ព័ត៌មានទាន់ហេតុការណ៍៖

យកគ្រាប់បេ មកដំលើឈើ ផ្ទុះស្លាប់ម្នាក់ របួស៣នាក់ពេលដើររកផ្សិតប៉ក់នៅចំណុចអូរជ្រៅ

ចែករំលែក៖

ខេត្តបាត់ដំបង៖ ពលរដ្ឋ៤នាក់ បានដើររកផ្សិតប៉ក់នៅចំនុចអូរជ្រៅ ភូមិអូរក្រូច ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង ក៏បានប្រទះឃើញគ្រាប់បេចំនួន១គ្រាប់ រួចយកមកដំលើឈើបណ្តាលឲ្យផ្ទុះស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់ ។
អាជ្ញាធរមីនកម្ពុជា បានឲ្យដឹងថា នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង៩និង២០នាទីព្រឹក ប្រជាពលរដ្ឋចំនួន៤នាក់ រស់នៅភូមិកំពេង ឃុំព្រងិល ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ បានដើររកផ្សិតប៉ក់ នៅចំនុចអូរជ្រៅ ភូមិអូរក្រូច ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង ក៏ប្រទះឃើញគ្រាប់បេចំនួន១គ្រាប់ រួចយកមកដំលើឈើ បណ្តាលឲ្យផ្ទុះ ស្លាប់ ១នាក់ របួសធ្ងន់០២នាក់ និង របួសស្រាល ០១នាក់ ជនរងគ្រោះមានឈ្មោះ៖ ១- លុច លីណេ ភេទ ប្រុស អាយុ ១៥ឆ្នាំ (ស្លាប់)។ ២- ស្រី ពេជ្រ ភេទស្រី អាយុ ១៦ឆ្នាំ(របួសធ្ងន់លើផ្ទៃមុខ)។ ៣- ពិន ដាវុធ ភេទប្រុស អាយុ ២៥ឆ្នាំ (របួសធ្ងន់ ដាច់ដៃស្តាំត្រឹមកែងដៃ)។ ៤- នី ប៊ុនណាត ភេទប្រុស អាយុ ១៤ឆ្នាំ (របួសស្រាល ដាច់ចុងច្រមុះបន្តិច)។
បច្ចុប្បន្នជនរងគ្រោះកំពុងសម្រាកព្យាបាល នៅមណ្ឌលសុខភាព ទីរួមស្រុកសំឡូត ខេត្តបាត់ដំបង។
អាជ្ញាធរមីន សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ នៅពេលឃើញគ្រាប់មិនទាន់ផ្ទុះ សូមកុំយកមក ដុំ គប់លេង ឬកែច្នៃផ្សេងៗ វាអាចបណ្តាលឲ្យផ្ទុះស្លាប់ របួស ពិការ គ្រប់ពេល និងសូមរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន និងប្រតិបត្តិករបោសសំអាតមីន ដែលនៅជិតទីនោះ ដើម្បីយកគ្រាប់ទាំងនោះទៅកម្ទេចចោល៕នរិន្ទ្រ


ចែករំលែក៖