ខេត្តត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃពុធ ១៥ កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមពិធីបញ្ចុះសព អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី មាតាក្មេក និងមាតាបង្កើត សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នៅភូមិទី២ ឃុំរការខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដែលជាស្រុកកំណើតរបស់អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ។
យាងនិមន្ត និងអញ្ជើញចូលរួមក្នុងពិធីបញ្ចុះសព អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា នាឱកាសប្រកប ដោយសេចក្ដីក្ដុកក្ដួល និងអាឡោះអាល័យបំផុតនាពេលនេះដែរ រួមមាន សម្ដេចព្រះរាជាគណៈ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកជំទាវ ព្រមទាំង ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងស្ថាប័នជាតិ និងញាតិមិត្តជិតឆា្ងយនៃសព អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ជាច្រើនរូបទៀត ។
សពអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ត្រូវបានដង្ហែរពីរាជធានីភ្នំពេញ មកដល់ទីបញ្ចុះសពនៅទឹកដីកំណើត នៅម៉ោងប្រមាណ១រសៀល ប្រកបដោយសេចក្ដីរំជួលចិត្តឥតឧបមា ដោយមានអ្នកឧកញ៉ាភក្ដីព្រះស្ដេច ហេង គឹមគុន ជាអ្នកដឹកនាំរៀបចំពិធីទៅតាមគន្លងប្រពៃណី រហូតដល់សពត្រូវបានបញ្ចុះនៅម៉ោង៣និង៣៣នាទី បន្ទាប់ពីបានតម្កល់ធ្វើពិធីបុណ្យទក្ខិណានុប្បទានតាមប្រពៃណីព្រះពុទ្ធសាសនា រយៈពេល២យប់៣ថ្ងៃ នៅគេហដ្ឋានរាជធានីភ្នំពេញ។
អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី កើតនៅថ្ងៃចន្ទ ១២កើត ខែពិសាខ ឆ្នាំឆ្លូវ ព.ស ២៤៦៨ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ១៩២៥ នៅក្នុងគ្រួសារកសិករ រស់នៅភូមិកោះបីពៃ ឃុំកោះពីរ ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម (បច្ចុប្បន្នខេត្តត្បូងឃ្មុំ) ដោយមានបិតានាម ឱក ប៊ុន និងមាតានាម ណៃ ហួយ ។ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនាបានទទួលមរណភាព ក្នុងជន្មាយុ៩៦ឆ្នាំ កាលពីវេលាម៉ោង២:១២នាទីទៀបភ្លឺ ថ្ងៃចន្ទ ១៣កើត ខែពិសាខ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ដោយជរាពាធ ។
ក្នុងសាររំលែកមរណទុក្ខជូនសម្ដេចអគ្គមហាសេនាបតីតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត កាលពីថ្ងៃទី៤ ខែឧសភាកន្លងទៅ សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ មន្ដ្រីរាជការស៊ីវិល និងកងកម្លាំងនគរបាលជាតិនៃក្រសួងមហាផ្ទៃ បានបង្ហាញ នូវសេចក្ដីក្តុកក្តួល និងសោកស្តាយឥតឧបមា ចំពោះមរណភាព របស់ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ដែលការបាត់បង់ មាតា មាតាក្មេក ជីដូនប្រកបដោយព្រហ្មវិហារធម៌ កត្តញ្ញូតាធម៌ សេចក្ដីសណ្ដោសប្រណី និងជាសាធុជនជាទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅបំផុត និងតែងបានលះបង់កម្លាំងកាយ និងបញ្ញាញាណ ខិតខំចិញ្ចឹមបីបាច់ថែរក្សា អប់រំទូន្មាន បុត្រ បុត្រីធីតា និងចៅៗបាន ប្រកប ដោយគន្លងធម៌ រហូតក្លាយជាប្រមុខដឹកនាំ ជាថ្នាក់ដឹកនាំ និងជាធនធានមនុស្សដ៏មានតម្លៃសម្រាប់សង្គមជាតិ ។
សម្ដេចក្រឡាហោម ក៏បានបង្ហាញនូវសេចក្ដីចងចាំជានិច្ចចំពោះគំរូវីរៈភាពដ៏ប្រពៃ និងគុណូបការៈដ៏ធំធេងរបស់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលជាកុលបុត្រខ្មែរដ៏ឆ្នើម និងជាពុទ្ធសាសនូបត្ថម្ភក ប្រកបដោយទឹកចិត្តសប្បុរសធម៌មួយរូប តែងយកចិត្តទុកដាក់ និងបរិច្ចាគទ្រព្យផ្ទាល់ខ្លួន យ៉ាងច្រើនដោយទឹកចិត្តជ្រះថ្លា ក្នុងបុព្វហេតុនៃសាសនា ការអប់រំសិក្សាធិការជាតិ និងមនុស្សធម៌ ព្រមទាំងបានកសាងសមិទ្ធផលជាច្រើន បម្រើដល់ឧត្តមប្រយោជន៍សង្គមជាតិ និងប្រពលរដ្ឋ រួមចំណែកដ៏សំខាន់ជាមួយរាជរដ្ឋាភិបាលកម្ពុជា នាំមកនូវសេចក្ដីចម្រុងចម្រើន និងសម្បូររុងរឿងក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋខ្មែរ។
ក្នុងនាមភរិយា ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីរាជការស៊ីវិល និង នគរបាលជាតិនៃក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង សូមអនុញ្ញាតចូលរួមចែករំលែកនូវមរណទុក្ខដ៏សែនក្រៀមក្រំនេះ ជាមួយសម្ដេចអគ្គមហាសេនាបតីតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ និងសូមឧទ្ទិសបួងសួងជូនដួងវិញ្ញាណក្ខន្ធរបស់ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន សាងលី សូមបានទៅកាន់ឋានបរមសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ៕ដោយ៖សិលា