ខេត្តរតនគិរី៖ ក្មេងស្រីជនជាតិទំពួនម្នាក់ខណ:មានជំងឺប្រចាំកាយ(ឆ្កួតជ្រូក)ប្រកាច់បែកពពុះមាត់ស្លាប់កាលពីវេលាម៉ោង១និង០៥នាទីរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ ស្ថិតនៅភូមិសាយ៉ោះឃុំកាឡែង ស្រុកលំផាត់ ខេត្តរតនគិរី។
មន្ត្រីនគរបាលប៉ុស្តិ៍កាឡែងបានឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានពីលោក ក្លែ ផ្លោក ប្រជាការពារភូមិសាយ៉ោះថា កាលពីវេលាម៉ោង១២ និង២៣នាទីថ្ងៃត្រង់ថ្ងៃទី១០ ខែឧសភា ស្ថិតនៅក្នុងភូមិ/ឃុំកើតហេតុខាងលើ មានករណី មនុស្សដេកស្លាប់។
ជនរងគ្រោះឈ្មោះ ស្វីន សត្យា ភេទស្រី អាយុ២១ឆ្នាំ ជនជាតិទំពួន មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នភូមិ/ឃុំកើតហេតុខាងលើ។
មន្ត្រីនគរបាលប៉ុស្តិ៍កាឡែងបានបន្តថា បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងជំនាញ សហការជាមួយគ្រូពេទ្យ កម្លាំងប៉ុស្តិ៍ ក្រុមប្រឹក្សាឃុំ និងមេភូមិ ចុះទៅដល់កន្លែងកើតហេតុ បានធ្វើកោសល្យវិច័យសព រួចគ្រូពេទ្យបានសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារ ជំងឺប្រចាំកាយឆ្កួតជ្រូកប្រកាច់ស្លាប់តែម្តង ដោយពុំមានករណីឃាតកម្មនោះទេ។
ក្រោយពីសមត្ថកិច្ចបានធ្វើកោសល្យវិច័យសពរួចសព្វគ្រប់កម្លាំងប៉ុស្តិ៍និងគ្រូពេទ្យបានធ្វើកំណត់ហេតុប្រគល់សពជូនឪពុកម្តាយ នៃសពដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ៖នរិន្ទ្រ