ខេត្តស្វាយរៀង៖ បុរសដែលគេស្គាល់ថាជាបុគ្គលិកអង្គការប្រាសាក់ម្នាក់បានស្លាប់នៅនឹងកន្លែងដោយសារ ករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងគោយន្តកន្ត្រៃដឹកទឹកសុទ្ធគ្មានចំណាំងផ្លាត គ្មានភ្លើងបំភ្លឺឈប់អែបចិញ្ចើមផ្លូវបានបើកម៉ូតូមួយគ្រឿងមកពីក្រោយ ហើយបុកពីចំហៀងខ្ទាតចូលក្រោមរថយន្តមួយគ្រឿងទៀត កិនពីលើស្លាប់បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៧និង៥នាទីយប់ ថ្ងៃទី ៨ ខែឧសភា ឆ្នាំ ២០២០លើផ្លូវជាតិលេខ១៣ត្រង់ចន្លោះគីឡូម៉ែត្រលេខ ៣១-៣២ក្នុងភូមិថ្មី ឃុំអណ្តូងពោធិ៍ ស្រុករមាសហែក ។
បើតាមសមត្ថកិច្ចនគរបាលស្រុក បានឱ្យដឹងថា បុរសរងគ្រោះមានឈ្មោះអ៊ុក ចំរើន អាយុ២៩ឆ្នាំ មុខរបរបុគ្គលិកប្រាសាក់ រស់នៅភូមិត្រោក ឃុំអំពិល ស្រុករមាសហែក ជិះម៉ូតូម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខស្វាយរៀង១I.៧៩៩៦។
ចំណែកអ្នកបើកបរគោយន្តកន្ត្រៃម៉ាកគូបូតា ពណ៌ក្រហម ដឹកទឹកសុទ្ធពេញទ្រុងមិនត្រូវបានគេស្គាល់ឈ្មោះនោះទេព្រោះក្រោយបង្កហេតុបានរត់គេចខ្លួនបាត់។
រីឯអ្នកបើករថយន្តម៉ាកJAC ពណ៌សពាក់ស្លាកលេខរដ្ឋ១៤ ២-១២២៤ក៏មិនត្រូវបានគេស្គាល់អត្តសញ្ញាណដូចគ្នាដែរបានរត់គេចខ្លួនភ្លាមៗពីកន្លែងកើតហេតុ។
សមត្ថកិច្ចបានបញ្ជាក់ទៀតថា មុនកើតហេតុមានគោយន្តកន្ត្រៃមួយគ្រឿងដឹកទឹកសុទ្ធបញ្ឈរនៅប្របចុញ្ចើមផ្លូវ ពីទិសខាងត្បូងទៅទិសខាងជើង គ្មានចំណាំងផ្លាត គ្មានភ្លើងបំភ្លឺ ខណៈនោះស្រាប់តែមានបុរសម្នាក់ជិះម៉ូតូមួយគ្រឿង បើកពីទិសខាងត្បូងមកទិសខាងជើងស្របទិសគ្នាហើយក៏បុកប៉ះពីចំហៀងគោយន្តបណ្ដាលឱ្យខ្ទាតដួលទៅលើផ្លូវថ្នល់ផុតគំនូសកណ្តាល ក៏ត្រូវរថយន្តបើកពីទិសខាងជើង ទៅត្បូងកិនពីលើបណ្តាលឱ្យស្លាប់នៅនិឹងកន្លែងកើតហេតុតែម្ដង។
ក្រោយមកសមត្ថកិច្ចបានធ្វើការវាស់វែងវត្ថុតាងមានរថយន្ត ម៉ូតូនិងគោយន្តអូសយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកនិង បានប្រគល់ សពទៅឱ្យក្រុមគ្រួសារយក ទៅធ្វើបុណ្យតាមប្រពៃណី៕យឹម សុថាន