ព័ត៌មានទាន់ហេតុការណ៍៖

វិចារណកថា ៖ ប្រហែសមិនបានទេកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ៖នៅក្នុងសន្និសីទកាសែតនាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ត្រូវនឹងថ្ងៃចន្ទ ៥ រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានប្រកាសឲ្យដឹងថា មិនមានករណីឆ្លងជំងឺកូវីដ-១៩ហើយក៏ពុំមានករណីជាសះស្បើយដែរខណៈអ្នកជំងឺកូវីដ-១៩បានជាសះស្បើយសរុបចំនួន១២០នាក់។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយក្រសួងសុខាភិបាលនៅតែបន្តទទូចអំពាវនាវឱ្យប្រជាពលរដ្ឋខិតខំយកចិត្តទុកថែរក្សាអនាម័យឱ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់រាជរដ្ឋាភិបាល ជាពិសេសក្រសួងសុខាភិបាល។បើទោះបីនៅកម្ពុជាមានសញ្ញាវិជ្ជមានយ៉ាងណាក៏ដោយក៏នៅលើពិភពលោកមិនឃើញមានការថមថយនោះទេអំពីបញ្ហាជំងឺកូវីដ-១៩នេះ។

គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃចន្ទ ទី១១ ខែឧសភា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩នៅទូទាំងពិភពលោក បានកើនឡើងដល់ ៤,១៧៩,៨៥៨ករណីហើយ។ក្នុងនោះមានអ្នកស្លាប់ចំនួន ២៨៣,៨៥០នាក់ និងជាសះស្បើយឡើងវិញ ១,៤៩០,៥៣៥នាក់។យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺកូវីដ-១៩ ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ១,៣៦៧,៣៩៧នាក់ ស្លាប់ចំនួន ៨០,៧៧៤នាក់ និងជាសះស្បើយចំនួន ២៥៦,២៨២នាក់។

រីឯនៅប្រទេសជប៉ុនគ្រែសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ក្នុងទីក្រុងតូក្យូ គឺកំពុងប្រឈមការខ្វះ ខណៈប្រមាណជាង ៩០% នៃគ្រែសរុបទាំងអស់ បានពេញដោយអ្នកជំងឺ។ នេះជាការអះអាងពីក្រសួងសុខាភិបាលជប៉ុន។គ្រែសម្រាប់ព្យាបាលកូវីដ -១៩ សរុប ១.៨៣២នាក់ ក្នុងចំណោមគ្រែសរុប ២.០០០កន្លែង ស្មើនឹង ៩១,៦% ត្រូវគេប្រើសម្រាប់ព្យាបាលអ្នកជំងឺ នាំឲ្យទីក្រុងសេដ្ឋកិច្ច នយោបាយ និងទេសចរណ៍ដ៏សំខាន់របស់ជប៉ុនមួយនេះ កំពុងប្រឈមខ្វះខាតគ្រែសម្រាប់ទទួលអ្នកជំងឺថ្មីៗ ជំរុញឱ្យរដ្ឋាភិបាលក្រុងតូក្យូត្រូវតែពង្រីកគ្រែព្យាបាលប្រមាណ ៤ពាន់បន្ថែមទៀត ដើម្បីត្រៀមការឆ្លងរាតត្បាតករណីថ្មីដែល អាចផ្ទុះឡើងគ្រប់ពេលវេលា។ ថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters មន្ត្រី ក្រសួងសុខាភិបាលជប៉ុន លើកឡើងថា ករណីផ្ទុះការរាតត្បាតជំងឺកូវីដ- ១៩ នឹងអាចកើតមានគ្រប់ពេលវេលា វាចាំបាច់ណាស់ ត្រូវត្រៀមគ្រែសម្រាកព្យាបាលឲ្យបានរួចរាល់ ដើម្បីឆ្លើយតបទៅនឹងចំនួនអ្នកឆ្លងដែលកើនឡើងយ៉ាងគំហុកក្នុងទីក្រុង។យោងតាមទូរទស្សន៍រដ្ឋជប៉ុន NHK គិតត្រឹមថ្ងៃអាទិត្យកន្លងទៅ ពលរដ្ឋជប៉ុនយ៉ាងហោចណាស់ ១៦. ០០០នាក់ បានឆ្លងជំងឺកូវីដ -១៩ ក្នុងនោះប្រមាណ ៥ .០០០នាក់ជាពលរដ្ឋក្នុងទីក្រុងតូក្យូ។ 

ងាកមកមើលតំបន់អាស៊ីយើងវិញនិយាយឱ្យចំប្រទេស សិង្ហបុរី ប្រទេសនេះ បានប្រកាសពីការរកឃើញករណីឆ្លងថ្មីៗនៃជំងឺ កូវីដ-១៩ ចំនួន ៨៧៦ករណីបន្ថែមទៀត ដែលប្រការនេះបាននាំឲ្យចំនួនករណីឆ្លងសរុប នៅក្នុងប្រទេសអាស៊ានមួយនេះកើនដល់ ២៣,៣៣៦ករណី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នារសៀលថ្ងៃអាទិត្យ ទី១០ ខែឧសភា ឆ្នាំ២០២០។បើតាមការបញ្ជាក់របស់ក្រសួងសុខាភិបាលសិង្ហបុរី ភាគច្រើននៃករណីឆ្លងថ្មីទាំងនេះ គឺជាពលករកាន់បណ្ណការងាររយៈពេលវែង ដែលកំពុងរស់នៅតាមអគារស្នាក់នៅ សម្រាប់ពលករបរទេសក្នុងប្រទេសដីកោះតូចមួយនេះ ហើយក្នុងនោះមានតែ ០៣ករណីប៉ុណ្ណោះ ដែលជាប្រជាជនសិង្ហបុរីផ្ទាល់ ឬក៏ជាអ្នកមានទីលំនៅអចិន្ត្រៃយ៍។ ក្នុងចំណោមករណីឆ្លងសរុបទាំងអស់ចំនួន ២៣,៣៣៦ករណីខាងលើនេះ មានអ្នកជំងឺចំនួន ២០នាក់ បានស្លាប់បាត់បង់ជីវិត ខណៈ២,២៩៦នាក់បានជាសះស្បើយឡើងវិញ។ សិង្ហបុរីនៅតែជាប្រទេសដែលមានចំនួនអ្នកឆ្លងជំងឺ COVID-19 ច្រើនជាងគេបំផុត ក្នុងចំណោមប្រទេសអាស៊ានទាំង ១០ ប៉ុន្តែសម្រាប់ករណីស្លាប់វិញ គឺស្ថិតក្នុងកម្រិតទាប។

ផ្ទុយពីនេះបណ្តាប្រទេសជិតខាងកម្ពុជាយើងដូចជា វៀតណាម ឡាវ ថៃ  ស្ថានភាពជំងឺកូវីដ-១៩ហាក់ដូចជានៅទ្រឹង។ក្រសួងសុខាភិបាលវៀតណាម បានបញ្ជាក់ថាចំនួនអ្នកឆ្លងសរុបរបស់ប្រទេសនេះមាន២៨៨ នាក់ តែជាសះស្បើយវិញបាន២៤១ នាក់ ហើយ ៤៧នាក់ទៀតបានធ្វើតេស្តពីរដងនិងរង់ចាំបញ្ជាក់ថាជាសះពិតមែន។ប្រទេសវៀតណាមមានប្រជាជនជាង ១១.០០០ នាក់ដែលនៅដាច់ដោយឡែកពីគ្នារាប់បញ្ចូលទាំងអ្នកដែលទើបនឹងបានវិលត្រឡប់មកពីបរទេសនិងអ្នកដែលបានទាក់ទងជាមួយជនភៀសខ្លួន។ ក្នុងចំណោមនោះ ១៨០នាក់ ត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកក្នុងមន្ទីរពេទ្យ ៦.០០០នាក់កំពុងស្នាក់នៅជំរំកណ្តាលដើម្បីតាមដាន។ប្រទេសវៀតណាមបាននាំយកពលរដ្ឋ ២៧៦ នាក់មកពីប្រទេសកាណាដាដែលជាចំណុចក្តៅ Covid-19ធំជាងគេទីបីនៅទ្វីបអាមេរិកបន្ទាប់ពីសហរដ្ឋអាមេរិកនិងប្រេស៊ីលតាមជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍វៀតណាមអ៊ែរឡាញ ៕

ប្រធានាធិបតីកូរ៉េខាងត្បូងអំពាវនាវដល់ពលរដ្ឋបន្តប្រុងប្រយ័ត្នចំពោះកូវីដ-១៩ 

កូរ៉េខាងត្បូង៖ លោក មូន ជេអុីន បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់នៅក្នុងប្រទេសបន្តប្រុងប្រយ័ត្នខ្ពស់ ចំពោះរីរុសកូវីដ-១៩ ខណៈប្រទេសមួយនេះ គិតត្រឹមថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ មានចំនួនអ្នកឆ្លងបានកើនឡើងក្នុងតួលេខខ្ពស់រហូតដល់៣៤ករណីថ្មី នេះបើតាមសារព័ត៌មានយ៉ុនហាប់ របស់កូរ៉េខាងត្បូង។បើតាមប្រភពបានបញ្ជាក់ថា មូលហេតុនៃការរីករាលដាលវីរុសកូវីដ-១៩ ខ្លាំងបែបនេះ គឺមកពីករណីនៃការឆ្លងជាចង្កោមនៅក្នុងបណ្តាក្លិបកម្សាន្តមួយចំនួននៃទីក្រុងសេអ៊ូល ដែលនៅតែបន្តបើកដំណើរការយ៉ាងគឃ្លើន។ ស្របពេលជាមួយគ្នានោះដែរ  អាជ្ញាធរក្រុងសេអ៊ូលបានបញ្ជាឲ្យបិទក្លិបកម្សាន្ត និងរង្គសាលទាំងអស់ ដើម្បីទប់ស្កាត់ការរីករាលដាលជាចង្កោមនោះ។សូមបញ្ជាក់ថា គិតមកត្រឹមថ្ងៃនេះ កូរ៉េខាងត្បូង មានអ្នកឆ្លងកូវីដ-១៩ ទូទាំងប្រទេសកើនដល់ចំនួន ១០,៨៧៤នាក់ ក្នុងនោះអ្នកជំងឺស្លាប់ចំនួន២៥៦នាក់ និងអ្នកជាសះស្បើយចំនួន៩,៦១០នាក់។

នៅកម្ពុជាប្រជាពលរដ្ឋយើងហាក់ដូចជាកំពុងភ្លេចខ្លួនខ្លះៗហើយអំពីបញ្ហាជំងឺកូវីដ-១៩នេះ។ ជាថ្មីម្តងទៀតក្រសួងសុខាភិបាលលោករដ្ឋមន្ត្រីម៉ម  ប៊ុនហេង នៅតែសម្តែងការព្រួយបារម្ភអំពីការដែលអាចផ្ទុះឡើងសាជាថ្មីអំពីជំងឺនេះដូច្នេះហើយទើបលោកអំពាវនាវម្តងហើយម្តងទៀតឱ្យប្រជាពលរដ្ឋយកចិត្តទុកដាក់ថែរក្សាអនាម័យឱ្យបានខ្ជាប់ខ្ជួនដើម្បីជៀសឱ្យផុតអំពីជំងឺកូវីដ-១៩នេះ។  ជាមួយគ្នានេះដែរ សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជាក៏នៅតែអំពាវនាវឱ្យប្រជាពលរដ្ឋយកចិត្តទុកដាក់ថែរក្សាសុខភាពឱ្យល្អប្រសើរ៕ដោយ៖ ហេង សូរិយា


ចែករំលែក៖