ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរស្រុកសណ្ដាន់ចុះដោះស្រាយបញ្ហាអគ្គិសនីជូនពលរដ្នដែលជួបបញ្ហាតម្លៃភ្លើងឡើងថ្លៃ

ចែករំលែក៖

ខេត្តកំពង់ធំ៖ ប្រជាពលរដ្ន២ភូមិក្នុុងឃុំ មានរិទ្ធ ស្រុកសណ្ថាន់ បាននាំគ្នាតវ៉ារឿងការប្រើប្រាស់បណ្តាញអគ្គិសនី ឯកជន នៅឃុំ មានរិទ្ធ លើបញ្ហាភាពមិនប្រក្រតី នៃការឡើងគីឡូវ៉ាត់ដើរលឿន ក្នុងខែមេសា ក៏ដូចជា តម្លៃអគ្គិសនីខ្ពស់ (2900៛ /kWh) ទោះបីជាមានការធ្លាក់ចុះនៃតម្លៃប្រេងឥន្ធនៈក៏ដោយ ទើប នៅថ្ងៃទី០៥ ខែ ឧសភា ឆ្នាំ២០២០ អាជ្ញាធរអគ្គិសនីកម្ពុជា ដឹកនាំដោយលោក បណ្ឌិត តេង សុខុមាល នាយកប្រតិបត្តិ នៃអាជ្ញាធរអគ្គិសនីកម្ពុជា និងប្រតិភូ ក៏ដូចជាលោកប្រធានមន្ទីររ៉ែ និងថាមពលខេត្តកំពង់ធំ ព្រមជាមួយនិឹងអាជ្ញាធរឃុំ ស្រុកសណ្ដាន់ បានធ្វើវេទិកាសាធារណៈ ជាមួយប្រជាពលរដ្ឋ ប្រមាណ ២០០ នាក់ ដើម្បីដោះស្រាយពីបញ្ហានេះ ។ 

លោក ឡុង គីសឹង អភិបាលស្រុកសណ្ដាន់បានឱ្យដឹងថា ជាលទ្ធផលនៃអង្គវេទិកាទទួលបានដូចខាងក្រោម ៖ 

 ១-អាជ្ញាធរអគ្គិសនី និឹងដាក់ក្រុមការងារចុះស្ទង់នាឡិកាជូនប្រជាពលរដ្ឋទាំងអស់ដែលមានបញ្ហា ។

២-បន្ធូរបន្ថយ ការបង់ថវិកា អគ្គិសនី តាមរយៈសេវាករ ផ្គត់ផ្គង់អគ្គិសនី ចំពោះប្រជាពលរដ្ឋដែលជួបការលំបាក និងយឺតយ៉ាវ ។

៣-ពាំនាំបញ្ហាទាំងអស់ ដើម្បីជូនអាជ្ញាធរអគ្គិសនីកម្ពុជា ពិសេស ការរៀបចំតបណ្តាញអគ្គិសនីរដ្ឋឱ្យបានឆាប់មុនដំណាច់ឆ្នាំ២០២០ ។

៤-ខិតខំ បញ្ចុះតម្លៃបន្ថែមទៀត ពី ២៩០០ ៛ មក ២៧០០៛ និងអាចដល់ ២៥០០ ៛ តាមជាក់ស្តែង ។

កិច្ចប្រជុំ បានបញ្ចប់នៅវេលាម៉ោង ១២ថ្ងៃត្រង់ ដោយអាជ្ញាធរអគ្គិសនីកម្ពុជា បានទុកក្រុមការងារ ១ក្រុម និងមន្ត្រីនៃមន្ទីរ រ៉ែ និងថាមពលខេត្ត ដើម្បីរៀបចំថ្លឹង វាស់ នាឡិកាស្ទង់ជូនប្រជាពលរដ្ឋ ដែលមានបញ្ហា។ អង្គប្រជុំបានបញ្ចប់ដោយ ប្រជាពលរដ្ឋ បានយល់ព្រម និងរីករាយនូវអ្វីដែលយើងបានដោះស្រាយជូនពួកគាត់ ៕ប៊ុនរិទ្ធី


ចែករំលែក៖