ខេត្តបាត់ដំបង៖កម្លាំងនគរបាលជំនាញនៃអធិការដ្ឋានក្រុងបាត់ដំបងបានចុះបង្ក្រាបទីតាំងលេងល្បែងសុីសងដុះស្លែមួយកន្លែងទៅតាមការចង្អុលបង្ហាញពីលោក ឧត្តមសេនីយ៍ទោ អ៊ុច សុខុនស្នងការនគរបាលខេត្តបាត់ដំបងដោយបញ្ជាឲ្យលោកវរសេនីយ៍ឯក ឆាង វណ្ណឆៃអធិការនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបងឱ្យដឹកនាំកម្លាំងនគរបាលជំនាញចុះបង្ក្រាបទីតាំងល្បែងស៉ីសងមួយកន្លែងនៅភូមិតាព្រួច សង្កាត់ក្ដុលដូនទាវ ក្រុងបាត់ដំបង។ យោងតាមរបាយការណ៍របស់លោកអធិការក្រុងបានឲ្យដឹងថា ការចុះបង្ក្រាបល្បែងស៉ីសង(លេងអាប៉ោង)ខាងលើនេះធ្វើឡើងកាលពីវេលាម៉ោង១៥និង៤០នាទីត្រូវនឹងថ្ងៃទី៤ខែឧសភាឆ្នាំ២០២០នៅត្រង់ចំណុចក្រុមទី១៤ ភូមិតាព្រួច សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយបានឃាត់មនុស្សចំនួន៦នាក់៖
១-ឈ្មោះគឺម សុខជា ភេទប្រុស អាយុ៤៩ឆ្នាំ មានទីលំនៅភូមិព្រែកមហាទេព ក្រុងបាត់ដំបង។
២-ឈ្មោះពូ ម៉ាច ភេទប្រុស អាយុ៥២ឆ្នាំ មានទីលំនៅភូមិតាកុយ សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង។
៣-ឈ្មោះម៉ៅ រួប ភេទប្រុស អាយុ៦១ឆ្នាំ មានទីលំនៅភូមិតាព្រួច សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង។
៤-ឈ្មោះម៉ែន ងិ ភេទប្រុស អាយុ៥៤ឆ្នាំមានទីលំនៅភូមិជ្រៃ ឃំុជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។
៥-ឈ្មោះម៉េត រដ្ឋា ភេទប្រុស អាយុ៥៤ឆ្នាំមានទីលំនៅភូមិកៀនកេះ ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង។
៦-ឈ្មោះយ៉ាត យឿង ភេទប្រុស អាយុ៦៩ឆ្នាំមានទីលំនៅភូមិតាព្រួច សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង មកកាន់អធិការដ្ឋាននគរបាលក្រុងបាត់ដំបងដើម្បីធ្វើការសាកសួរករណីលេងល្បែងសុីសងខុសច្បាប់(លេងអាប៉ោង)។ក្រោយពីសាកសួរអ្នកញៀនល្បែងទាំងនោះបានសារភាពថា ពួកខ្លួនពិតជាបានលេងល្បែងសុីសងខុសច្បាប់ពិតប្រាកដមែន។
-សម្ភារដែលបានដកហូតរួមមាន៖
១ _មេអាប៉ោងចំនួន៣
២ -ចានបាញ់អាប៉ោងចំនួន១
៣ -ផ្តិលសម្រាប់គ្របបាញ់អាប៉ោងចំនួន១
៤-កម្រាលមួយផ្ទំាង
៥ -ដំុឈើសង្កត់លុយចំនួន៩ដំុ
៦-លុយខ្មែរចំនួន៨០មុឹនរៀលគត់
៧-លុយដុល្លារចំនួន៣០០ដុល្លារ(បីរយដុល្លារ)។
លោកអធិការក្រុងបានបន្តថា បច្ចុប្បន្នជនសង្ស័យទាំង៦នាក់និងវត្ថុតាងផ្នែកជំនាញកំពុងរៀបចំសំណុំរឿងបញ្ជូនទៅតាមនីតិវិធីច្បាប់។ស សារ៉េត