ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋ នៅស្រុកគាស់ក្រឡប្រឈមនឹងការខ្វះទឹកប្រើប្រាស់

ចែករំលែក៖

 

     ខេត្តបាត់ដំបង៖ អាជ្ញាធរបានជួយដឹកទឹកនិងអន្តរាគមន៍ នាំយកទឹកពីប្រភពផ្សេងៗ បានចែកទឹកនិង បូមឲ្យបានប្រើប្រាស់ ជូនប្រជាពលរដ្ឋប្រមាណ៥០០០គ្រួសារ គិតជាមនុស្សរាយចំនួនជាង២ម៉ឺននាក់ នៅក្នុងស្រុកគាស់ក្រឡ ដែលប្រឈមការខ្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃ ។

លោក ម៉ៅ សុចាន់ អភិបាលស្រុកគាស់ក្រឡ ប្រាប់ថា នៅ ស្រុកគាស់ក្រឡ មានឃុំចំនួន៦ ក្នុងនោះមានឃុំចំនួន៥ ពេលដល់រដូវប្រាំង តែងតែរងការខ្វះខាតទឹកប្រើប្រាស់ ក្នុងនោះមានឃុំហប់ ឃុំឆ្នាមាន់ ឃុំដូនបា ឃុំគាស់ក្រឡនិងឃុំព្រះផុស។ ក្នុងចំណោមនេះ ក៏មានឃុំពិបាក ក្នុងការនាំទឹកតាមប្រព័ន្ធប្រឡាយ ដើម្បីឲ្យពលរដ្ឋបានប្រើប្រាស់ គឺត្រូវតែបូមបន្ត ព្រោះតែឃុំទាំងនោះ នៅក្នុងតំបន់មានទួលខ្ពស់។ បញ្ហាខ្វះខាតទឹកនេះ ក្រៅពីការនាំទឹកពីប្រភពផ្សេងៗ ទៅតាមឃុំមួយចំនួន ក៏មានជីកស្រះធំៗបន្ថែម ដើម្បីមានទឹកទុកឲ្យពលរដ្ឋបានប្រើប្រាស់។ 

ជាក់ស្ដែងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្ដល់ជាអំណោយ ជីកស្រះទឹកដែលមានទទឹង ១០០ម៉ែត្រ បណ្ដោយ២០០ម៉ែត្រ ស្ថិតនៅឃុំព្រះផុស ដែលទឹកស្រះនេះ នឹងអាចជួយឲ្យពលរដ្ឋចំនួន ២ឃុំ ស្នើនឹង៧ភូមិ មានទឹកប្រើប្រាស់ ។

លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង ក្នុងឱកាសចុះពិនិត្យការជីកស្រះ អំណោយសម្ដេចក្រឡាហោម កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ បានជំរុញអាជ្ញាធរស្រុកគាស់ក្រឡ ពន្លឿនការជីកស្រះទឹក ឲ្យឆាប់បានចប់រួចរាល់ ដើម្បីជាប្រយោជន៍ដល់ពលរដ្ឋ ឆាប់បានប្រើប្រាស់ ប្រចាំថ្ងៃ កុំឲ្យពួកគាត់មានការលំបាកដូចសព្វដង។

គួរបញ្ជាក់ផងដែរថា ស្រុកគាស់ក្រឡ ជាស្រុកមួយក្នុងចំណោមក្រុងស្រុកទាំង១៤ របស់ខេត្តបាត់ដំបង តែងតែជួប បញ្ហាគ្រោះរាំងស្ងួតជាងគេ ធ្វើឲ្យពលរដ្ឋខ្វះខាតទឹកប្រើប្រាស់ ដំណាំស្រូវនិងដំណាំកសិកម្មផ្សេងៗ តែងជួបបញ្ហាខ្វះទឹកស្រោចស្រព ព្រោះស្រុកមួយនេះ ស្ថិតនៅខ្ពង់រាបខ្ពស់មានភ្នំច្រើន ប៉ុន្តែនៅដើមឆ្នាំនេះ ហាក់មានអំណោយផលគ្រាន់បើ ដោយទទួលបានដំណក់ទឹកភ្លៀងជាបន្តបន្ទាប់ តាមប្រឡាយទឹកនិងស្រះទឹកមួយចំនួន មានទឹកពេញ អាចឲ្យពលរដ្ឋបានប្រើប្រាស់គ្រប់គ្រាន់ ខណៈដែលសឹងតែរាល់ឆ្នាំ គឺមានការខ្វះខាតទឹក ត្រូវបានអាជ្ញាធរដឹកទឹកទៅចែកជូនតាមផ្ទះ ៕​ ​ដោយ៖នរិន្ទ្រ


ចែករំលែក៖