ភ្នំពេញ ៖ បុរសជនជាតិចិន ម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង ចំណែកជនសង្ស័យ២នាក់រងរបួសធ្ងន់និងស្រាល ខណៈដែលជនជនសង្ស័យបើកម៉ូតូលឿនរត់គេចពីសមត្ថកិច្ចជ្រុលទៅបុកម៉ូតូជនរងគ្រោះយ៉ាងពេញទំហឹង។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីម៉ោង០៦ព្រឹកថ្ងៃអាទិត្យ ៤រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី១០ខែឧសភាឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវលេខ១៨២កែងនឹងផ្លូវលេខ២២៣ ស្ថិតនៅក្នុងសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេគ្រាន់តែដឹងថា ជាជនជាតិចិន បើកម៉ូតូម៉ាកហុងដាគុប ពណ៌ទឹកប៊ិច ពាក់ស្លាកលេខភ្នំពេញ1HN-1339 ជាអ្នកលក់តៅហ៊ូ ។
ចំណែកឯភាគីម្ខាងទៀតមានគ្នា២នាក់បើកម៉ូតូម៉ាកហុងដាឌ្រីម C125 ស៊េរីឆ្នាំ២០២០ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1ID-9154 រងរបួសធ្ងន់ម្នាក់ និងម្នាក់ទៀតរបួសស្រាល។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនជាតិចិនម្នាក់បើកម៉ូតូ ដឹកតៅហ៊ូ តាមបណ្ដោយផ្លូវលេខ២២៣ ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូជាច្រើនគ្រឿងបានបើកដេញគ្នា ប្រសេចប្រសាចពេញផ្លូវ បានជ្រុលមកបុកម៉ូតូជនរងគ្រោះពេញទំហឹងបណ្ដាលឱ្យដួលបោកក្បាលនឹងថ្នល់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែកអ្នកបើកម៉ូតូបុកជនរងគ្រោះរបួសធ្ងន់ម្នាក់ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅព្យាបាល រីឯអ្នករបួសស្រាលបានរត់គេចខ្លួនបាត់ស្រមោល។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចជំនាញបានចុះមកដល់ហើយត្រួតពិនិត្យមើលសពរួចប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកឯម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅស្នងការដ្ឋានរាជធានីភ្នំពេញ៕ជ្រោយពេជ្រ