ខេត្តស្ទឹងត្រែង៖ ជនសង្ស័យពីរនាក់ ត្រូវកម្លាំងអធិការដ្ឋាននគរបាលស្រុក នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ធ្វើការឃាត់ខ្លួន នៅកន្លែងផ្សេងគ្នាក្រោយ
ធ្វើសកម្មភាពរក្សាទុក និងចែកចាយនូវសារធាតុញៀនខុសច្បាប់ ដោយម្នាក់ឃាត់ខ្លួននៅស្រុកសៀមប៉ាង ថ្ងៃទី៩ ខែឧសភានិងម្នាក់ទៀតឃាត់ខ្លួន នៅក្នុងក្រុងស្ទឹងត្រែង នាថ្ងៃទី១០
ខែឧសភា ឆ្នាំ២០២០នេះ ។
សមត្ថកិច្ចការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ត បានឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យម្នាក់មុនគេ ឈ្មោះបាង សុខគា ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិញ៉ាងស៊ុំ ឃុំសេកុង ស្រុកសៀមប៉ាង ដោយដកហូតបានវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីន ម្សៅថ្លាពណ៌ស(Ice) ចំនួន០៦កញ្ចប់តូច មានទម្ងន់ស្មើនិឹង១,៧៤ក្រាម នៅវេលាម៉ោង១៣និង០៥នាទី ក្នុងថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២០ ។
ក្រោយការសារភាពរបស់ជនសង្ស័យឈ្មោះបាង សុគា នៅចំពោះមុខសមត្ថកិច្ច នៅព្រឹកថ្ងៃទី១០ឧសភានេះ កម្លាំងសមត្ថកិច្ចជំនាញ បានបន្តទៅធ្វើការឆែកឆេរ លំនៅឋានឈ្មោះ សុខ ជីវិន ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរលក់ដូរ ស្ថិតនៅក្នុងភូមិហាងខូបាន សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ។ ក្នុងនោះដែរ សមត្ថកិច្ចរកឃើញវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីន(Ice)ចំនួន០២
កញ្ចប់បន្ថែមទៀតដែលមានទម្ងន់ ស្មើនិឹង៣,៦៧ក្រាមសមត្ថកិច្ចក៏ឈានទៅធ្វើការឃាត់ខ្លួន ជនសង្ស័យជាម្ចាស់ផ្ទះម្នាក់ទៀត មានឈ្មោះសុខ ជីវិន នេះតែម្តង ។
សមត្ថកិច្ច ការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគបាលខេត្ត បានបញ្ចាក់ថា ជនសង្ស័យ ឈ្មោះ សុខ ជីវិន គឺជាមុខសញ្ញាចាស់ សមត្ថកិច្ចធ្លាប់បានធ្វើការឡោមព័ទ្ធចំនួន០៣លើកមកហើយ តែមិនអាចបង្រ្កាបបាន ដោយជនល្មើសបានប្រើដ្រូនសម្រាប់ឃ្លាំមើលពីសកម្មភាពរបស់សមត្ថកិច្ចយើង ទើបធ្វើឲ្យសមត្ថកិច្ចមិនអាចបំបែកករណីនេះបាន។
ដោយផ្អែកទៅលើចម្លើយសារភាពរបស់បក្សពួកជនសង្ស័យខាងលើ ទើបសមត្ថកិច្ចឈានទៅដល់ឃាត់ខ្លួនជនសង្ស័យរូបនេះបន្តទៀត រួមនឹងវត្ថុតាងរក្សាទុកដើម្បីចែកចាយ។
បច្ចុប្បន្ន ជនសង្ស័យទាំងពីរនាក់ រួមនិឹងវត្ថុតាងបទល្មើសគ្រឿងញៀន កំពុងត្រូវបានសមត្ថកិច្ចជំនាញ នៃការិយាល័យប្រឆាំងគ្រឿងញៀនកសាងសំណុំរឿង បញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្ត ដើម្បីចាត់ការទៅតាមនិីតិវិធីច្បាប់ ៕
ដោយ៖មាស សុផាត