ភ្នំពេញ៖ ខ្ញុំបានអោយមន្ត្រីជំនាញចុះពិនិត្យហើយ ចំពោះទីតាំងទីសត្តឃាត(កុងសុីកាប់ជ្រូក) កំពុងបង្កផលប៉ះពាល់ និងជះក្លិនស្អុយ លើប្រជាពលរដ្ឋ រស់នៅជុំវិញ បន្ទាប់ពីមានការសំណូមពរអោយប្តូរទីតាំង។ លោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានថ្លែងបែបនេះ នៅពីព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០។
តាមទូរស័ព្ទជាមួយអង្គភាព «នគរវត្ត» លោក តាន់ ផាន់ណារ៉ា បានបញ្ជាក់ថា៖ «បន្ទាប់ពីមានការសំណូមពរពីប្រជាពលរដ្ឋ និងឃើញប្រព័ន្ធផ្សព្វផ្សាយ លើកឡើងក្នុងករណីហ្នឹង ខ្ញុំបានចាត់ចែងអោយមន្ត្រីចុះទៅពិនិត្យធ្វើការហើយ តាមរយៈលិខិតបេសកកម្មផ្លូវការ ទៅលើទីតាំងកុងសុីកាប់ជ្រូកនោះ»។ លោកបន្តថា៖ «ខ្ញុំរងចាំតែរបាយការណ៍ ពីមន្ត្រីជំនាញរបស់ខ្ញុំ ធ្វើរាយការណ៍មកវិញតែប៉ុណ្ណោះ ដើម្បីមានវិធានការជាក់ស្តែង តាមការចុះពិនិត្យ។
សូមបញ្ជាក់ថា៖ យោងទៅតាមតថភាពជាក់ស្តែង ឃើញថា ប្រជាពលរដ្ឋជាច្រើន រងគ្រោះធ្ងន់ធ្ងរ ពីផលប៉ៈពាល់បរិស្ថាន សម្រាប់ការរស់នៅប្រចាំ នូវបញ្ហាសុខភាព ជះដោយក្លិន ឆ្អេះ ឆ្អាប ស្អុយ ហុយ រំពងសម្លេង ចេញពីកុងសុីកាប់ជ្រូក ដ៏ធំនៅបឹងក្រពើ នោះ ឈានដល់ លោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានឯកភាពចំពោះកង្វល់ពលរដ្ឋ ក្នុងការដោះដូរទីតាំងទីសត្ដឃាត នៅបឹងក្រពើ ទៅតំបន់ផ្សេងពីកន្លែងពួកគាត់រស់នៅ។
ប្រជាពលរដ្ឋជាច្រើន បានសម្ដែងការថ្នាំងថ្នាក់ចំពោះម្ចាស់អាជីវកម្មទីសត្តឃាតដ៏ធំមួយកន្លែងនៅ បឹងក្រពើ ហៅថា (កុងស៊ីកាប់ជ្រូក) ដែលកំពុងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ លើបញ្ហាអនាម័យបរិស្ថាន ជាពិសេសជះក្លិនស្អុយកំពុងសាយភាយពេញបន្ទុក។
ជុំវិញបញ្ហានេះ កាលព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ ប្រជាពលរដ្ឋ រស់នៅភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ និយាយក្នុងល័ក្ខខ័ណ្ឌសុំមិនបញ្ចេញឈ្មោះ ខណៈខ្លាចអំណាចម្ចាស់កុងសុីកាប់ជ្រូក បានប្រាប់ក្រុមអ្នកព័ត៌មានថា ៖ ការរស់នៅជុំវិញទីតាំងទីសត្តឃាត កំពុងរងផលប៉ះពាល់បរិស្ថាន និងជះក្លិនស្អុយអាសោច ពួកគាត់ងាយគ្រោះដល់សុខភាព។ ដូច្នេះ ស្នើដល់ដល់អាជ្ញាធរពាក់ព័ន្ធ ក៏ដូចអាជ្ញាធររាជធានីភ្នំពេញ សុំឲ្យទីសត្ដឃាតមួយកន្លែងនេះ ទៅបង្កើតឲ្យឆ្ងាយពីទីប្រជុំជន ឫ អាចទៅបង្កើតនៅជាយក្រុង ដើម្បីជៀសវាងផលប៉ះពាល់ ដល់ប្រជាពលរដ្ឋ ក៏ដូចជាក្រុមកម្មករជាដើម ដែលកំពុងរស់នៅដ៏ច្រើនកុះករ។
អ្នកខ្លះមានទម្លាយថា៖ ចំពោះការដឹកជញ្ជូនជ្រូកវិញ នៅទីតាំងទីសត្តឃាត នេះ ហាក់ពុំមានការពិនិត្យសុខភាពសត្វ អោយបានត្រឹមត្រូវ ដែលងាយធ្វើអោយប៉ៈពាល់សុខភាព ដល់ប្រជាពលរដ្ឋ ជាអ្នកជាវទៅធ្វើម្ហូបអាហារ ខណៈបន្លំនាំចូលជ្រូកមានសុខភាពមិនល្អ ជ្រូកក្រហម ជ្រូកប្រើចំណីដាក់ ច្រើនបង្ខំអោយធំមុនការកំណត់ ។ ជ្រូកប្រភេទនេះងាយធ្វើអោយស្ត្រីមានអាការៈមិនល្អ ដូចជាជំងឺមហារីកស្បូន មហារីសុដន់ នេះជាដើម។ បញ្ហានេះតម្រូវអោយជំនាញពេទ្យសត្វ ជួយពិនិត្យសុខភាពសត្វជ្រូក អោយបានម៉ត់ចត់ផង មុនដឹកចូល ឬធ្វើឃាត ក្នុងទីសត្តឃាត នៅបឹងក្រពើនេះ។
យ៉ាងតិចក៏មានជ្រូកមានសុខភាពមិនល្អ ប្រមាណជាជាង៣០ ភាគរយ ត្រូវបានកាប់ធ្វើអាជីវកម្ម ចែកចាយលក់ក្នុងរាជធានីភ្នំពេញ ប្រសិនបើខាងជំនាញពេទ្យសត្វ កាន់ផែននៅទីនោះធ្វើការនៅមានកម្រិត។ ម្យ៉ាងវិញទៀត ករណីប៉ៈពាល់ បរិស្ថាន សុខភាព ពលរដ្ឋ ការជៈក្លិនស្អុយ ឆ្អេះ ឆ្អាប កំពុងកើតមានពេញបន្ទុក។
ពាក់ព័ន្ធបញ្ហាខាងលើនេះ លោក តាន់ ផាន់ណារ៉ា តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ លោកបានឯកភាព ចំពោះកង្វល់របស់ប្រជាពលរដ្ឋ។ ដោយលោកបញ្ជាក់ថា៖ បញ្ហាហ្នឹង យើងក៏ធ្លាប់បានធ្វើការណែនាំដល់ម្ចាស់ទីសត្ដឃាត ឲ្យរកកន្លែងផ្សេងផងដែរ តែខាង ម្ចាស់ទីសត្ដឃាត សុំពេលវេលា ដោយមិនបានបញ្ជាក់ពេលវេលាច្បាស់លាស់នោះឡើយ ។
លោកបានបញ្ជាក់ទៀតថា៖ បច្ចុប្បន្នយើង ក៏កំពុងតែធ្វើការងារហ្នឹងជាមួយម្ចាស់ទីសត្ដឃាតផងដែរ ។
គួរបញ្ជាក់ថា កុងស៊ីកាប់ជ្រូកមួយនេះ មានអាយុកាល រាប់សិបឆ្នាំមកហើយ ចាប់តាំងពីតំបន់នោះ មិនទាន់មានការអភិវឌ្ឍន៍មកម្ល៉េះ និងមិនសូវមានប្រជាពលរដ្ឋរស់នៅ តែបច្ចុប្បន្នប្រទេសមានការអភិវឌ្ឍជាបន្ដបន្ទាប់ និងរោងចក្រកើតឡើង ព្រោងព្រាត ធ្វើឲ្យកំណើនមនុស្សនៅតំបន់រស់នៅយ៉ាងច្រើនកុះករ ។ ចំណែកទីសត្ដឃាត ឫហៅថាកុងស៊ីកាប់ជ្រូក ជារបស់ក្រុមហ៊ុន «ដានីដេង » ស្ថិតនៅកែង ស្តុបលូ៥ ម្ដុំបឹងក្រពើ ផ្លូវវេងស្រេង ក្នុងមួយថ្ងៃៗ កាប់ជ្រូកចំនួន២ដង ក្នុងចន្លោះម៉ោង ៤ទៅ៥ ល្ងាច-ព្រឹក រថយន្ដធំៗតទ្រុងដឹកជញ្ជូនជ្រូកក្នុងមួយថ្ងៃៗ រាប់រយក្បាល បង្កការស្ទះចរាចរណ៍ ជះក្លិនស្អុយអាចម៍ជ្រូករាប់ខែ រាប់ឆ្នាំមកហើយ ប្រជាពលរដ្ឋស្ទើរតែទ្រាំលែងបានទៅហើយ ។ ជាមួយ នឹងបញ្ហានេះ អង្គភាព «នគរវត្ត» មិនអាចសុំការការពន្យល់បកស្រាយពីម្ចាស់ក្រុមហ៊ុន ដានីដេង បាននៅឡើយទេ ជុំវិញបាតុភាពរស់នៅរបស់ពលរដ្ឋក្នុងតំបន់នោះ នៅរសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០ ដោយគ្មានលេខទូរស័ព្ទ។
សូមរម្លឹកថា៖ ថ្មីៗនេះ ខាងអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ របស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានចុះចាប់ឡានដឹកជ្រូក«ក្រុមហ៊ុនដានីដេង» នាំចូលពីថៃ រំលោភលើច្បាប់ដឹកជញ្ជូន ។ មន្ត្រីជំនាញបានបញ្ជាក់ថា៖ ចុះចាប់រថយន្ដដឹកជញ្ជូនសត្វជ្រូក នាំចូលពីប្រទេសថៃរបស់លោក ខូវ ហេង នៃ«ក្រុមហ៊ុនដានីដេង» តាមច្រកអន្តរជាតិអូរស្មាច់ ក្នុងសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ សង្ស័យមានភាពខុសប្រក្រតី និងមិនគោរពតាមច្បាប់ដឹកញ្ជូន ។
ប្រតិបត្តិការនេះ ធ្វើឡើង នៅវេលាម៉ោង ៥ និង ៤៣នាទីល្ងាច ថ្ងៃទី០៥ ខែឧសភា ឆ្នាំ ២០២០ នៅលើផ្លូវជាតិលេខ៦៦ ត្រង់ចំណុចបង្គោលគីឡូលេខ១២១ ស្ថិតនៅឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដោយកម្លាំងអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វរបស់ក្រសួង៕សុខ ខេមរា