ខេត្តមណ្ឌលគិរី៖ ទន្ទឹមមានការចាប់អារម្មណ៍ខ្លាំងចំពោះ «រមណីយដ្ឋានសមុទ្រឈើ» លោក ថោង ខុន រដ្ឋមន្ត្រីទេសចរណ៍សាទរចំពោះការបង្កើតរមណីយដ្ឋានសមុទ្រឈើនៅខេត្តមណ្ឌលគិរី និងណែនាំឱ្យគិតគូរខ្ពស់ពីសុវត្ថិភាពសុខភាពក្នុងពេលមានកូវីដ-១៩។
នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០នេះ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍មានការចាប់អារម្មណ៍ខ្លាំងចំពោះ «រមណីយដ្ឋានសមុទ្រឈើ» ក្នុងពេលចុះត្រួតពិនិត្យស្ថានភាពវិស័យទេសចរណ៍នៅខេត្តមណ្ឌលគិរី ដែលកំពុងរៀបចំបង្កើតថ្មី ព្រមទាំងបានបង្ហាញការសាទរ និងណែនាំឱ្យមានការគិតគូរពីសុវត្ថិភាពសុខភាព ស្របពេលផ្ទៃក្នុងប្រទេសកំពុងបន្តវិធានការបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ-១៩។
លោកថ្លែងថា៖ អនាគតរមណីយដ្ឋានទេសចរណ៍ដ៏ធំមួយនេះ មានទីតាំងស្ថិតនៅភូមិឡៅកា សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខាងលិចបន្តិចពីកន្លែងទស្សនាទេសភាពសមុទ្រឈើ។
លោក ជុំ វីរៈ និងលោកស្រី សួន ច័ន្ទសម្ផស្ស ម្ចាស់រមណីយដ្ឋានសមុទ្រឈើនេះ បានបញ្ជាក់ឱ្យដឹងថា៖ រមណីយដ្ឋានទេសចរណ៍របស់ពួកគាត់មានផ្ទះស្នាក់ និងបន្ទប់ស្នាក់នៅជាច្រើនប្រភេទ មានទាំងផ្ទះស្នាក់លក្ខណៈគ្រួសារ ផ្ទះរចនាបទខ្មែរ ផ្ទះសម្រាប់គូស្នេហ៍ ឬគូស្វាមីភរិយា បឹងហ្កាឡូ វីឡា ផ្ទះឈើម៉ូតនៅមាត់អូរ និងផ្ទះសម្រាប់ដាក់តង់គេង ដែលអាចផ្ដល់នូវសេវាស្នាក់នៅជូនភ្ញៀវទេសចរប្រកបដោយការពេញចិត្ត ខណៈការងាររៀបចំនៅក្នុងរមណីយដ្ឋានទាំងមូលកំពុងមមាញឹក និងគិតគូរតាមស្ដង់ដាយ៉ាងយកចិត្តទុកដាក់។
ម្ចាស់រមណីយដ្ឋានបានបន្តថា៖ ក្រៅពីនេះ រមណីយដ្ឋានបាននិងកំពុងរៀបចំឱ្យមានសួនសត្វស្លាបចម្រុះ ដូចជា សត្វអូទ្រីស ឥន្ទ្រិយ៍ ក្ងោក (មយូរា) ជាដើម។
រីឯផលិតផលទេសចរណ៍ទូទៅវិញ គេក៏កំពុងរៀបចំឱ្យមានស្ពានសាងស្នេហ៍ សួនកម្សាន្តសម្រាប់កុមារ ហាងលក់កាហ្វេ-ភេសជ្ជៈដែលច្នៃធ្វើដោយឫស្សី ភោជនីយដ្ឋាន សាលប្រជុំ កន្លែងហាត់ប្រាណ កន្លែងស្ទីម-សូណា ស្កាយបារនៅជាន់លើបំផុត ផ្លូវសម្រាប់ជិះកង់ទេសចរណ៍ សួនបន្លែសម្រាប់ភ្ញៀវទេសចរចូលបេះ ឬកាត់ដោយខ្លួនឯងជាដើម។
រមណីយដ្ឋាននេះក៏បានអភិរក្សទុកនូវដើមឈើធំៗខ្ពស់ស្កឹមស្កៃ និងរៀបចំឱ្យមានរានសម្រាប់ភ្ញៀវទេសចរអង្គុយលេងកម្សាន្ត គយគន់ទេសភាពនៅក្រោមដើមឈើទាំងនោះផងដែរ។
ទន្ទឹមនឹងនោះ គេនឹងរៀបចំឱ្យមានកន្លែងហាត់យោគៈ (Yoga) បំប៉នសុខភាព ជាមួយនឹងការស្រង់ក្លែបក្លិនគន្ធាបុប្ផាព្រៃភ្នំកៀកស្និទ្ធនឹងធម្មជាតិ។ ភ្ញៀវទេសចរអាចគយគន់ទស្សនាទិដ្ឋភាពនាពេលអរុណោទ័យ និងរៀបអស្ដង្គតផងដែរ ទោះបីគេឈរនៅជ្រុងណាក៏អាចមើលឃើញស្អាតដែរ។
ចំណែកនៅរដូវវស្សាមានភ្លៀងធ្លាក់វិញ នៅតាមអូរមានទឹកអូរហូរជាថ្នាក់ៗចំនួន ៣ ថ្នាក់ ដែលបង្កើតឱ្យមានទេសភាពកាន់តែពិសេសជាចំណីចក្ខុដ៏ប្លែក ហើយក៏មានខ្យុះសម្រាប់អង្គុយលេង ទទួលទានអាហារ។
ចំពោះការបើកដំណើរការវិញ ម្ចាស់រមណីយដ្ឋានគ្រោងនឹងបើកដំណើរការទទួលភ្ញៀវទេសចរជាផ្លូវការ នាឱកាសឆ្លងឆ្នាំសាកល ២០២០ ឆ្លងចូល ២០២១ ខាងមុខ ខណៈដំណើរការរៀបចំកន្លែងនានាក៏កំពុងមមាញឹកផងដែរ។
សូមជម្រាបថា ក្រៅពីចូលទស្សនា និងណែនាំនូវគន្លឹះមួយចំនួនដល់ម្ចាស់រមណីយដ្ឋានសមុទ្រឈើនេះ លោក រដ្ឋមន្ត្រី ថោង ខុន ក៏បានអញ្ជើញទៅដល់រមណីយដ្ឋាន ហ៊ីលថប រីស៊ត (Hill top resort) ទីតាំងព្រលានយន្តហោះថ្មីនៅស្រុកអូររាំង កន្លែងទស្សនាសមុទ្រឈើ រមណីយដ្ឋានធម្មជាតិទឹកជ្រោះប៊ូស្រា៕
ដកស្រង់បន្ថែមពី(ទទក)