ខេត្តពោធិ៍សាត់៖ អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន មន្ត្រីស្ថាប័នជំនាញពាក់ព័ន្ធដែលបានចុះប្រតិបត្តិការផ្ទាល់បានប្រាប់បុគ្គលិកមជ្ឈមណ្ឌលព័ត៌មាន(នគរវត្ត)តាមទូរស័ព្ទនាព្រឹកថ្ងៃសៅរ៍ ៣រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២០ នេះថា កម្លាំងពុំទាន់ដកថយក្នុងការស្រាវជ្រាវសុើបអង្កេតតាមវែករកមុខជនដៃដល់ ក្នុងករណីសម្លាប់កុមារីអាយុ ៧ឆ្នាំ ដើម្បីយកមកបន្តនីតិវិធីច្បាប់នៅឡើយនោះទេ បើទោះជាបានឃាត់ខ្លួនមុខសញ្ញាជាឃាតក និងជនសង្ស័យជាប់ពាក់ព័ន្ធជាច្រើននាក់ក្ដី ហើយជនខាងលើយើងមានសាក្សីនិងភស្តុតាងអាចយកជាផ្លូវការបាន បើទោះជាជនសង្ស័យដៃដល់ពុំបានឆ្លើយសារភាពក្តី ប៉ុន្តែយ៉ាងមិញយើងរង់ចាំលទ្ធផលស្រាវជ្រាវពីមន្រ្តីអង្គភាពការពារកុមារ CPUសិន ក្នុងនោះដែរខាងមន្ត្រីបច្ចេកទេសថ្នាក់ខេត្តបានសន្និដ្ឋានជាបឋមថាជាករណី(ឃាតកម្មសម្លាប់យកទ្រព្យសម្បត្តិ) ពុំជាប់ពាក់ព័ន្ធ(រំលោភសម្លាប់)នោះទេ ព្រោះកុមារីរងគ្រោះមានពាក់គ្រឿងអលង្ការដូចជាក្រវិលមាស ១គូទម្ងន់ ៥ហ៊ុន និងខ្សែកផ្លាទីនដែលមានតម្លៃជាទឹកប្រាក់ប្រមាណជា៥០មុឺនរៀលផងដែរ ។
ប្រភពព័ត៌មានខាងលើបន្តទៀតថា កុមារីរងគ្រោះឈ្មោះ រ ស ព អាយុ ៧ឆ្នាំ ជនជាតិខ្មែរ ជាកូនទី២ របស់ស្រ្តីឈ្មោះ ចាប់ រ៉ាឌីន អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ ឪពុក(ស្លាប់) បច្ចុប្បន្ន រស់នៅភូមិព្រែក ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។ ស្លាកស្នាមលើខ្លួនប្រាណសពកុមារី គឺជើងចងដោយខ្សែនីឡុង ដៃចងដោយស្មៅព័ទ្ធមកក្រោយ យកខោរុំមាត់ច្រមុះ និងការុងរុំពីលើបន្ថែម ដើមទ្រូងជាំខ្មៅ ថ្គាមបាក់ខាងឆ្វេង កបាក់ ក្បាលទ្រុឌ ដែលការសម្លាប់នេះមានភាពសាហាវព្រៃផ្សៃក្រៃលែង ។
គួររំលឹកថា ហេតុការណ៍ខាងលើអាចកើតឡើង ក្នុងចន្លោះម៉ោងជាង១១ថ្ងៃត្រង់ហើយគេប្រទះឃើញសពនៅចន្លោះម៉ោងជាង២ រសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០ ត្រង់ចំណុចគុម្ពោតព្រៃខាងក្រោយភូមិចម្ងាយប្រមាណ ១០០ម៉ែត្រ ស្ថិតក្នុងភូមិព្រែក ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ៕
ដោយ៖ បុឹម ពិន