ភ្នំពេញ៖តារាចម្រៀងសំនៀងថ្នមជួន អមរិទ្ធ ធ្លាប់តាមរយៈការច្រៀងបទចម្រៀងមនោសញ្ចេតនា និងបទចម្រៀងមរតកដើមបានយ៉ាងពិរោះ ពិសេសក្នុងកម្មវិធីឆាកតន្ត្រីចុងសប្តាហ៍របស់ទូរទស្សន៍នានា។ ក្រោយបាត់មុខមួយរយៈពេលខ្លីតារារូបនេះគ្រោងបញ្ចេញស្នាដៃបទចម្រៀងថ្មីៗជាច្រើនដើម្បីបម្រើការកម្សាន្តរបស់អ្នកគាំទ្រ។
បទ “នឹកតែពេលត្រូវការ” គឺជាស្នាដៃបទចម្រៀងដែលតារារូបនេះទើបនឹងបញ្ចេញក្រោយពីស្ងាត់បាត់មុខមួយរយៈពេលខ្លី។ តារារូបនេះលើកឡើងថាកន្លងទៅបទចម្រៀងមួយនេះធ្លាប់បានច្រៀងរួមគ្នាជាមួយតារាចម្រៀងស្រីម្នាក់ ប៉ុន្តែពេលនេះលោកបានប្តូមកច្រៀងទោលវិញជាមួយស្នាដៃនៃការផលិតអមដោយការសម្តែងដែលរំពឹងថានឹងទទួលបានការពេញចិត្តពីទស្សនិកជន។ លោកថាក្រៅពីបទនេះលោកក៏បានច្រៀងឡើងវិញស្នាដៃបទចម្រៀងមរតកដើម ដែលជាប្រភេទបទចម្រៀងដែលលោកតែងតែនិយមច្រៀងកន្លងមកលើកញ្ចក់ទូរទស្សន៍នោះផងដែរ។ លោកថាលោកមានបទចម្រៀងថ្មីៗប្រមាណ៥បទទៀតដែលត្រៀមចេញផលិត ហើយក៏កំពុងសំឡឹងមើលរកទីតាំងទេសភាពដ៏ទាក់ទាញដើម្បីផលិតជាវីដេអូជូនទស្សនិកជនផងដែរ។
លោកថាការបាត់មុខមួយរយៈពេលខ្លីព្រោះតែត្រូវមើលការខុសត្រូវលើមុខរបសលក់ដូរមួយចំនួន ពិសេសហាងលក់សម្លៀកបំពាក់ កាបូបជាដើម ប៉ុន្តែកន្លងទៅលោកនៅតែទទួលបានឱកាសឡើងឆាកតន្ត្រីចុងសប្តាហ៍នានាដដែល ។
លោក រំពឹងដែរថា ស្នាដៃថ្មីៗនេះនឹងជួយបម្រើការកម្សាន្តអារម្មណ៍របស់អ្នកគាំទ្រ និងស្វាគមន៍ការវិលត្រឡប់មកជាថ្មីពេញមួយទំហឹងរបស់លោកផងដែរ៕ ដោយ៖វឌ្ឍនា