រដ្ឋធានីខេបថោន៖ បន្ទាប់ពីប្រទេសអាហ្វ្រិកខាងត្បូង បានការកាត់បន្ថយវិធានការរឹតត្បិត បានតែរយះពេលពីរថ្ងៃប៉ុណ្ណោះ ស្រាប់តែអាជ្ញាធរប្រកាសរកឃើញអ្នកឆ្លង COVID-19ថ្មី រហូតដល់ ចំនួន៤៤៧នាក់ក្នុងមួយថ្ងៃ ដែលនាំឲ្យចំនួនករណីឆ្លងសរុបកើនដល់ ៦,៧៨៣ករណី ។នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃចន្ទ ទី០៤ខែឧសភា ឆ្នាំ២០២០។
រដ្ឋមន្ត្រីសុខាភិបាលអាហ្វ្រិកខាងត្បូងលោក ស្វេលី ម៉ាឃីស (Zweli Mkhize) កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានរាយការណ៍ អំពីការរកឃើញអ្នកឆ្លង COVID-19 ថ្មីៗរហូតដល់ ៤៤៧នាក់ក្នុងមួយថ្ងៃ ដែលនាំឲ្យចំនួនករណីឆ្លងសរុបកើនដល់ ៦,៧៨៣ករណី។ លោក ស្វេលី ម៉ាឃីស បន្ថែមថាអត្រាឆ្លងខាងលើនេះ គឺខ្ពស់បំផុតគិតចាប់តាំងពីប្រទេសនេះ កើតមានករណីឆ្លងដំបូងកាលពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០។
គួរបញ្ជាក់ថា ក្រៅពីការរកឃើញចំនួនអ្នកឆ្លងបន្ថែម អ្នកជំងឺដែលបានបាត់បង់ជីវិត ក៏មាន ០៨នាក់បន្ថែមទៀតដែរ នាំឲ្យចំនួនសរុបកើនដល់១៣១នាក់។ សម្រាប់រដ្ឋធានី ខេបថោន (Cape Town) គឺនៅតែជាចំណុចដែលរងគ្រោះធ្ងន់ ជាមួយករណីឆ្លងសរុប ៣,០៤៤ករណី។
ក្រោយផ្ទុះករណីឆ្លងជាថ្មីនេះ អាហ្វ្រិកខាងត្បូងក៏បានសម្រេច បង្កើនការត្រួតពិនិត្យឡើងវិញផងដែរ ទៅលើកន្លែងបំពេញកិច្ចការងារនានានិងការបន្តធ្វើតេស្តទៅករណីសង្ស័យ ប៉ុន្តែវិស័យពាណិជ្ជកម្មក្នុងស្រុកមួយចំនួន ដែលបានតម្រូវឲ្យបើកដំណើរការឡើងវិញនោះ គឺមិនមានការកែប្រែឡើយ៕ដោយ៖ស តារា