ខេត្តកណ្ដាល៖ ស្ត្រីម្នាក់ត្រូវស្ត្រី២នាក់បងប្អូននាំគ្នាព្រួតវាយផ្អើលពេញផ្សារកំពង់កន្ទួត ព្រោះខឹងស្រ្តីរងគ្រោះទារលុយជំពាក់ចំនួន២០០រយដុល្លារ។ ករណីនេះកើតឡើងកាលពីវេលាម៉ោង០៧និង៣០នាទី ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២០ នៅចំណុចផ្សារកំពង់កន្ទួត ស្ថិតក្នុងភូមិស្វាយមីង ឃុំ បារគូ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល។
មន្ត្រីនគរបាលស្រុកកណ្ដាលស្ទឹងបានឲ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះ ញឹម ប៉ាច អាយុ៦១ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិក្រាំងក្រូច សង្កាត់ ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ចំណែកស្ត្រីសង្ស័យមានគ្នា២នាក់ ទី១-ឈ្មោះ សោម ចាន់លីន អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់បាយ ទី២-ឈ្មោះ សោម ចាន់រី អាយុ៣៩ឆ្នាំ មុខរបរលក់បាយ។ ជនសង្ស័យទាំង២នាក់នេះត្រូវជាបងប្អូននឹងគ្នា មានទីលំនៅភូមិដេីមទ្រាំង ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ ចំណែកវត្ថុតាងចាប់យកមានកាំបិតបុ័ងតោដងឈេីផ្លែដែកពណ៌សចំនួន០១ ប្រវែង ២៨សង់ទីម៉ែត្រ,អាវដៃវែងចំនួន០១ ពណ៌ផ្កាចម្រុះ ដាច់ឡេវ និងដាច់ខ្សែបូ (ជារបស់ជនរងគ្រោះ)។
ប្រភពដដែលបន្តថា នៅថ្ងៃខែឆ្នាំវេលាម៉ោងកេីតហេតុខាងលេី ស្ត្រីរងគ្រោះបានមកផ្សារកំពង់កន្ទួត ដេីម្បីទិញម្ហូបអាហារនិងទារលុយពីជនសង្ស័យឈ្មោះ សោម ចាន់រី ដែលជំពាក់លុយខ្លួនចំនួន២០០ដុល្លារ ពេលទារលុយនោះជនរងគ្រោះ និងជនសង្ស័យបានឈ្លោះប្រកែកគ្នាដោយជនសង្ស័យបានហៅជនរងគ្រោះដែលមានអាយុច្រើនជាងថា ង៉ែងៗ ភ្លាមនោះដែរស្ត្រីសង្ស័យម្នាក់ទៀតឈ្មោះ សោម ចាន់លីន ជាប្អូនបង្កើតរបស់ឈ្មោះ សោម ចាន់រី ដែលនៅក្បែរនោះដែរបានយកកាំបិតប័ុងតោ វាយទៅលើតុឈើ រួចរុញទ្រូងជនរងគ្រោះឱ្យចេញពីកន្លែងជនសង្ស័យលក់នំបញ្ចុកនិងបាយស្រូប។ បន្ទាប់មកជនសង្ស័យ សោម ចាន់លីនបានជេរបញ្ចោរ និងយកកាំបិតប័ុងតោខាងលើមកជល្លរកកាប់ក្បាលជនរងគ្រោះថែមទៀត ភ្លាមនោះដែរជនសង្ស័យឈ្មោះ សោម ចាន់រីបានស្ទះមកចាប់ក្របួចអាវជនរងគ្រោះពីមុខ បោកទៅលេីផ្លូវបេតុងបណ្តាលឱ្យដាច់ឡេវអាវ០២និងដាច់ខ្សែបូចងអាវ និងវាយតប់ស្ត្រីរងគ្រោះបណ្តាលឱ្យដាច់រលាត់។ បន្ទាប់មកជនរងគ្រោះក៏បានរត់ទៅប្តឹងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលបារគូតែម្ដង។
ក្រោយពីទទួលបានពាក្យបណ្តឹងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបារគូបានចុះដល់ចំណុចកើតហេតុ ឃាត់ខ្លួនជនសង្ស័យ២នាក់បងប្អូន បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក អនុវត្តតាមនីតិវិធីច្បាប់៕ដោយ៖ស្អាង ជ័យ