ព័ត៌មានទាន់ហេតុការណ៍៖

បេីកបរប្រេីប្រាស់ល្បឿនលឿនបុកប៉ះ​រថយន្ត​ចំពីមុខត្រង់ផ្លូវកោងស្លាប់មួយរំពេច

ចែករំលែក៖

ខេត្ត​ត្បូងឃ្មុំ​ ៖​ យោធាមួយរូបធ្វេីដំណេីរ​ដោយម៉ូតូមួយគ្រឿងបានជួបគ្រោះថ្នាក់​ ចរាចរណ៍ជាមួយ​រថយន្តក្នុងទិសដៅផ្ទុយគ្នា​នៅចំណុច​ផ្លូវកោងបណ្តាលអោយស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុ​ ។

តាម​ប្រភព​ព័ត៌មាន​ពីនគរ​បាល​ចរាចរស្រុកមេមត់អោយដឹងថា​ ហេតុ​ការណ៍​ នេះកេីតឡេីង​នៅវេលាម៉ោង១១៖​៣០​នាទី ព្រឹកថ្ងៃ​ទី០៩ ខែឧសភា​ ឆ្នាំ២០២០ លើផ្លូវជាតិលេខ៧ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៩១-១៩២ ស្ថិតនៅភូមិ៧មករា ឃុំដារ ស្រុកមេមត់ ។

ប្រភព​បន្ត​ថា​ មធ្យោបាយ​ធ្វេីដំណេីររង​ គ្រោះថ្នាក់​ចរាចរណ៍ខាងលេី​​រវាងម៉ូតូ និងរថយន្តសណ្តោងរ៉ឺម៉ក​ ដែលបង្កឡើងដោយម៉ូតូ​ម៉ាកហុងដាសុីប៊ីអ៊រ(HONDA CBR) ពណ៌ខ្មៅ ពាក់ស្លាកលេខតាកែវ​1B-6117 បើកបរដោយឈ្មោះ​ គង់ ណារ៉ូ ភេទប្រុស ថ្ងៃខែឆ្នាំកំណើត ១០-០៦-១៩៩០ ជនជាតិខ្មែរ រស់នៅភូមិដូនម៉ៅលើ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ(មុខរបរ យោធា)(ស្លាប់នៅនឹងកន្លែងកើតហេតុ)​ បានជួបគ្រោះ​ថ្នាក់​ចរាចរណ៍​ជាមួយរថយន្តម៉ាកហុីយ៉ានដាយ(HYUNDAI) ពណ៌ស ពាក់ស្លាក​លេខ កំពង់ចាម3A-6162 សណ្ដោងរុឺម៉កពាក់ស្លាកលេខភ្នំពេញ4A-1319 មិនទាន់ស្គាល់ ឈ្មោះ និងអាស័យដ្ឋានអ្នកបើកបរ ក្រោយពេលកើតហេតុទុក​រថយន្តនៅកន្លែងកើតហេតុ រត់គេចខ្លួន​បាត់។

ប្រភព​ព័ត៌មាន​អោយដឹងបន្តទៀតថា​ យោធារងគ្រោះ​ថ្នាក់​ចរាចរណ៍​ស្លាប់​ បេីក​បរម៉ូតូម៉ាកហុងដាសុីប៊ីអ៊រ(HONDA CBR) ពណ៌ខ្មៅ ទិសដៅពីខាងកើតទៅទិសខាងលិច ប្រើប្រាស់ល្បឿនយ៉ាងលឿន ។ លុះបើកបរដល់ចំណុចកើតហេតុ(ផ្លូវកោង)បានជ្រុលចង្កូតមកឆ្វេង មកបុកជាមួយ រថយន្តម៉ាកហុីយ៉ាន់ដាយ(HYUNDIA) ពណ៌ស បើកបរពីទិសខាងលិចទៅទិសខាងកើតចំពីមុខផ្នែកខាងឆ្វេង ពេញទំហឹងតែម្ដង។

ក្រោយ​វាស់​វែង​ និងធ្វេីកំណត់ហេតុរួចសពត្រូវបានជំនាញនគរបាលចរាចរណ៍ប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកធ្វើបុណ្យតាមប្រពៃណី​ រីឯ​វត្ថុតាងម៉ូតូចំនួន០១គ្រឿង និងរថយន្តចំនួន០១គ្រឿង ជំនាញបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមេមត់ ដើម្បីបំពេញសំណុំរឿងតាមនីតិវិធី​ ៕​ ដោយ​ ៖​ វណ្ណៈ​


ចែករំលែក៖