ខេត្តកណ្តាល៖ បើយោងតាម ច្បាប់ស្តីពី របបសោធននិវត្តន៍ និងសោធនបាត់បង់សមត្ថភាពការងារ របស់មន្ត្រីនគរបាលជាតិ ដែលប្រកាសអោយប្រើប្រាស់ដោយ ក្រឹត្យលេខ ១០ក្រ ចុះថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ១៩៩៣ អាយុលោកឧត្តមសេនីយ៍ត្រី វ៉ែន សុវិន អត្តលេខ ០២៤៤៤ ស្នងការរងទទួលផែនចរាចរណ៍នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ត្រូវចូលនិវត្តន៍ ចំនួន ៣ខែមកហើយ ប៉ុន្តែលេចឮ ពីមន្ត្រីថាគាត់ បានព្យាយាមរត់ការ ដើម្បីពន្យារកំណើតអោយបាន ១ឆ្នាំទៀត។
ពាក់ព័ន្ធករណីនេះ លោក វ៉ែន សុវិន បានបដិសេធថាគាត់ មិនទាន់ដល់អាយុចូលនិវត្តន៍ មានតែស្នងរងម្នាក់គត់ដែលចាស់ អាយុច្រើនជាងគាត់ អាចច្រណែនទើបលេចចេញជាករណីនេះឡើង។ ជាមួយអង្គភាព «នគរវត្ត»នៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២០ លោក វ៉ែន សុវិន បានប្រាប់តាមទូរស័ព្ទថា « អាយុខ្ញុំមិនទាន់ដល់ចូលនិវត្តន៍ទេ អ្នកនិយាយថាចូលនិវត្តន៍៣ខែនោះខុសហើយ ពួកគេផ្តល់ព័ត៌មាន មិនត្រឹមត្រូវទេ បើមកមើលឯកសារខ្ញុំ.. នោះបានដឹងច្បាស់ តែការផ្តល់ឯកសារវាខុសពីគោលការណ៍មន្ត្រីនគរបាលជាតិ».។
ទោះបី លោកឧត្តមសេនីយ៍ត្រី វ៉ែន សុវិន ស្នងការរង ទទួលផែនចរាចរណ៍ លើកឡើងបែបនេះក៏ដោយ តែមន្ត្រីបានទម្លាយថា៖ គាត់រកចំណូលដោយភាពមិនប្រក្រតី ក្នុងតួនាទី ភារកិច្ច អំណាច ប្រមូលប្រភពសេដ្ឋកិច្ចដោយអំពើពុករលួយ បានច្រើនក្នុង១ខែៗ ជាមួយនឹងចរិកដឹកនាំកៀបសង្កត់កូនចៅ (កៀបក្តាមយកឈាម) គិតតែផលប្រយោជន៍បុគ្គល ពុំបានគិតដល់ផលប៉ៈពាល់មជ្ឈដ្ឋានរិៈគន់ ការមិនពេញចិត្តពីអ្នករកសុី ក្រុមហ៊ុនដឹកជញ្ជូន ការយកលុយដោះដូរកូនចៅ ការអោយទៅឈតាមគោលដៅ គឺដឹងតែលុយ ..!
មន្ត្រីបានបង្ហើបថា៖ «ប្រភពចំណូលច្រើនចឹងតើ បានលោក វ៉ែន សុវិន ស្នងការរង ខេត្តកណ្តាល មិនចង់ចូលនិវត្តន៍»..ក្នុងនោះ គាត់តែងយកលុយពីការដោះដូរ កូនចៅគ្រប់ក្រុង-ស្រុក , យកលុយពីក្រុមហ៊ុនដឹកជញ្ជូនដូចជា៖ ក្រុមហ៊ុន(ឆន), ក្រុមហ៊ុន(SR),ក្រុមហ៊ុន(DN),ក្រុមហ៊ុន(TENG LAY)…រថយន្តធំៗដឹកអេតចាយ.. រថយន្តដឹកខ្សាច់ ថ្ម ដី គ្រួស ឡើងស្ពានព្រែកសំរោង។ល។ ក្រៅពីនេះ ក៏មិនលើកលែងចំពោះកូនចៅនគរបាលចរាចរណ៍ឈជើងតាមគោលដៅ មានដូចជាគោលដៅក្នុងក្រុងតាខ្មៅ រួមមាន៖ ១-គោលដៅអា៩,
២-គោលដៅសាលាខេត្ត ,៣-គោលដៅសេះស និង៤-គោលដៅព្រែកហូរ ជាដើម។ នេះមិនគិតពីការ រកប្រយោជន៍ លើដំណោះស្រាយគ្រោះថ្នាក់ចរាចរណ៍ កាត់ភាគរយពីជនបង្ក ពីជនរងគ្រោះ រាល់សំណងរដ្ឋប្បវេណី ដោះស្រាយត្រឹម មន្ត្រីនគរបាលយុត្តិធម៌ , ការរក្សាទុកយានយន្តជាបណ្តោះអាសន្ន ជាដើម។
ចំពោះការលើកឡើងខាងលើនេះ លោក វ៉ែន សុវិន ស្នងការរង ខេត្តកណ្តាល មិនបានធ្វើការបកស្រាយទេ តាមទូរស័ព្ទជាមួយអង្គភាព«នគរវត្ត» លោកគ្រាន់តែនិយាយថា៖ ខ្ញុំមិនបកស្រាយទេ បើប្រាប់ទៅ..! វាវែងឆ្ងាយ ហើយប្រើពេលយូរ អ្វីៗគេចេះបន្តបង្កើតរឿងធ្វើបាបខ្ញុំ ចឹងហើយសូមផ្តល់យុត្តិធម៌ដោយការយោគយល់ផង…! ខ្ញុំមិនអាក្រក់ដល់ថ្នាក់ហ្នឹងពេកទេ..។
មន្ត្រីបានធ្លោយថា៖ សម័យស្នងការមុនចេះតែកាប់ដាវបាន គួបផ្សំមូលមតិគ្នា របៀប«កន្ទេលធំបន្លំដេក» ..តែសម័យលោកស្នងការថ្មី បើលោកដឹងដោយពិតប្រាកដ មានមូលដ្ឋាន គឺមិនអាចទទួលយកបាន រាល់ការដឹកនាំតាមជំនាញ មានភាពមិនប្រកតី៕
ដោយ៖សុខ ខេមរា