ប្រទេសវៀតណាម៖ តាមប្រភពព័ត៌មានពីគណៈកម្មការ ទប់ស្កាត់បង្កាជំងឺឆ្លងកូវីដ១៩ របស់វៀតណាម បានប្រកាសឲ្យដឹងថា គិតដល់វេលាម៉ោង១៨:០០នាទី ថ្ងៃទី៩ខែឧសភា វៀតណាម មិនមានអ្នកឆ្លងថ្មីនៅក្នុងប្រទេសរយៈពេល២៣ថ្ងៃកន្លងមក។
ប៉ុន្តែកាលពីថ្ងៃទី៧ខែឧសភា កន្លងមក វៀតណាមបានរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី១៧នាក់ គឺជាអ្នកចូលមកថ្មីពីក្រៅប្រទេស ហើយត្រូវដាក់ឲ្យនៅដាច់ដោយឡែក ។ ដូច្នេះគិតដល់វេលាម៉ោង ១៨ ថ្ងៃទី៩ខែឧសភា វៀតណាមមានអ្នកឆ្លងសរុប ២៨៨នាក់ ក្នុងនោះមាន ១៤៨នាក់ចូលពីក្រៅប្រទេសហើយដាក់ឲ្យនៅដោយឡែក និង១៤០នាក់ ឆ្លងនៅក្នុងសហគមន៍។
ជាមួយគ្នានេះដែរវៀតណាម មានអ្នកឆ្លងកូវីដព្យាបាលជាសះស្បើយមាន ២៤១នាក់ ក្រៅពីនេះនៅមានអ្នកជំងឺ៤៧នាក់កំពុងព្យាបាល ប៉ុន្តែ មាន៤នាក់ធ្វើតេស្ត លើកទីមួយ អវិជ្ជមាន និងអ្នកជំងឺ១៣នាក់ទៀត ធ្វើតេស្តអវិជ្ជមាន២លើកមកហើយ។ ដូច្នេះការធ្វើតេស្តលើកចុងក្រោយបើនៅតែបន្តអវិជ្ជមាននោះនឹងមានអ្នកជំងឺជាច្រើនទៀតអនុញ្ញាតឲ្យចេញពីមន្ទីពេទ្យ។
កាលពីថ្ងៃទី ៨ខែឧសភា ពលរដ្ឋវៀតណាម ជាង ៣៤០នាក់បានបញ្ជូនពីអាកាសយានដ្ឋានទីក្រុង San Francisco មកកាន់វៀតណាមវិញ ប៉ុន្តែត្រូវ ដាក់ឲ្យនៅដាច់ដោយឡែករងចាំត្រួតពិនិត្យ។ បច្ចុប្បន្នវៀតណាមនៅមានពលរដ្ឋដល់ទៅ១៤៤០៣នាក់ ដាក់ឲ្យនៅដាច់ដោយឡែកដើម្បីតាមដានក្នុងនោះមាន ១៧៥នាក់ ដាក់នៅមណ្ឌុលសុខភាព និង ៦១៤៥នាក់ ដាក់នៅកន្លែងកាត់ផ្តាច់ដែលបានរៀបចំទុក និង ជាង៨ពាន់នាក់ កាត់ផ្តាច់នៅក្នុងផ្ទះ ៕ដោយ៖ធី រីណា