តាមទំនៀមពីបុរាណកាលមក ក្មេងស្រីសុទ្ធតែចោះត្រចៀកគ្រប់គ្នាទាំងអស់។ រហូតមកដល់សម័យបច្ចុប្បន្ននេះ ក៏នៅតែធ្វើចំពោះត្រចៀកដែរ គឺគេចោះត្រចៀកទុកសម្រាប់ពាក់គ្រឿងអលង្ការផ្សេងៗមាន កាវកបិត ទំហូ ក្រវិល ជាដើម ។
តាមការឲ្យដឹងពីយាយជីម្នាក់ឈ្មោះ មាស អាយុ ៨២ ឆ្នាំ(បច្ចុប្បន្នស្លាប់)ដែលត្រចៀកគាត់ប្រហោងធំដោយសារពាក់អលង្ការបាននិយាយថា ចាស់ៗជំនាន់លោកយាយគេមិនសូវពាក់កាវទេ គឺពាក់តែត្រសាល់ ដែលត្រសាល់នោះ បើអ្នកមានទ្រព្យសម្បត្តិច្រើនគេធ្វើដោយមាស ប្រាក់ ឬ ភ្លុក ។ ឯអ្នកក្រទ្រព្យសម្បត្តិ ធ្វើដោយឈើ ឬស្នែង ពាក់ជាជាងទំនេរត្រចៀក។ ដូច្នេះអាស្រ័យពាក់ក្រសាល់នេះធ្វើឲ្យត្រចៀកស្រីៗជំនាន់នោះជាពិសេសស្រ្តីជនជាតិភាគតិចនិងត្រចៀកយាយនេះយារធ្លាក់ចុះ ហើយមានប្រហោងធំដូច្នេះឯង។ ត្រសាល់នេះទំហំប៉ុនកូនដៃ មានសណ្ឋានដូចត្រសាល់អំបោះសព្វថ្ងៃនេះឯង តែមានឆ្លាក់ក្បូរក្បាច់នៅត្រង់កញ្ចុំ(មុខ) ហើយដោយសាវាមានរាងដូចត្រសាល់អំបោះនេះហើយទើបគេហៅត្រសាល់ដែរ ។
លោកយាយថា ក្មេងស្រីៗជំនាន់ដើមគេពាក់គ្រឿងអលង្ការម៉្យាង ហៅថា កន្ទួត ដែលមានរាងកញ្ចុំដូចជា កាវទងត្រង់ ដូចសព្វថ្ងៃដែរ តែអត់មានត្បូងទេ។ នៅត្រង់កន្លែងដាក់ត្បូង គេធ្វើដូចផ្លែកន្ទួត ហើយធ្វើក្រវិលមួលមួយសម្រាប់ដោតក្នុងរន្ធត្រចៀកដែលចោះ។ កន្ទួតនោះគេធ្វើដោយមាស ឬ ទង់ហ្វ៊ា ។
ទាក់ទង ទំនៀមចោះត្រចៀកនេះមានរឿងព្រេងមួយដំណាលថា ÷កាលពីកន្លងទៅយូរយារណាស់មកហើយ មានកុដុម្ពិកៈម្នាក់ ជាអ្នកមានទ្រព្យសម្បត្ដិស្ដុកស្ដម្ភ មានខ្ញុំកំដរស្រីប្រុសជាច្រើន មានមាសប្រាក់កែវកងពិទូរ្យសូរ្យកាន សព្វបែបយ៉ាង។ កុដុម្ពិកៈនោះក៏មានចិត្ដក្បត់ និងភរិយារបស់ខ្លួន ហើយទៅសហាយស្មន់នឹងខ្ញុំបម្រើស្រីម្នាក់ ។ លុះយូរទៅ ប្រពន្ធដើមដឹងរឿង តែមិនដឹងធ្វើម៉េចនឹងធ្វើបាបខ្ញុំបម្រើស្រីនោះបាន ។
ថ្ងៃមួយកុដុម្ពិកៈ មានដំណើរទៅស្រុកក្រៅពេញមួយថ្ងៃ ប្រពន្ធដើមបានឱកាសក៏នាំទាសីដទៃទៀតរបស់ខ្លួនទៅចាប់នាងស្រីជាសហាយរបស់ប្ដីនោះមកធ្វើបាប វាយដំច្រំធាក់ និងជេរបញ្ចោរច្រាសឆ្អេះយ៉ាងអស្ចារ្យ រួចយកដែកគោលមកបោះត្រង់ចុងស្លឹកត្រចៀក ទាំងពីររបស់នាងនោះ ហើយទុកចោលនៅលើផ្ទះនោះទៅ ។ លុះវេលាល្ងាច កុដុម្ពិកៈ ត្រឡប់មកពីស្រុកក្រៅវិញ ឃើញដូច្នេះក៏សួរទៅនាងសហាយនោះថា «យ៉ាងម៉េច! បានជាគេយកដែកគោលបោះស្លឹកត្រចៀកដូច្នេះ?» ។ នាងក៏ឆ្លើយប្រាប់តាមដំណើរសព្វគ្រប់ ។ ប្ដីក៏ដកដែក គោលចេញរកថ្នាំលាបស្រួលបួលហើយ ឱ្យទៅនៅផ្ទះមួយ ឆ្ងាយពីគ្នា ។
ចាប់តាំងពីថ្ងៃនោះមក នាងសហាយនោះមានសេចក្ដីអៀនខ្មាសគេជាច្រើន ព្រោះត្រចៀកខ្លួនមានស្នាមប្រហោង ។ នាងចេះតែនិយាយនឹងប្ដីថា ឱ្យជួយធ្វើយ៉ាងណាដើម្បីឱ្យបាត់ស្នាមប្រហោងត្រចៀកនាង ។ កុដុម្ពិកៈធានារ៉ាប់រងថា នឹងរកមធ្យោបាយធ្វើឱ្យបាត់ស្នាម ហើយឱ្យបានល្អទៀតផង ។ នៅយប់មួយ កុដុម្ពិកៈដេកសញ្ជឹងគិតឃើញថា បើអញយកមាសទៅឱ្យជាងរចនាធ្វើជារបស់អ្វីមួយមានរបៀបដូចដែកគោល ហើយយកមកឱ្យនាងពាក់បិទត្រង់រន្ធស្នាមនោះ ប្រហែលនឹងបានល្អ ។ លុះគិតហើយ ទើបកុដុម្ពិកៈចាត់ឱ្យជាងធ្វើបានដូច បំណង ដោយបង្គាប់ឱ្យធ្វើមានកញ្ចាំងដាំត្បូងពេជ្រ រំលេចដោយក្បាច់រចនា ផ្សេងៗ យ៉ាងល្អវិចិត្រគួរឱ្យចង់បាន ។
នាងសហាយក្រោយដែលបានពាក់ដែកគោលមាសដាំត្បូងពេជ្រ ក៏ឃើញមាន លម្អប្លែក នាំឱ្យនាងមានចិត្ដរីករាយយ៉ាងក្រៃលែង។ លុះថ្ងៃក្រោយមក នាងប្រពន្ធដើមបានឃើញត្រចៀកនាងសហាយដែលខ្លួនបោះដែកគោលនោះ មានពន្លឺភ្លឺ ផ្លេកៗគួរឱ្យស្រលាញ់ក៏សួរនាងនោះថា «នាងបានអ្វីមកពាក់នៅត្រចៀកនោះក៏ល្អម្ល៉េះ ? នាងសហាយឆ្លើយថា «ខ្ញុំពាក់ដែកគោលដាំត្បូងពេជ្រ ជំនួសដែកគោលដែលអ្នកបានបោះកាលពីថ្ងៃមុននោះ» ។
នាងប្រពន្ធដើមបានដឹងហើយ ក៏រកមធ្យោបាយចោះត្រចៀករបស់ខ្លួន ហើយឱ្យជាងធ្វើដែកគោលដាំត្បូងពេជ្រពាក់ ដូចនាងប្រពន្ធចុងដែរ ។ ចាប់តាំងពីសម័យនោះមក ស្រីៗឯទៀតក៏នាំគ្នាចោះត្រចៀកកូនស្រី តាំងពីនៅក្មេង តូចៗទុកសម្រាប់ពាក់គ្រឿងអលងា្កផ្សេងៗ ជាប់រហូតមកដល់សព្វថ្ងៃនេះឯង៕
(សម្រង់តាមរឿងព្រេងខ្មែរដោយ÷ចៅតាជេត)