ប្រធានាធិបតីអាមេរិកបានប្រកាសថា អ៊ីរ៉ង់ «នឹងគ្មានសល់អ្វីឡើយ» ប្រសិនបើខ្លួនមិនធ្វើសកម្មភាពឲ្យបានរហ័សទេ ចំពេលមានការខ្វះខាតកិច្ចព្រមព្រៀងសន្តិភាពរវាងភាគីទាំងពីរ។
សារព័ត៌មាន AFP បានផ្សាយថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃអាទិត្យ ទី១៧ ខែឧសភា ឆ្នាំ២០២៦ បានចេញសារព្រមានជាថ្មីទៅកាន់អ៉ីរ៉ង់ ដោយនិយាយថាតេហេរ៉ង់គួរតែប្រញាប់ទទួលយកកិច្ចព្រមព្រៀងសន្តិភាព បើពុំដូច្នោះទេនឹងត្រូវប្រឈមមុខបាត់បង់អ្វីៗគ្រប់យ៉ាង។
ទីក្រុងវ៉ាស៊ីនតោនបាន និងកំពុងជាប់គាំងក្នុងជម្លោះជាមួយទីក្រុងតេហេរ៉ង់ ចាប់តាំងពីយោធាអាមេរិក និងអ៉ីស្រាអែលបើកការវាយប្រហារលើអ៉ីរ៉ង់កាលពីថ្ងៃទី២៨ ខែកុម្ភៈ ហើយ ឥលូវកំពុងព្យាយាមបំបែកភាពជាប់គាំង និងបង្កើតភាពរីកចម្រើនណាមួយឆ្ពោះទៅរកការបិទបញ្ចប់សង្រ្គាមដែលបានធ្វើឱ្យរញ្ជួយតំបន់មជ្ឈិមបូព៌ា និងធ្វើឱ្យតម្លៃថាមពលឡើងថ្លៃជាសកល។ ក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម Truth Social លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «សម្រាប់អ៉ីរ៉ង់ ពេលវេលាចេះតែដើរទៅមុខ ហើយពួកគេគួរតែធ្វើសកម្មភាពឱ្យបានលឿនរហ័ស បើពុំដូច្នោះទេនឹងមិនមានអ្វីសេសសល់សម្រាប់ពួកគេឡើយ»។
គួរបញ្ជាក់ថា សង្រ្គាមអ៉ីរ៉ង់បាននាំទៅរកការបិទខ្ទប់ច្រកសមុទ្រ Hormuz ជាផ្លូវទឹកដ៏សំខាន់មួយដែល ២០ភាគរយនៃការធ្វើពាណិជ្ជកម្មប្រេងត្រូវឆ្លងកាត់ និងបង្កទៅជាសង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហេសបូឡានៅលីបង់។ អ៉ីរ៉ង់ដែលជាមេកើយរបស់ហេសបូឡា បានទាមទារឱ្យមានបទឈប់បាញ់អចិន្ត្រៃយ៍មួយនៅក្នុងប្រទេសលីបង់ មុននឹងខ្លួនទទួលយកកិច្ចព្រមព្រៀងសន្តិភាពជាមួយលោក ត្រាំ។ ប៉ុន្តែកាលពីថ្ងៃអាទិត្យ មន្ត្រីអ៉ីស្រាអែលម្នាក់បានឱ្យដឹងថាក្រុមហេសបូឡា បានបាញ់រ៉ុក្កែតប្រហែលជា ២០០គ្រាប់ លើអ៉ីស្រាអែល និងកងទ័ពអ៉ីស្រាអែល បើទោះជាអ៉ីស្រាអែល និងលីបង់យល់ព្រមពន្យារបទឈប់បាញ់ក៏ដោយ។
ក្រសួងសុខាភិបាលលីបង់វិញ បានអះអាងថាការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែលកាលពីថ្ងៃអាទិត្យ លើភាគខាងត្បូងលីបង់បានសម្លាប់មនុស្ស ៥នាក់ ក្នុងនោះមាន កុមារ២នាក់។ បើតាមអាជ្ញាធរលីបង់ ការវាយប្រហាររបស់អ៉ីស្រាអែលបានធ្វើឡើងចាប់តាំងពីសង្រ្គាមអ៉ីរ៉ង់ផ្ទុះឡើងមក បានសម្លាប់មនុស្សជាង ២៩០០នាក់ នៅលីបង់ ក្នុងនោះមាន៤០០នាក់ ត្រូវបានសម្លាប់ចាប់តាំងពីបទឈប់បាញ់ចូលជាធរមានកាលពីថ្ងៃទី១៧ ខែមេសាមក៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច