សិង្ហបុរី៖ រដ្ឋាភិបាលប្រទេសសង្ហិបុរី នៅតែបន្តចាត់វិធានការតឹងរ៉ឹង និងស្នើរសុំដល់ពលរដ្ឋខ្លួនទាំងអស់ ត្រូវរក្សាអនាម័យឱ្យបានខ្ជាប់ខ្ជួន ក៏ដូចជារក្សាគម្លាតឆ្ងាយពីគ្នា ក្នុងគោលបំណងជៀសវាង ការចម្លងជំងឺពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ក្រុមហ៊ុនបច្ចេកវិទ្យា Boston Dynamics បានបង្កើតសុនខយន្ដពិសេសមួយ ដើម្បីដើរប្រាប់ប្រជាជនកុំឱ្យមានការជួបជុំគ្នា ខណៈពេលជំងឺកំពុងរាតត្បា។ ស្របពេលដែលស្ថានភាពជំងឺកូវីដ១៩ ក្នុងប្រទេសសិង្ហបុរី នៅមិនទាន់ធូរស្រាលខ្លាំងនៅឡើយ ។
សុនខយន្ដពិសេសមួយនេះ មានឈ្មោះថា SPOT វាត្រូវបានក្រុមហ៊ុនBoston Dynamics ដាក់ឱ្យដំណើរការជាលើកដំបូងនៅឧទ្យានមួយក្នុងប្រទេសសិង្ហបុរី កាលពីថ្ងៃសុក្រ ដោយកំណត់ឲ្យវាដំណើរការ សរុបរយៈពេល២សប្ដាហ៍។ សុនខយន្ដនេះ មានបំពាក់មកជាមួយនូវសេនស័រ និងកាមេរ៉ា ដែលអាចឱ្យវាដើរជៀសឧបសគ្គនៅខាងមុខ ក៏ដូចជារាប់ចំនួនមនុស្សនៅទីតាំងណាមួយបាន ម្យ៉ាងវិញទៀត វាក៏មានឧបករណ៍បំពងសម្លេង ដែលនិយាយក្រើនរំលឹកឱ្យប្រជាជន ត្រូវរក្សាគម្លាតយ៉ាងហោចណាស់មួយម៉ែត្រ ដើម្បីការពារសុវត្ថិភាពផ្ទាល់ខ្លួនពីការឆ្លងជំងឺ។
សូមជម្រាបថា កាលពីពេលកន្លងមក សុនខយន្ដប្រភេទនេះ ក៏ធ្លាប់ត្រូវបានប្រើប្រាស់នៅក្នុងមន្ទីរពេទ្យបណ្តោះអាសន្នដែរ ដោយគេប្រើវាសំរាប់ដឹកជញ្ជូនថ្នាំយកទៅឱ្យអ្នកជំងឺ ក្នុងគោលបំណងកាត់បន្ថយការធ្វើទំនាក់ទំនងផ្ទាល់រវាងគ្រូពេទ្យនិងអ្នកជំងឺ ក៏ដូចជាអាចឱ្យគ្រូពេទ្យមានពេលវេលាគ្រប់គ្រាន់ ដើម្បីទៅព្យាបាលអ្នកជំងឺស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរដែរ៕ដោយ៖ស តារា