ភ្នំពេញ ៖ ក្រុមអ្នកញៀនល្បែងបញ្ជល់មាន់ និងអាប៉ោងជាច្រេីននាក់បានរត់ចែកជេីងគ្នា ខណៈដែលកម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានឆ្មក់ចុះបង្ក្រាប កាលពីវេលាម៉ោង១១ និង៣០នាទីព្រឹក ថ្ងៃអាទិត្យ៤រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ ស្ថិតក្នុងភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ដោយមានប្រជាពលរដ្ឋល្អបានរាយការណ៍ប្រាប់ថា ទីតាំងខាងលេីកំពុងបេីកល្បែងបញ្ជល់មាន់ បាញ់អាប៉ោង និងមានមនុស្សទៅលេងយ៉ាងច្រេីន ទេីបលោកវរសេនីយ៍ឯក ម៉ៅ សឿត ដែលជាអធិការនគរបាលខណ្ឌច្បារអំពៅ បានបញ្ចាផ្ទាល់ឲ្យកម្លាំងនគរបាលព្រហ្មទណ្ឌចុះបង្ក្រាបភ្លាមៗតែម្ដង ។ ខណៈចុះប្រតិបត្តិការបង្ក្រាបនេះក្រុមអ្នកញៀនល្បែងឃើញទាន់ក៏បានរត់ចែកជេីងគ្នាបាត់អស់ ដោយបន្សល់ទុកតែមាន់ជល់និងម៉ូតូចោលនៅទីតាំងខាងលេី ។
ក្នុងប្រតិបត្តិការចុះបង្ក្រាបល្បែងសុីសងនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន ៖ មាន់ជល់៦ក្បាល ,ម៉ូតូ២គ្រឿង , គ្រាប់អាប៉ោង និងសម្ភារមួយចំនួនទៀត ត្រូវបានបញ្ចូនយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ រង់ចាំចាត់ចែងតាមនីតិវិធីបន្ត ៕ដោយ៖ ភារ៉ា ដង្កោ