ព័ត៌មានទាន់ហេតុការណ៍៖

តុលាការឃុំខ្លួនជនសង្ស័យម្នាក់ផឹកស្រា ស្រវឹងយកដំបងវាយគេឱ្យរបួសហូរឈាមស្រោចពេញខ្លួននៅស្រុកពញាឮ

ចែករំលែក៖

ខេត្តកណ្តាល៖ ជនសង្ស័យម្នាក់ផឹកស្រាស្រវឹងយកដំបងទៅវាយគេបណ្តាលឱ្យរបួសហូរឈាមស្រោចពេញខ្លួន ត្រូវបានលោក រស់ ផុនចាន់និមល ចៅក្រមសុើបសួរសាលាដំបូងខេត្តកណ្តាល នៅល្ងាចថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០ បានសម្រេចចេញដីកាឃុំខ្លួន ដាក់ពន្ធនាគារបណ្តោះអាសន្ន ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស តាមមាត្រា២១៨ នៃក្រមព្រហ្មទណ្ឌដែល

ប្រព្រឹត្តនៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ ២០២០ វេលាម៉ោង១៩ និង៣០នាទី នៅចំណុចភូមិស្រះពោធិ៍ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ គុណ វណ្ឌី ហៅនី ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ផ្កាស្រស់ មានទីលំនៅភូមិ ស្រះពោធិ៍ ឃុំ ផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល។

ចំណែកជនត្រូវចោទឈ្មោះ សេក ចាន់ថន ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ 

មានទីលំនៅភូមិ ស្រះពោធិ៍ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល។

នគរបាលស្រុកពញាឮ បានប្រាប់ឱ្យដឹងថា៖ ជនរងគ្រោះកំពុងអង្គុយស៊ីផឹកនៅផ្ទះរបស់ខ្លួនជាមួយបងប្អូន ចំណែកជនសង្ស័យ ក៏កំពុងអង្គុយស៊ីផឹកជាមួយមិត្តភក្តិនៅផ្ទះឈ្មោះ សំអាត ភេទប្រុស រស់នៅ ភូមិ ឃុំ កើតហេតុខាងលើដែរ។ នៅពេលកំពុងផឹកស្រា ជនសង្ស័យបានស្រែកជេរដៀមដាម និង ជេរមកលើក្រុមគ្រួសារជនរងគ្រោះ ខណៈនោះដែរ ជនរងគ្រោះ បាននិយាយជាមួយប្អូនថ្លៃរបស់ខ្លួនឈ្មោះ ឡុច សុឡែន ភេទប្រុស ថា គួរទៅសួរវាអត់? ព្រោះសុខៗវាជេរយើងចឹង? ប្អូនថ្លៃក៏បានឆ្លើយថា មិនបាច់ទៅសួរនាំវាទេ បើវាឆ្គួតឱ្យវាឆ្គួតតែវាទៅ។ បន្ទាប់មក ជនរងគ្រោះក៏បានផឹកស៊ីបន្តជាមួយបងប្អូន ចំណែកជនសង្ស័យ នៅតែបន្តជេរដដែល។ បានមួយស្របក់ ជនសង្ស័យក៏បានងើបដើរចេញពីកន្លែង វង់ស៊ីផឹកនៅផ្ទះឈ្មោះសំអាតដើរសំដៅទៅផ្ទះរបស់ខ្លួនដែលនៅក្បែរនោះ។  ឃើញដូចនេះជនរងគ្រោះក៏បាន ងើបចេញពីវង់ផឹកស៊ី នៅផ្ទះរបស់ខ្លួន ដើរពីក្រោយជនសង្ស័យដើម្បីសួរនាំ លុះពេលទៅដល់មុខផ្ទះជនសង្ស័យ  ជនរងគ្រោះក៏បានហៅជនសង្ស័យឱ្យឈប់ព្រមទាំងបានសួរនាំ ភ្លាមៗនោះអ្នកទាំងពីរក៏ទាស់ពាក្យសម្តី ឈ្លោះប្រកែកគ្នា និងបានវាយប្រតាយប្រតប់គ្នាទៅវិញទៅមក ។

ខណៈនោះស្រាប់តែជនសង្ស័យបានយកដំបងឫស្សី ដែលឋិតនៅក្បែរនោះ វាយមកលើជនរងគ្រោះមួយដំបងបណ្តាលឱ្យបែកក្បាលហូរឈាមដួលសន្លប់តែម្តង ។

ឃើញដូចនេះ ក្រុមគ្រួសារជនរងគ្រោះក៏បានរត់ចូលទៅឃាត់ដើម្បីបំបែកចេញ។

បន្ទាប់មកក្រុមគ្រួសារបស់ជនរងគ្រោះបានបញ្ជូន

ជនរងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ។ដោយ៖  ឆ ដា


ចែករំលែក៖