ព័ត៌មានទាន់ហេតុការណ៍៖

ថ្ងៃមុនកូនចៅប្រធានាធិបតីត្រាំ ឆ្លងកូវីដ-១៩ ថ្ងៃនេះដល់វេនកូនចៅអនុប្រធានាធិបតីវិញម្តង

ចែករំលែក៖

អាមេរិក៖មកដល់ពេលនេះអាមេរិកមានអ្នកឆ្លងកូវីដ-១៩កើនឡើងដល់ទៅជាង១,៣២ លាននាក់ និងមានអ្នកស្លាប់កើនឡើង ដល់ទៅ ជាង៧៨ពាន់នាក់ ។ រដ្ឋាភិបាលអាមេរិក បានបរាជ័យក្នុងការទប់ស្កាត់ ធ្វើឲ្យមានពលរដ្ឋអាមេរិកស្លាប់ និងឆ្លងស្មើ១ភាគ៣លើពិភពលោក។
ប៉ុន្តែអ្វីដែលគួរឲ្យព្រួយបារម្ភនោះគឺកូវីដ-១៩ បានចូលដល់សេតវិមានហើយ ដោយកន្លងមក មានទាហានម្នាក់ដែលបម្រើផ្ទាល់ប្រធានាធិបតីដូណាល់ ត្រាំឆ្លងកូវីដ-១៩ ហើយពេលនេះអ្នកនាំពាក្យអនុប្រធានាធិបតី អាមេរិក ក៏រកឃើញឆ្លងដែរ។ អ្វីដែលគេព្រួយបារម្ភខ្លាំងនោះគឺមេដឹកនាំអាមេរិកមានវ័យ ជាង៧០ឆ្នាំទៅហើយ បើឆ្លងកូវីដនោះអាចនឹងមានរឿងអាក្រក់កើតឡើង។
នៅពេលនេះលេខាព័ត៌មានរបស់អនុប្រធានាធិបតីអាមេរិក លោក Mike Pence គឺនាង Katie Millerបានធ្វើតេស្តរកឃើញឆ្លងកូវីដ-១៩។ ជាមួយគ្នានេះ លោកត្រាំបានប្រកាសថា«នាង Katie Miller បានធ្វើតេស្តអវិជ្ជមានចំពោះកូវីដ-១៩ជាច្រើនលើកកន្លងមក ប៉ុន្តែថ្ងៃនេះ បែរជាធ្វើតេស្តរកឃើញវិជ្ជមានកូវីដ-១៩ទៅវិញ»។ លោកស្រី Katie Miller ក៏ធ្វើការនៅសេតវិមានផងដែរ ប៉ុន្តែលោកត្រាំប្រកាសថា លោកមិនដែលបានជួបនាងឡើយ។
បុគ្គលិកសេតវិមាន ឆ្លងកូវីដ-១៩ បង្កក្តីបារម្ភយ៉ាងខ្លាំង ពីការឆ្លងរាលដាលដល់មន្ត្រីជាន់ខ្ពស់ ក្នុងនោះមានប្រធានាធិបតី និងអនុប្រធានាធិបតី។ នៅពេលនេះបុគ្គលិកសេតវិមានបានត្រូតពិនិត្យជាប្រចាំ ហើយត្រូវពាក់ម៉ាស់ជាប់ជានិច្ច៕ដោយ៖ធី រីណា

 


ចែករំលែក៖