ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមហ៊ុនមួុយនៅភ្នំពេញ ប្រគល់ម៉ូតូ១គ្រឿង និងមួកសុវត្ថិភាពឲ្យបុរសដុតម៉ូតូ

ចែករំលែក៖

ខេត្តប៉ៃលិន ៖ នាយិកាក្រុមហ៊ុនម៉ូតូមួយកន្លែង យីហោ «ក្រុមហ៊ុន អប់ប៉ា ត្រេឌីង ឯ.ក» ដែលមានទីតាំង ស្ថិតនៅផ្ទះលេខ២៦៤ ផ្លូវ២៧១ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដែលមានអាក់ខោនហ្វេសប៊ុកឈ្មោះ (Kunthea Lim) បានផ្ញើម៉ូតូ១គ្រឿងជូនបុរសម្នាក់ដែលដុតម៉ូតូចោលដោយសារនគរបាលចរាចរណ៍ពិន័យលុយ១២ម៉ឺនរៀលកាលពីថ្ងៃទី១ខែឧសភា ម៉ូតូនោះបានទៅដល់ខេត្តប៉ៃលិន កាលពីម៉ោង១១ និង៣០នាទីយប់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០ នេះហើយ។

ម៉ូតូនេះម៉ាកស៊ុយហ្ស៊ុយគីស្មាស ពណ៌ខ្មៅ មានតម្លៃជាង១០០០ដុល្លារផ្តល់ជូនដោយ

ភ្នាក់ងារសារព័ត៌មានម្នាក់ប្រចាំការ នៅខេត្តប៉ៃលិនជាតំណាងឱ្យម្ចាស់ក្រុមហ៊ុនខាងលើនាវេលា ៨និង៣០នាទីព្រឹកថ្ងៃទី៩ ខែឧសភា ដោយប្រគល់ជូនជាមួយមួកសុវត្ថិភាពចំនួនពីរផងដែរ។

សូមបញ្ជាក់ថា បុរសនេះបានដុតម៉ូតូចាស់របស់ខ្លួនចោលនៅមុខ

នគរបាលចរាចរណ៍ កាលពីថ្ងៃទី០១ ខែឧសភាឆ្មាំ២០២០ព្រោះតែខឹងនគរបាលផាកពិន័យ១២ម៉ឺនរៀល មិនពាក់មួកសុវត្ថិភាព និងគ្មានស្លាកលេចខណ:ដែលរូបគាត់ប្រញាប់ឌុបកូនយកទៅមន្ទីរ

ពេទ្យបង្អែកខេត្តប៉ៃលិនដើម្បីយកកូន ដេររបួសក្បាល ដែលមែកឈើធ្លាក់ចំពីលើ។ បុរសនេះគាត់សុំនគរបាល ចរាចរណ៍សុំបង់លុយត្រឹម២ម៉ឺនរៀល ទុក៨ម៉ឺនរៀលបង់ថ្លៃពេទ្យនិងទិញបាយនំចំណីឲ្យកូន  តែសមត្ថកិច្ចមិនព្រមគាត់ខឹងក៏ដុតម៉ូតូចោលតែម្តងទៅ ។  លុះមកដល់ថ្ងៃទី៧ខែ ឧសភា ទើបគាត់ចូលខ្លួនសុំទោសសមត្ថកិច្ច។

 ប្រភពព័ត៌មានបានឱ្យដឹងថា÷ បុរសដែលទទួលបានម៉ូតូពីក្រុមហ៊ុនខាងលើ មាន ឈ្មោះ ដួង វិឆ័យ ភេទប្រុស អាយុ៣៣ឆ្នាំ ប្រពន្ធ ឈ្មោះ ថាប់ ឡាត់ អាយុ២៥ឆ្នាំមានកូនក្នុងបន្ទុកចំនួន៣នាក់ ប្រុស២ ស្រី១ រស់នៅភូមិទួលខ្ពស់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ មានជីវភាពក្រីក្រ ។ 

 លោកដួងវិឆ័យដែលទទួលបានម៉ូតូ១

គ្រឿងបានឱ្យដឹងថាលោកនិងក្រុមគ្រួសារពិតជាមានការត្រេកអរយ៉ាងខ្លាំងពន់ពេក មិនដឹងយកអ្វីទៅប្រៀបផ្ទឹមនោះទេ ហើយក៏សូមលើកម្រាមដៃ១០ ថ្លែងអំណរគុណដល់លោកស្រីនាយិកាក្រុមហ៊ុនម៉ូតូខាងលើ ឱ្យទទួលបាននូវសុខភាពល្អ កម្លាំងមាំមួន ប្រាជ្ញាឈ្លាសវៃប្រកបរបររកទទួលទានបានជោគជ័យគ្រប់ពេលវេលា ជាពិសេសសូមឱ្យនាយិកាក្រុមហ៊ុនម៉ូតូជួបតែមនុស្សល្អ ។ 

 ចំណែក លោក ង៉ែត ទូច ជាឪពុកក្មេក និង ជាមេភូមិទួលខ្ពស់  ក៏បានថ្លែងអំណរគុណ ដល់ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន ដែលបានជួយអន្តរគមន៍ និងលើកលែងទោសឱ្យកូនប្រសារបស់គាត់ដែលល្មើសនឹងច្បាប់ចរាចរណ៍ហើយបែរជាដុតម៉ូតូផ្គើននឹងសមត្ថកិច្ចនគរបាលចរាចរទៀត។  លោកក៏ថ្លែងអំណរគុណដល់ម្ចាស់ក្រុមហ៊ុនម៉ូតូនិងអរគុណដល់ក្រុមហ៊ុនតាមភ្នាក់ងារអ្នកសារព័ត៍មាននៅប៉ៃលិន

ដែលបានជួយចុះផ្សាយព័ត៌មាន ដើម្បីឱ្យមហាជនឃើញនិងដឹងឮរឿងនេះកុំឱ្យយកតម្រាប់តាមកូនប្រសារបស់គាត់ ព្រោះកំហឹងនាំឱ្យខាត នាំឱ្យខូច និងនាំឱ្យខុសផងដែរ ។

 លោកបញ្ជាក់ថាកូនៗរបស់ពួកគាត់ ពិតជាក្រីក្រប្រាកដមែន សូម្បីតែផ្ទះដែលត្រូវខ្យល់បក់ប៉ើងដំបូល កាលពីប៉ុន្មានថ្ងៃមុន ក៏អត់មានប្រាក់ទិញស័ង្កសីប្តូរជួសជុលនៅឡើយទេ។បច្ចុប្បន្នកូនៗរបស់គាត់ អត់មានការងារធ្វើទៀត ដោយសំអាងធ្វើស្រែបន្តិចបន្តួចសម្រាប់ចិញ្ចឹមជីវិតប៉ុណ្ណោះ ។ លើសពីនេះ គាត់ក៏បានណែនាំកូនៗ របស់គាត់ ឱ្យឈប់ប្រព្រឹត្តល្មើសនឹងច្បាប់ចរាចរណ៍ទៀត ព្រោះបានម៉ូតូថ្មី១គ្រឿង មានគ្រប់លក្ខណ:អស់ហើយ គឺមានមួក កញ្ចក់ ស្លាកលេខ កាតគ្រី ដូច្នេះបើសិនជាខុសនឹងច្បាប់ចរាចរណ៍នៅថ្ងៃណាមួយ ត្រូវតែដោះស្រាយតាមសន្តិវិធី ព្រោះគោរពច្បាប់ចរាចរណ៍ ដើម្បីសុវត្ថិភាព ខ្លួនឯង និងអ្នកដទៃ ។ 

សូមបញ្ជាក់ថា÷ ម៉ូតូចាស់ ដែលនគរបាលចរាចរណ៍ ស្រុកសាលាក្រៅ ផាកករណីអត់មួក និងកញ្ចក់កាលពីវេលាម៉ោង ៦ និង៣០នាទីព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ រហូតមកដល់ពេលនេះ ម៉ូតូដែលដុតឆេះនោះមិនទាន់បានយកចេញពីកន្លែងអធិការនគរបាលស្រុកសាលាក្រៅទេទាល់តែរកប្រាក់ចំនួន១២០០០០រៀលបង់ថ្លៃផាកពិន័យរួចទើបអាចយកចេញបាន។ នេះបើតាមសម្តីរបស់ម្ចាស់ម៉ូតូខាងលើ ៕ ដោយ÷ ស សារ៉េត


ចែករំលែក៖