ព័ត៌មានទាន់ហេតុការណ៍៖

Breaking News ៖ រសៀល លោក កឹម សុខា ដឹកនាំសមាជិក ចូលគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ម្តាយក្មេកសម្តេចតេជោ ហ៊ុន សែន

ចែករំលែក៖

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០នេះ លោក កឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្រ្គោះជាតិ បានដឹកនាំសមាជិករបស់លោកមួយចំនួន ចូលគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលត្រូវជាមាតាបង្កើត សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងជាមាតាក្មេកសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅភូមិគ្រឹះសម្តេចតេជោ ក្បែរវិមានឯករាជ្យ។
សូមបបញ្ជាក់ថា៖ ការចូលគោរពវិញ្ញាណក្ខន្ធដោយ លោក កឹម សុខា នាពេលនេះបានធ្វើឡើងបន្ទាប់ពីទទួលបានការអនុញ្ញាតពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងក្រុមគ្រួសាររបស់សព ខណៈដែលលោក កឹម សុខា ក៏បានផ្ញើសារទៅកាន់សម្តេចតេជោ ហ៊ុន សែន ផងដែរ ដើម្បីចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះ
ក្នុងនោះលោក កឹម សុខា បានសរសេរក្នុងសាររំលែកទុក្ខនោះយ៉ាងដូច្នេះថា៖ «មរណភាពរបស់អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី គឺជាការបាត់បង់មាតា ជីដូន ដែលជាអ្នកមានគុណដ៏ធំធេង ដែលបានចិញ្ចឹមបីបាច់ថែរក្សា និងអប់រំទូន្មានកូនចៅប្រកបដោយព្រហ្មវិហារធម៌»។

អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលត្រូវជាមាតា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានទទួលមរណភាពនាថ្ងៃចន្ទ ១៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ ២០២០ វេលាម៉ោង២៖១២នាទី ទៀបភ្លឺ ក្នុងជន្មាយុ៩៦ឆ្នាំ ដោយជរាពាធ។
វត្តមាន លោក កឹម សុខា និងសមាជិក មានការទទួលស្វាគមន៍សម្តេចតេជោ ហ៊ុន សែន ផងដែរ ក្នុងនាមជាភ្ញៀវមកចូលរួមបុណ្យសព្វម្តាយក្មេក៕ដោយ៖សិលា


ចែករំលែក៖