ភ្នំពេញ ៖ នាព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០នេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍និងអគ្គស្នងការដ្ឋាននគរបាលជាតិ បានរៀបចំកិច្ចប្រជុំ ស្ដីពីការបង្កើតក្រុមការងារប្រព័ន្ធ Hotline ប្រយោជន៍ឆ្លើយតបព័ត៌មានពីប្រជាពលរដ្ឋ ពាក់ព័ន្ធនិងការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកដែលកំពុងអនុវត្តយ៉ាងតឹងរ៉ឹង ។
កិច្ចប្រជុំដ៏មានសារសំខាន់នេះបានប្រព្រឹត្តទៅនៅអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ អគ្គស្នងការរងនគរបាលជាតិ និងលោក ម៉ូវ ចរិយា ប្រធាននិយ័តករទូរគមនាគមន៍កម្ពុជា។ពិធីនេះ ក៏មានការចូលរួមពី អនុប្រធានសេនាធិការ អនុប្រធាននាយកដ្ឋាន មន្ត្រីជំនាញក្រសួងប្រៃសណីយ៍ តំណាងក្រុមហ៊ុនទូរស័ព្ទចល័តទាំងអស់ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ ។
មន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ថ្លែងឲ្យដឹងថា កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណង ឆ្លើយតបព័ត៌មានពីប្រជាពលរដ្ឋ មកមន្ត្រីជំនាញចរាចរណ៍ តាមរយៈប្រព័ន្ធព័ត៌មានទាន់ហេតុការណ៍ ១១៧ (Hotline 117) ពាក់ព័ន្ធនឹងការរឹតបន្តឹងការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក ។ ក្រុមការងារ Hotline មានភារកិច្ចតាមដាន ឆ្លើយតប សំណួររបស់ប្រជាពលរដ្ឋ តាមប្រព័ន្ធព័ត៌មានសង្គម Facebook , Fresh New , Internet , វិទ្យុ , ទូរទស្សទ៍ និងសារព័ត៌មានផ្សេងៗទៀត ដែលមិនមែនជាការពិត ពាក់ព័ន្ធទៅនឹងកិច្ចប្រតិបត្តិការ ក្នុងដំណើរការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីឆ្លើយតបដោះស្រាយបំភ្លឺបានទាន់ពេលដល់មហាជន ។
បើយោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន២លើក តែមិនបណ្ដាលឲ្យមានមនុស្សស្លាប់នោះទេ មានតែអ្នករបួសធ្ងន់ស្រាល៤នាក់ ។ទាំងនេះអាចជាការកត់មួយក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ក្រោយពីមានការអនុវត្តន៍ការរឹតបន្តឹងច្បាប់ចរាចរណ៍ ដោយធ្វើការផាកពិន័យតាមអនុក្រឹត្យថ្មីបានតឹងរ៉ឹង ៕