ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមចារកិច្ច Five Eyesថាវីរុសកូវីដកើតចេញពីធម្មជាតិ

ចែករំលែក៖

ពិភពលោក៖ ក្រោយពេលរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo បានប្រកាសថា វីរុសកូវីដ-១៩ បានកើតចេញពីមន្ទីរពិសោធន៍របស់ចិន ។ ប៉ុន្តែនៅពេលនេះ តាមលទ្ធផលស្រាវជ្រាវ ចារកិច្ច ៥ផ្សេងគ្នារបស់ក្រុមចារកិច្ចមកពី៥ប្រទេស ដែលហៅកាត់ថា Five Eyes (ភ្នែក៥) គឺកូវីដ-១៩ កើតចេញពីធម្មជាតិ មិនមែនកើតចេញពីបន្ទប់ពិសោធន៍របស់ចិននោះឡើយ។
ក្រុមចារកិច្ចភ្នែក៥តែងតែចែករំលែក ព័ត៌មានចារកិច្ច ហើយវាយតម្លៃរួមគ្នា សម្រេចយកលទ្ធផលចុងក្រោយ។ នៅពេលនេះ សមាជិកចារកិច្ច Five Eyes (ភ្នែក៥) បានបញ្ជាក់ថា មានភាគរយតិចណាស់ដែលថាវីរុសកូវីដ-១៩ កើតចេញពិីបន្ទប់ពិសោធន៍របស់ចិននោះ ។ តាមក្រុមចារកិច្ចបញ្ជាក់ថា វីរុសនេះកើតចេញពីផ្សារនៅចិនច្រើនជាង។
សារព័ត៌មាន CNN នៅថ្ងៃទី៥ខែឧសភា បានដកស្រង់សម្តីមន្ត្រីលោកខាងលិច២រូបដែលមិនបញ្ចេញឈ្មោះបានបញ្ជាក់ថា លទ្ធផលស្រាវជ្រាវចារកិច្ច បង្ហាញឲ្យឃើញថា មានលទ្ធផលផ្ទុយគ្នាពីការប្រកាសរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo ដែលប្រកាសថាវីរុសកូវីដ-១៩ ចេញពីបន្ទប់ពិសោធន៍របស់ចិននៅវូហាន។
តាមលទ្ធផលចារកិច្ចភ្នែក៥ ដែលសារព័ត៌មាន CNN បានដកស្រង់យកមកផ្សាយ បង្ហាញឲ្យឃើញថាកូវីដ-១៩ មិនមែនកើតចេញពីមន្ទីរពិសោធន៍នោះឡើយ គឺចេញពីធម្មជាតិ ក្នុងពេលមនុស្សប៉ះពាល់ជាមួយសត្វ។
នៅពេលនេះប្រទេសជាសមាជិក ចារកិច្ចភ្នែក៥បាន ឯកភាពគ្នាទៅលើលទ្ធផលបញ្ជាក់ថា កូវីដ-១៩កើតចេញពីធម្មជាតិរបស់វា។ នៅពេលនេះរដ្ឋាភិបាលអាមេរិកមិនទាន់មានប្រតិកម្មអ្វីជុំវិញ ការប្រកាសខាងលើនោះឡើយ។សម្ព័ន្ធចារកិច្ច ភ្នែក៥ ដែលមានចារកិច្ចមកពីប្រទេស ៥ចូលរួមក្នុងនោះមាន អាមេរិក អង់គ្លេស កាណាដា អូស្ត្រាលី និង ញូវហ្សេឡែន៕ធី រីណា


ចែករំលែក៖