ភ្នំពេញ៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានចេញសេចក្តីជូនដំណឹងមួយកាលពីល្ងាចថ្ងៃទី០៨ ខែឧសភានេះថា ក្រសួងនឹងចាត់វិធានការតាមផ្លូវច្បាប់ដោយមិនលើកលែងឡើយចំពោះបុគ្គល ឬក្រុមជនទាំងឡាយណាដែលប្រើប្រាស់សារជាអក្សរ សំឡេង រូបភាពឬវីដេអូ តាមគេហទំព័រ ឬ បណ្តាញព័ត៌មានសង្គម បង្កឱ្យមានផលប៉ះពាល់ដល់វប្បធម៌ ទំនៀម ទម្លាប់ ប្រពៃណី អត្តសញ្ញាណ និងកិត្យានុភាពជាតិ។
យោងតាមសេចក្តីណែនាំមួយចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លោកស្រី ភឿង សកុណា កាលពីថ្ងៃទី០៨ ខែ ឧសភា ឆ្នាំ ២០២០ ស្តីអំពីការចាត់វិធានការទប់ស្កាត់ការផ្សព្វផ្សាយ ឬការចែកចាយខ្លឹមសារព័ត៌មាន សារជាអក្សរ សំឡេង រូបភាព និងវីដេអូ និងទម្រង់ផ្សេងៗដែលបណ្តាលឲ្យមានផលប៉ះពាល់ចំពោះវប្បធម៌ ទំនៀមទម្លាប់ប្រពៃណីជាតិ។ សេចក្តីណែនាំបានបញ្ជាក់ថា ក្រុមប្រឹក្សាវិន័យ និងលើកសរសើរ នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានសង្កេតឃើញថាមានអ្នកប្រើប្រាស់គេហទំព័រ និងបណ្តាញទំនាក់ទំនងសង្គមមួយចំនួនពិសេសអាជីវករតាមប្រព័ន្ធអនឡាញ អ្នកនិពន្ធបទភ្លេង ទំនុកច្រៀង និងអ្នកសម្តែងក្រៅប្រព័ន្ធ បានផ្សព្វផ្សាយរូបភាព សារជាអក្សរ សំឡេង និងវីដេអូប្រកបដោយអសីលញាណ ប្រាសចាកក្រមសីលធម៌ បង្កឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វប្បធម៌ ទំនៀមទម្លាប់ប្រពៃណី អត្តសញ្ញាណ និងកិត្យានុភាពជាតិ ជារឿយៗ។ ដើម្បីបញ្ចៀសនូវផលប៉ះពាល់នេះនិងរក្សាបាននូវសេចក្តីថ្លៃថ្នូរព្រមទាំងគុណតម្លៃក្នុងនាមជាពលរដ្ឋកម្ពុជា ក្រុមប្រឹក្សាវិន័យនិងលើកសរសើរសូមធ្វើការណែនាំដល់អ្នកប្រើប្រាស់គេហទំព័រ និងបណ្តាញទំនាក់ទំនងសង្គមទាំងអស់ សូមបញ្ឈប់ នូវការផ្សព្វផ្សាយគ្រប់រូបភាពអក្សរ សំឡេង និងវីដេអូដែលមានចរិតលក្ខណៈអាសអាភាស ស្រើបស្រាល អុជអាល បំបែកបំបាក់ ប្រកាន់ពូជសាសន៍ពណ៌សម្បុរ ដែលបង្កឲ្យមានផលប៉ះពាល់ដល់វប្បធម៌ ទំនៀមទម្លាប់ សាសនា សេចក្តីថ្លៃថ្នូរ និងកិត្យានុភាពសង្គមជាតិ ចាប់ពីថ្ងៃចេញសេចក្តីណែនាំនេះតទៅជាកំហិត។
ក្រសួងបញ្ជាក់ថា ក្នុងករណីដែលបុគ្គល ឬក្រុមណាមួយនៅតែបន្តប្រព្រឹត្តសកម្មភាពអវិជ្ជមានខាងលើ ក្រុមប្រឹក្សាវិន័យ និងលើកសរសើរ នឹងសហការជាមួយក្រសួងមហាផ្ទៃ ឬ និងក្រសួងព័ត៌មាន ឬ និងក្រសួងប្រៃណីយ៍ និងទូរគមនាគមន៍ ឬនិងក្រសួងពាក់ព័ន្ធមួយចំនួនទៀត ចាត់វិធានការដោយអនុលោមតាមក្រមសីលធម៌នៃអ្នកសិល្បៈ ឬនិងប្រកាសរបស់អន្តរក្រសួងស្តីអំពីការគ្រប់គ្រងតាមគេហទំព័រ និងបណ្តាញទំនាក់ទំនងសង្គម ឬនិងដាក់ពាក្យបណ្តឹងទៅតុលាការអនុលោមតាមក្រមព្រហ្មទណ្ឌ ឬនិងច្បាប់ស្តីអំពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទអាស្រ័យទៅតាមស្ថានបទល្មើស។
គួរបញ្ជាក់ដែរថា កន្លងទៅមានការរិះគន់ជាច្រើនទៅលើសិល្បករសិល្បការិនីមួយចំនួនដែលបានបញ្ចេញរូបភាពសិចស៊ីជ្រុលហួសហេតុ រួមដោយការប្រើប្រាស់ពាក្យពេចន៍មិនសមរម្យផងដែរ។ ក្នុងនោះដែរគេក៏សង្កេតឃើញមានអាជីវករលក់ដូរទំនិញតាមអនឡាញជាច្រើនបានបង្កើតចេញជារូបភាពសិចស៊ីជ្រុសហួសហេតុដែលនាំឲ្យប៉ះពាល់ដល់វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី ជំនឿសាសនា និងសេចក្តីថ្លៃថ្នូររបស់សង្គមជាតិ។ សម្រាប់អ្នកលេងបណ្តាញសង្គមជាច្រើនផ្សេងទៀតដែលមិនមែនជាសិល្បករ និងអាជីវករក៏បានបង្កឲ្យមានសកម្មភាពមួយចំនួនដែលនាំឲ្យមានការរិះគន់ផងដែរ។ គេសង្ឃឹមដែរថាតាមរយៈការបង្កើតឲ្យមានក្រុមប្រឹក្សាវិន័យ និងលើកសរសើរនេះនឹងចូលរួមចំណែកលើកកម្ពស់ការប្រុងប្រយ័ត្នរបស់ប្រជាពលរដ្ឋទូទៅនិងជាការលើកកម្ពស់សេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋដែលមានវប្បធម៌ប្រពៃណី និងសីលធម៌គួរជាទីគោរពនោះ៕
ដោយ៖វឌ្ឍនា