ៍ដែលគេស្គាល់ថាជាកូនប្រុសថៅកែកុននោះចូលរួមស្ទើរគ្រប់កម្មវិធីតូចធំរបស់អ្នកសិល្បៈ។តារាស្រីរូបនេះធ្លាប់ប្រកាសដែរថា នឹងនៅតែបន្តការងារសិល្បៈដដែលពិសេសការថតភាពយន្ត ដោយ ៖វឌ្ឍនា


ចែករំលែក៖