ព័ត៌មានទាន់ហេតុការណ៍៖

កងរាជអាវុធហត្ថស្រុកបុរីអូរស្វាយសែនជ័យ សហការជាមួយកម្លាំងចម្រុះ ចុះបង្ក្រាបទីតាំងលួចលាក់ស្តុកឈើអត់ច្បាប់

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ទីតាំងស្តុកឈើលួចលាក់អត់ច្បាប់ជាច្រើនសន្លឹកត្រូវសមត្ថកិច្ចបង្ក្រាបនិងដកហូតយកទៅរក្សាទុកនៅនៅសង្កាត់រដ្ឋបាលព្រៃឈើដុងក្រឡ ក្រោមការចង្អុលបង្ហាញ និងដឹកនាំដោយលោកស្វាយ ពុទ្ធារ៉ា អភិបាលរងស្រុកបុរីអូរស្វាយសែនជ័យ បានចុះបង្ក្រាបដល់ទីតាំងស្តុកឈើតែម្តង នៅវេលាម៉ោង១៦និង៤០នាទី ថ្ងៃសុក្រ២រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០ ត្រង់ចំណុចក្រុមហ៊ុនជីជីវ៉ើ (G G VE) ស្ថិតក្នុងភូមិកោះកី ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។

លោកហេង ណាន មេបញ្ជាការកងរាជអាវុធហត្ថ ស្រុកបុរីអូរស្វាយសែនជ័យ បានឲ្យដឹងថា: មុនធ្វើការបង្រ្កាបឈើស្តុកទុកខាងលើនេះ គឺដោយមានការចង្អុលបង្ហាញពីពលរដ្ឋ ហើយមានការដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះ ចុះបង្ក្រាបដល់ទីតាំងដោយលោកស្វាយ ពុទ្ធារ៉ា អភិបាលរងស្រុកបុរីអូរស្វាយសែនជ័យ ទើបឈានដល់ការបង្ក្រាបឈើប្រភេទសុក្រំ ចំនួន១១៩សន្លឹក តែបច្ចប្បន្ននៅមិនទាន់ដឹងពីចំនួនម៉ែត្រគូបនៅឡើយ។

លោកបន្តទៀតថា: ក្រោយការបង្រ្កាបគំនរឈើសុក្រំនៅចំណុច(UTM 618313.1520743) សមត្ថកិច្ចបានប្រគល់ឲ្យទៅមន្ត្រីជំនាញសង្កាត់រដ្ឋបាលព្រៃឈើដុងក្រឡ យកទៅរក្សាទុកដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ដោយ៖មាស សុផាត


ចែករំលែក៖