កំពង់ចាម៖ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស បាននាំអំណោយ សប្បុរសធម៌ ដំណាប់ល្មើ ជាង១០តោន ដើម្បីផ្តល់ជូនបងប្អូនសាសនិកអ៊ិស្លាម តាមភូមិនានា ក្នុងខេត្តចំនួន៦ រួមមានកំពង់ចាម,ត្បូងឃ្មុំ, ក្រចេះ,ស្ទឹងត្រែង,រតនៈគិរី និងមណ្ឌលគិរី ។ អំណោយនេះមានសរុប ២៨តោន ជាអំណោយមកពីសប្បុរសជនអារ៉ាប់រួមអេមីរ៉េត សម្រាប់ចែកចាយទៅកាន់គោលដៅខេត្តក្រុងមួយ ចំនួនទូទាំងប្រទេស ។ ពិធីនេះបានប្រព្រឹត្ដទៅកាលពីរសៀលថ្ងៃទី០៩ ឧសភា ឆ្នាំ២០២០ នៅខេត្ដកំពង់ ចាម ។
ជាមួយគ្នានេះ ក៏មានអំណោយបានមកពី សប្បុរសជន ម៉ាឡេស៊ី ក្រុមហ៊ុន រ៉ាហ្វូលីន ហូលឌីង តាមរយៈអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា ចែកជូនប្រជាពលរដ្ឋ ភូមិរកា ឃុំសំបូរមាស ក្រុងកំពង់ចាម ចំនួន ១០០គ្រួសារ និងប្រជាពលរដ្ឋ ភូមិស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ចំនួន១០០ គ្រួសារផងដែរ ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ១០គីឡូ និងគ្រឿងឧបភោគ បរិភោគមួយចំនួនដូចជា ស្ករស ត្រីខ ទឹកដោះគោ ប្រេងឆា អំបិលជាដើម។
នៅក្នុងពិធីសំណេះសំណាល លោកទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ បានបញ្ជាក់ថា ចំនួនខាងលើ មិនអាចធ្វើការចែកចាយទូទាំងប្រទេសទាំងអស់ទេ តែ បានដោះស្រាយទៅកាន់តំបន់ដែលខ្វះខាតជាក់ ស្តែង។ ក្នុងឱកាសនេះដែរ លោក ទេសរដ្ឋមន្ត្រីក៏បាន រំលឹកផងដែរថា ការស្លៀកពាក់ស្បៃបិទជិតទាំងក្បាល និងមុខ ត្បិតមានពលរដ្ឋខ្លះនៅប្រទេសអ៊ិស្លាមក្នុងតំបន់មួយចំនួន ជាពិសេសនៅមជ្ឈឹមបូព៌ា ដែលអនុវត្តយកការគ្របមុខសម្រាប់ស្រ្តី ពេលចេញទៅទីសាធារណៈនោះ គ្រាន់តែជាការយល់ឃើញមួយជ្រុងជាមួយនិងប្រពៃណីរបស់ពួកគាត់ ស្រប តាមស្ថានភាពនៅប្រទេសគាត់តែប៉ុណ្ណោះ ដែលមិន មែនជាកាតព្វកិច្ចនៃច្បាប់អអ៊ិស្លាមនោះទេ។ ស្ថានភាពនៅកម្ពុជាយើងពីដើមមកពុំមានឡើយ ការស្លៀកពាក់បែបនេះ ទាំងក្របខ័ណ្ឌប្រពៃណី ឬក្របខ័ណ្ឌសាសនាអ៊ិស្លាមគ្រាន់តែបច្ចុប្បន្នយើងឃើញថាមានមួយចំនួនតូច បានយកការអនុវត្តប្រពៃណីនេះ ហើយយល់ឃើញថា ជាកាតព្វកិច្ចក្នុងច្បាប់អ៊ិស្លាម តែតាម ពិតស្រ្តីអ៊ិស្លាម គេអនុញ្ញាតអោយបើកទម្រង់មុខ និងប្រអប់ដៃ ដោយមិនមានបញ្ហាអ្វីឡើយ ៕ ដោយ៖សំរិត