ភ្នំពេញ៖ យោងតាមសេចក្តីបកស្រាយបំភ្លឺរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអោយដឹងនៅរសៀលថ្ងៃទី៤ ខែឧសភាថា៖ ស្ត្រីម្នាក់ឈ្មោះ គួក ស្រីណា ដែលប្រើប្រាស់គណនី TIKTOK ឈ្មោះ អែ ណា ដែលបានយកព័ត៌មានចាស់តាំងពីឆ្នាំ២០១៨ ដែលគាត់បានបើកបរល្មើសភ្លើងសញ្ញាចរាចរណ៍ យកមកផុសខុសពីការពិតកាលពីព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២០ ដែលធ្វើឲ្យប្រជាពលរដ្ឋ និងមជ្ឈដ្ឋានទូទៅមានការយល់ច្រឡំ ជាពិសេសគាត់បាននិយាយខុសពីការពិតដែលមើលងាយមកលើសមត្ថកិច្ច និងធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយសរបស់សមត្ថកិច្ចដែលបានខិតខំបំពេញភារកិច្ចក្នុងការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក។
ស្ត្រីម្នាក់ឈ្មោះ គួក ស្រីណា បានចូលខ្លួនមកបំភ្លឺ តាមការកោះហៅរបស់សមត្ថកិច្ចការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យាផែនសន្តិសុខនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីសួរនាំ ហើយគាត់ក៏បានទទួលកំហុសទាំងស្រុង និងបានថតវីដេអូសុំទោសជាសាធារណៈដល់ប្រជាពលរដ្ឋ ជាពិសេសសុំទោសដល់សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។
ក្រោយពីសមត្ថកិច្ចបានណែនាំ អប់រំ និងធ្វើកិច្ចសន្យាដោយផ្តិតមេដៃរួចមក សមត្ថកិច្ចក៏បានឲ្យគាត់ត្រឡប់ទៅគេហដ្ឋានវិញ។ សូមផ្សព្វផ្សាយតែព័ត៌មានពិត និងចូលរួមសហការណ៍ទប់ស្កាត់រាល់ព័ត៌មានមិនពិត ៕សហការី