ខេត្តដំបង៖ ថ្នាំញៀនពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកថ្លា ចំនួន ១៥ថង់មានទម្ងន់ជាង ១គីឡូក្រាម ត្រូវបាននគរបាលក្រុងបាត់ដំបង បង្ក្រាបនៅមូលដ្ឋានជាបន្ត បន្ទាប់ ដោយក្នុងនោះថែមទាំងបានឃាត់ខ្លួនជនសង្ស័យម្នាក់ផង។
ប្រតិបត្តិការបង្រ្កាបគ្រឿងញៀននេះប្រព្រឹត្តទៅកាលពីថ្ងៃ អាទិត្យ ទី១០ខែ ឧសភា ឆ្នាំ២០២០វេលាម៉ោង៤រសៀលនៅចំណុចក្រុមទី០៦ ភូមិវត្តគរ សង្កាត់ វត្តគរ ក្រុង-ខេត្តបាត់ដំបង។
មន្រ្តីនគរបាលបង្រ្កាបគ្រឿងញៀនខេត្តបាត់ដំបងបានឲ្យដឹងថា ប្រតិបត្តិការបង្រ្កាបគ្រឿងញៀននាពេលនេះធ្វើឡើងដោយអនុវត្តតាមមតិណែនាំរបស់លោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងតាមមតិណែនាំជំនាញ របស់លោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន និងលោកវរសេនីយ៍ឯក ឆាង វណ្ណឆៃ អធិការនគរបាលក្រុងបាត់ដំបង ជាអ្នកដឹកនាំកម្លាំងផ្នែកជំនាញ របស់អធិការដ្ឋានសហការជាមួយមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តគរចុះបង្រ្កាប។
ប្រភពដដែលបានឲ្យដឹងទៀតថាក្នុងការ ចុះប្រតិបត្តិការបង្ក្រាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន១ករណីនេះសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន១នាក់ ឈ្មោះ លី អ៊ីសា ហៅ ពាង ភេទប្រុសអាយុ ៣២ឆ្នាំ មានទីលំនៅ ភូមិណាកាឆាយ ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ស្នាក់នៅបណ្តោះអាសន្ន ក្រុមទី០៦ ភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង និងដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកថ្លា ចំនួន ១៥ថង់ (ធំ១១ថង់ តូច០៤ថង់) មានទម្ងន់ ១.០៣៤,២០ក្រាម ទាំងសម្បកជាសារធាតុញៀន ប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកកICE) ម្សៅពណ៌ប្រភេទកេតាមីនចំនួន ០១កូនថង់ សារធាតុរាវចំនួន៣កូនដបជាសារធាតុញៀន កូនជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនលក់ចំនួន១ ទូរស័ព្ទដៃចំនួន១គ្រឿង កូនកាបូបសម្រាប់ដាក់ប្រាក់ពណ៌ទឹកប៊ិចចំនួន១ ប្រាក់រៀលចំនួន៣០ម៉ឺនរៀល និងម៉ូតូចំនួន១គ្រឿង ម៉ាកអ៊ិចសេចទ័រ ពណ៌សលាយខ្មៅ គ្មានស្លាកលេខ ដែលមានលេខតួ និងលេខម៉ាស៊ីន៥៨៨៨១១។
ក្រោយពេលបង្រ្កាបបានជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងនគរបាលក្រុងបាត់ដំបង កសាងសំណុំរឿង បញ្ជូនមកការិយាល័យជំនាញ ចាត់ការតាមនីតិវិធីដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង៕ដោយ÷ប្រាថ្នា