តាំងពីដើមរៀងមកដល់សព្វថ្ងៃនេះ មានមនុស្សមួយចំនួនមានជំនឿលើអ្នកតារហូតមានការដុតធូបបន់ស្រន់ថ្វាយចំណីអាហារនំនែក ក្បាលជ្រូក មាន់ស្ងោរ និងមានពិធីដង្ហែអ្នកតាទៀតផងដើម្បីទទួលសេចក្តីសុខនិងរកស៊ីមានបាន។ ប៉ុន្តែអ្នកទាំងនោះមិនបានដឹងថា អ្នកតាមានប្រភពពីណានោះទេ។
តាមរឿងព្រេងមួយនេះ បង្ហាញថាអ្នកតាមានដើមកំណើតនៅប្រទេសចិន មុនប្រទេសទាំងអស់លើទ្វីប ។
រឿងដើមមានដូចតទៅក្នុងសម័យព្រេងនាយ មានបុរសជាអ្នកទីទ័លក្រពីរនាក់គឺ: ឪពុកនិងកូនប្រុសពេញកំលោះ អាស្រ័យក្នុងភូមិនិគមដ៏តូចមួយ តាំងនៅដាច់ស្រយាលពីរាជធានី ។ នៅនាវស្សន្តរដូវ បុរសឪពុកមានជំងឺយ៉ាងទម្ងន់ ក៏ទទួលអនិច្ចកម្មទៅ ទុកកូននៅកំព្រាតែម្នាក់ឯង ។ កូននោះគិតថា: អញមិនគួរយកខ្មោចឪពុកទៅបញ្ចុះជិតម៉ុងអ្នកមានធនធាននោះទេ ត្រូវតែយកទៅបញ្ចុះឲ្យឆ្ងាយពីគេ ព្រោះខ្លួនអ្នកទីទ័លក្រ គិតហើយទើបយកសពឪពុក ទៅបញ្ចុះក្បែរជើងភ្នំមួយឆ្ងាយ ។ លុះបញ្ចុះរួចហើយ ក៏លាខ្មោចឪពុកវិលមកប្រកបអាជីវកម្ម តាមធម្មតាវិញ ។ ដោយសេចក្ដីអាល័យឪពុកខ្លាំងពេក បុរសកម្សត់មិនអាចបំភ្លេចចោលម៉ុងឪពុកបាន តែងយកចំណីទៅសែនជូនជាញឹកញាប់ ។ គាប់ជួនថ្ងៃមួយ មានភ្លៀងបង្អុរចុះជាប់ មិនដាចគ្រាប់សោះ ចៅកម្សត់ក៏ស៊ូទ្រាំអត់បាយអត់ទឹក ដេកនៅជិតម៉ុងឪពុក មិនព្រមត្រឡប់ទៅលំនៅវិញ ។
ក្នុងរាត្រីដ៏ស្ងប់ស្ងាត់នោះ ពេលដែលចៅកម្សត់កំពុងនិន្ទ្រាលក់ស្កប់ស្កល់ ព្រលឹងខ្មោចឪពុកបានមកពន្យល់សប្ដិ និយាយនឹងកូន: “នែកូន! កូនឪពុក!… ម្ដេចក៏កូននៅតែស៊ូប្ដូរនឹងឪពុកដែលចែកឋានទៅហើយ? តើសព្វថ្ងៃនេះ កូនមានគោលបំណងយ៉ាងណាខ្លះ?” ព្រលឹងកូនក៏ឆ្លើយទៅវិញថា: “កូនគ្មានប្រាថ្នាអ្វីទេលោកឪពុក” លុះព្រលឹងឪពុក សួរបញ្ជាក់បី-បួនលើក ទើបព្រលឹងកូនឆ្លើយតបទៅវិញថា “ក្នុងជាតិនេះ កូនប្រាថ្នាចង់តែឲ្យបានជាធំជាងគេទាំងអស់ សូម្បីតែស្ដេច ឲ្យតែឃើញគឺត្រូវតែសំពះរូបកូន” ។ ព្រលឹងខ្មោចឪពុកបានប្រាប់ទៅព្រលឹងកូនវិញថា “បំណងកូនឯងនេះនឹងបានសម្រេចពិត ។ ថ្ងៃស្អែកនេះ កូនត្រូវក្រោកពីព្រលឹម ដើរចេញពីទីនោះទៅតាមផ្លូវខាងជើងភ្នំ កាលណាឃើញភ្នំបីជាប់រដឹក កូនត្រូវខំត្រាច់ឲ្យហួសទៅទៀត នោះកូននឹងឃើញផ្លូវលំមួយ នៅដើមផ្លូវនោះ មានឈើបីដើមធំៗ ហើយខ្ពស់ៗផុតឈើដទៃផង ។ នៅក្រោមព្រឹក្សានោះមានថ្មមួយផ្ទាំងខ្ពស់ភ្លឺរលោង ស្ថិតនៅខាងមុខថ្មទាំងពួង ដ៏មានវល្លិដុះព័ទ្ធដូចក្បាច់រចនា នោះគឺជាសិលាដ៏ពិសិដ្ឋសម្រាប់អ្នកមានបុណ្យ កាលបើបានទៅដល់ហើយ ចូរកូនឡើងអង្គុយលើថ្មនោះទៅ … ចូរកូនធ្វើតាមបណ្ដាំឪពុកនេះកុំខាន … ឪពុកលាកូនហើយ … ធ្វើតាមបណ្ដាំឪពុកនេះកុំខាន … ឪពុកលាកូនហើយ …” ។
លុះព្រឹកឡើង បុរសកម្សត់ ភ្ញាក់ពីដំណេក មានអាការញ័រអស់អង្គប្រាណ ជឿស៊ប់ក្នុងការយល់សប្ដិនោះ ប៉ុន្តែមិនទាន់យល់ការណ៍អាថ៌កំបាំងនៃសុបិននៅឡើយទេ ក៏សំពះលាម៉ុងខ្មោចឪពុកដើរចេញទៅដោយសង្ឃឹមថា បើបានសម្រេចដូចបំណងមែន នឹងវិលត្រឡប់មកធ្វើកិច្ចវន្ទនាតាមធម្មតាវិញ ។ បុរសកំលោះ ខំស្រូតកាត់ព្រៃលេចវាល ផុតវាលចូលព្រៃ អស់វេលា ៧យប់ ៧ថ្ងៃ ទើបបានឃើញដើមឈើធំខ្ពស់ៗ និងថ្មពិសិដ្ឋទំនងដូចពាក្យខ្មោចឪពុកបានផ្ដាំមែន ក៏ឡើងទៅអង្គុយលើថ្មនោះ តាមបណ្ដាំឪពុក ។ ខណៈនោះ រាងកាយបុរសកំលោះក៏ប្រែកាយមួយរំពេចទៅជាសិលារឹងកក្រោះគ្មានវិញ្ញាណ ។ ចាប់តាំងពីពេលនោះមក អ្នកតាកំលោះតែងបានទទួលនូវលាភសក្ការនិងវន្ទនាការអំពីជនានុជនគ្រប់ជាន់ថ្នាក់មែន ។ ការសែនព្រេនបន់ស្រន់ក៏មានចាប់តាំងពីពេលនោះរហូតមក ឯអ្នកតាសោតក៏ទើបនឹងមានរូបមួយប៉ុណ្ណោះ ។ (តាមយោបល់ខ្ញុំថា ដើមឡើយអ្នកតាកំលោះនេះ មិនមែនមានបំណងធ្វើជាអ្នកតាថ្មទេ គឺគ្នាប្រាថ្នាឲ្យតែបានមហេសក្ខភាព និង ឥស្សរភាពទេតើ?) ។ ថ្ងៃក្រោយមក គហបតីនៅជនបទនោះ បានរៀបចំជាក្បួនយ៉ាងឧឡារិក និងនាំកូនស្រីទៅកាន់ត្រកូលខាងប្ដី ដើម្បីរៀបអាពាហ៍ពិពាហ៍ ក៏ធ្វើដំណើរតាមផ្លូវនោះ ដោយពុំបានដឹងថាមានអ្នកតា ។ លុះមកដល់មុខអ្នកតាកំលោះៗបានឃើញរូបនាងស្រីនោះ មានសេចក្ដីប្រតិព័ទ្ធស្នេហា ក៏ឆក់យកមកដាក់លើថ្មមួយដុំជិតខ្លួន នាងក្រមុំក៏ប្រែកាយក្លាយខ្លួនជាថ្មដែររកផ្លូវកែមិនបាន ដោយមហិទ្ធិឫទ្ធិរបស់អ្នកតាកំលោះ ។
ចំណែកគហបតីជាឪពុក ក៏បន់ស្រន់អ្នកតាអស់ពេលដ៏យូរ ដើម្បីឲ្យកូនមានរូបរាងជាមនុស្សវិញ តែជាការឥតប្រយោជន៍សោះ ។ គហបតីមានសេចក្ដីក្ដៅក្រហាយ ព្រមជាមួយនឹងទុក្ខសោកជាខ្លាំង រកធ្វើប្រៀបពុំបានឡើយ គាត់ក៏តាំងចិត្តចងពៀរនឹងអ្នកតានោះវិញ ។ តមកគហបតីធ្លាក់ខ្លួនមានជំងឺយ៉ាងធ្ងន់ ដោយ
រោគក្អកធ្លាក់ឈាម ពេទ្យហ្មមិនអាចមើលជាឡើយ ។ មុននឹងធ្វើមរណកាលទៅ គាត់បានផ្ដាំប្រពន្ធថា កាលណាគាត់ស្លាប់ទៅ ត្រូវយកធ្យូង ៤ ដុំ ដាក់ក្នុងក្ដារមឈូសគ្រប់ជ្រុងទាំងបួនឲ្យគាត់កុំខាន ។ ដោយគាត់មានបំណងនឹងយកទៅដុតទីកន្លែងអ្នកតាឲ្យឆេះគ្រប់ទិសទាំងបួនទិស សងគំនុំចិត្តរបស់គាត់វិញ ។ ប្រពន្ធទទួលធ្វើតាមបណ្ដាំប្ដីទាំងអស់ ។
ថ្លែងពីអ្នកតាកំលោះ កាលបើបានដឹងរឿងថាខ្មោចគហបតីបម្រុងនឹងដុតខ្ទមដូច្នោះ ក៏និម្មិតខ្លួនជាមនុស្សចាស់ម្នាក់ ទៅនិយាយពន្យល់ប្រពន្ធគហបតីថា “លោកស្រី! លោកស្រីមិនត្រូវចេះតែធ្វើតាមបណ្ដាំប្ដី នាំឲ្យខុសទំនៀមទម្លាប់យ៉ាងនេះសោះ មិនដែលមាននរណាយកធ្យូងទៅដាក់ក្នុងមឈូសដាក់សពប្ដី ដូចលោកស្រីទេ” ។
ដោយសារពាក្យណែនាំនេះ ស្រីមេម៉ាយក៏ព្រមបន្ថយដកយកធ្យូងបីដុំចេញ ទុកឲ្យនៅសល់តែ ១ដុំ ព្រោះមុនពេលស្លាប់ប្ដីបានផ្ដាំយ៉ាងម៉ឹងម៉ាត់ណាស់ ។ រីឯខ្មោចគហបតីវិញ បានធ្យូង ១ដុំតូចនេះទៅដុតខ្ទមអ្នកតា១ជ្រុង ឆេះហុយទ្រលោមដូចបំណង ។ គតិក្នុងរឿងព្រេងនេះ: ព្រោះហេតុនោះហើយ ទើបចិនតែងដំណាលប្រាប់កូនចៅ រហូតមកដល់សព្វថ្ងៃនេះថា: ខ្ទមអ្នកតាចិនតែងស្រុត ១ជ្រុងជាដរាប ទោះបីស្ថាបនាដោយអ្វីក៏ដោយ ដូចមានន័យក្នុងរឿងខាងលើនេះស្រាប់ គឺដោយខ្មោចគហបតីនោះដុត ។
ពេលចូលរូប អ្នកតាតែងជិះកៀវនេះជាតំណាងដុំថ្មដែលគាត់ឡើងទៅអង្គុយ ហើយក្លាយរូបរាងទៅជាអ្នកតាថ្ម ឯអ្នកតាខ្មែរយើងក៏មានឥរិយាបថប្រហែលនឹងអ្នកតាចិនដែរ ប្រហែលជាក្លាយមកពីចិនទេដឹងជំនឿនេះ?
ទោះបីមានការប្រញាប់យ៉ាងណាក្ដី អ្នកតាចិនតែងតែប្រាប់អ្នកដែលមករកមើលជតារាសីថា “ចាំទៅសួរអ្នកតាធំសិន” គឺប្រហែលជាចាំទៅសួរខ្មោចឪពុកទេដឹង? ព្រោះឪពុកគាត់បានឲ្យឥស្សរភាពនេះមកគាត់ ។ ឯអ្នកតាធំមិនដឹងជានៅឯណាទេ?
ចិនកាន់ទំនៀមមួយជាប់រហូតមកដល់សព្វថ្ងៃ គឺមុនរៀបមង្គលការកូនប្រុស-ស្រី សាមីខ្លួនត្រូវតែទៅប៉ាយអ្នកតាជាមុនសិន ដើម្បីថ្លែងសេចក្ដីគោរពចំពោះអ្នកតា តែសេចក្ដីក្នុងរឿងនេះ ដែលកូនស្រីគហបតីក្លាយរូបទៅជាថ្ម ដោយសារតែអ្នកតាស្រឡាញ់ទេ មិនមែនខ្វះការគោរពចំពោះអ្នកតាទេ ។
ចិនគ្រប់ឋានៈ តែងកោតខ្លាចគោរពអ្នកតា មានចិនត្រង់ណា មានអ្នកតានៅត្រង់នោះ ។ ម៉្យាងទៀត អ្នកតានេះហើយដែលជាសរណៈមួយយ៉ាងខ្ពង់ខ្ពស់របស់ជាតិចិន ។ សេចក្ដីសន្និដ្ឋាន: បើយើងពិនិត្យតាមរឿងព្រេងនេះ អ្នកតាមានដើមកំណើតនៅប្រទេសចិន ហើយហូរហៀរចូលមកប្រទេសខ្មែរយើង ដោយសារមានជាតិចិន ចូលមករកស៊ីនៅប្រទេសយើងច្រើនទាំងទឹកដីស្រុកគេ ក៏កើតមុនស្រុកយើងច្រើនសតវត្សមកហើយដែរ ។ ខ្មែរយើងច្រើនបញ្ជាន់រូបមេមត់ ខ្មោច បិសាច ទេព្រឹក្ស អារក្ស ការបញ្ចូលរូបអ្នកតានេះធ្វើតាមជាតិគេទេដឹង? ព្រោះអារ្យធម៌ខ្មែរ និង ចិន មានការជាប់ទាក់ទងគ្នាយូរយារណាស់មកហើយ ។ ឯព្រហ្មញ្ញសាសនាវិញដែលចូលមកប្រទេសយើង មានតែការបន់ស្រន់ បួងសួង ច្រៀងរាំបូជាលាបំណន់តែប៉ុណ្ណោះ ដែលក្នុងសម័យព្រះពុទ្ធសាសនាយើងសព្វថ្ងៃនេះ យើងនៅតែឃើញមានពុទ្ធសាសនិកខ្លះ និយមថ្វាយស្លាធម៌ដូង អង្ស័ក កោរសក់ ថ្វាយចំពោះព្រះពុទ្ធរូបជាដើម ។
សេចក្ដីបញ្ជាក់ដោយឡែក : ទោះបីអ្នកតាខ្មែរក្ដី យួនក្ដី ចិនតែង គោរពទាំងអស់ ផ្ទុយទៅវិញខ្មែរយើងទេដែលមិនសូវគោរពអ្នកតាដែលជាតិចិនកសាង ខ្មែរទុកជាល្បែងមួយសម្រាប់កម្សាន្តទៅវិញ ៕
កែសម្រួលនិងស្រង់តាមរឿងព្រេងខ្មែរដោយ÷ចៅតាជេត